(យូថា, អាមេរិក)៖ គណៈកម្មាធិការសាខាគណបក្សប្រជាជនកម្ពុជា និងក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋយូថា សហរដ្ឋអាមេរិក នៅរសៀលថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានរៀបចំប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤) ក្រោមបរិយាកាសប្រកបដោយភាពសប្បាយរីករាយ អធិកអធម និងសាមគ្គីភាព។

អង្គពិធីនេះត្រូវបានប្រព្រឹត្តិទៅទីក្រុងសលឡេក រដ្ឋយូថា សហរដ្ឋអាមេរិក ក្រោមការចូលរួមជាអធិបតី លោក សេង សេដ្ឋា ប្រធានគណៈកម្មាធិការសាខាគណបក្សប្រចាំរដ្ឋយូថា, លោក ឌី ដេត ប្រធានក្រុមការងារយុវជនគណបក្សប្រចាំរដ្ឋយូថា លោក លោកស្រី ជាថ្នាក់ដឹកនាំ សមាជិក សមាជិកា គណបក្សប្រចាំរដ្ឋយូថា ព្រមទាំងភ្ញៀវកិត្តិយសសរុបមានចំនួន ១៦០ នាក់។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ លោក សេង សេដ្ឋា ប្រធានសាខាបក្ស ក៏បានសម្តែងនូវមតិសំណេះសំណាល ព្រមទាំងបានអានសុន្ទរកថាទាំងស្រុងរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភាថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍ លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ជូនទៅកាន់អង្គពិធីទាំងមូលផងដែរ។

ឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនេះ លោក សេង សេដ្ឋា ប្រធានគណកម្មាធិការសាខាគណបក្ស និងលោក ឌី ដេត ប្រធានក្រុមការងារយុវជនគណបក្ស ក៏បានសម្តែងនូវអំណរគុណ ការកោតសរសើរ និងការដឹងគុណចំពោះ លោក ស សេរីវិចិត្រ ប្រធានក្រុមការងារប្រចាំតំបន់ឆ្នេរខាងលិច សហរដ្ឋអាមេរិក និងលោក មិក សាផាណារេត ប្រធានក្រុមការងារទទួលបន្ទុករដ្ឋយូថា ដែលជានិច្ចកាលតែងតែជួយឧបត្ថម្ភទំនុកបម្រុង និងយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូន សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជានៅរដ្ឋយូថា សហរដ្ឋអាមេរិក៕