(កំពត)៖ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកផលិតកម្ម ហ្គាឡាក់ស៊ី ណាវ៉ាត្រា (Galaxy Navatra) បានចាត់តំណាងផលិតកម្ម ដឹកនាំដោយ លោក ជា លីសែ កាលពីថ្ងៃទី២៩ ខែមិថុនា អញ្ជើញចូលរួមក្នុងពិធីបុណ្យឈាបនកិច្ចលោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ មរតកមនុស្សរស់ដែលកំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនានៅគេហដ្ឋាននាភូមិដូង ឃុំស្វាយទងខាងជើង ស្រុកកំពង់ត្រាច ខេត្តកំពត។ ក្នុងបរិយកាសដ៏ក្រៀមក្រំនេះ អ្នកឧកញ៉ា ព្រមទាំងបុគ្គលិកនៃផលិតកម្ម បានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ និងក្តីសង្វេគជាពន្លឹកជាមួយឧបាសិកា តាត់ ឆេន ព្រមទាំងក្រុមគ្រួសារនៃសពរបស់ព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ មរណភាពលោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ គឺជាការបាត់បង់ធនធានមនុស្សផ្នែកចាប៉ីដងវែងដ៏កម្រ ប្រកបដោយសមត្ថភាព ទេពកោសល្យ ដែលបានលះបង់ពេញមួយជីវិតក្នុងការលើកកម្ពស់វិស័យសិល្បៈវប្បធម៌ជាតិរហូតល្បីសុះសាយពាសពេញសកលលោក។ សារជាថ្មីម្ដងទៀត អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា សូមចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំបំផុតនេះជាមួយឧបាសិកា តាត់ ឆេន ព្រមទាំងក្រុមគ្រួសារ និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់លោកព្រឹទ្ធាចារ្យកោសល្យវោហារសូមបានទៅសោយសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជម្រាបថា លោកតាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ បានទទួលមរណភាពនៅថ្ងៃសុក្រ ៧រោច ខែជេស្ន ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤៥នាទីរសៀល ក្នុងជន្មាយុ ៨០ឆ្នាំ ដោយរោគាពាធ៕