(ភ្នំពេញ)៖ សហភាពពលកម្មជាតិកម្ពុជា តំណាងឱ្យកម្មករនិយោជិតជាង៧ម៉ឺននាក់ នៅព្រឹកថ្ងៃទី៣០ ខែមិថុនានេះ បានដាក់ពាក្យប្តឹង មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សកម្ពុជា ហៅថា «សង់ត្រាល់» ទៅក្រសួងមាហាផ្ទៃ ថាអង្គការនេះចេញរបាយការណ៍ញុះញង់ បង្កាច់បង្អួច បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ។

លោក តែប តុន ប្រធានសហព័ន្ធសហជីពអភិវឌ្ឍន៍កម្មករ និងជាអនុប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា របាយការណ៍សង់ត្រាល់ កាលពីថ្ងៃទី៤ ខែមិថុនា មានចំណងជើងថា «របាយការណ៍ឧបសគ្គរារាំង ភាពជាតំណាង ស្ដីពីសេរីភាពសហជីពក្នុងប្រទេសកម្ពុជា» មានចំនួន១២ទំព័រនោះ គឺជាបាយការណ៍ដែលគ្មានវិជ្ជាជីវៈត្រឹមត្រូវ មានខ្លឹមសារ ញុះញុង ឱ្យមានការរើសអើង លាបពណ៌ធ្វើឱ្យមានការបែកបាក់ធ្ងន់ធ្ងរ។

លោកថ្លែងថា៖«យើងគិតថារបាយការណ៍របស់សង់ត្រាល់ មានលក្ខណៈបែបប្រឆាំងមកលើរដ្ឋាភិបាល។យើងឃើញហើយថា របាយការណ៍របស់អង្គការ ILO-BFC គឺឆ្លុះបញ្ចាំងឃើញថា កម្ពុជាយើងមានសេរីភាពសហជីព ហើយមានការអភិវឌ្ឍ មានវឌ្ឍនភាពរីកចម្រើន។ តែផ្ទុយទៅវិញអង្គការសង់ត្រាល់ បែរជាធ្វើជារបាយការណ៍មួយថា សហជីពនៅកម្ពុជាមិនមានសេរីភាពគ្រប់គ្រាន់ អ៊ិចឹងវាផ្អុយពីរបាយការណ៍របស់ ILO អ៊ីចឹងហើយបានជាពួកយើងកើតទុក្ខមិនសុខចិត្តទេ។»

លោកអនុប្រធានសហភាពពលកម្មជាតិកម្ពុជា ប្រាប់ថា ក្នុងការដាក់ពាក្យប្តឹងនេះដែរ សហភាពបានស្នើសុំ ក្រសួងមហាផ្ទៃដើម្បី ជួយពន្លឿនបើកការសើបអង្កេត និងមានចំណាត់តាមការផ្លូវច្បាប់ចំពោះអង្គការ សង់ត្រាល់ បន្ថែមទៀត រកឱ្យឃើញថា តើអង្គការនេះមានអ្នកណាខ្លះជាខ្នងបង្អែក ហើយមានប្រភពចំណូលដូចម្តេច ព្រោះរបាយការណ៍អង្គការនេះ មិនតំណាងឱ្យកម្មករនិយោជិតទាំងមូលនៅកម្ពុជាទេ។ លោកបញ្ជាក់ថា សង់ត្រាល់ប្រមូលព័ត៌មាន តែជាមួយសហជីពគូកនរបស់ខ្លួន ដើម្បីធ្វើរបាយការណ៍ ហើយលើកថាខ្លួនឯងឯករាជ្យ ចោទប្រកាន់សហជីពស្របច្បាប់ដទៃទៀត ថាមិនឯករាជ្យ។

មិនតែប៉ុណ្ណោះ លោកបន្ថែមថា របាយការណ៍ របស់អង្គការសង់ត្រាល់ មិនបានឆ្លុះបញ្ចាំងពីការពិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរសម្លៀក បំពាក់ ផលិតផលស្បែកជើង កាបូប និងវិស័យផ្សេងៗទៀតនោះឡើយ។ តែផ្ទុយទៅវិញរបាយការណ៍នេះបានបង្ហាញអំពី ចរិតនយោបាយ បន្ទុចបង្អាក់ បង្កាច់បង្អួច បំភ្លៃការពិត បំផ្លាញមុខមាត់ប្រទេសជាតិលើឆាកអន្តរជាតិ ប៉ះពាល់សេដ្ឋ កិច្ចជាតិ សេដ្ឋកិច្ចប្រជាពលរដ្ឋ និងកម្មករនិយោជិត តាមបង្គាប់បញ្ញាបរទេសដែលជាម្ចាស់ជំនួយ៕