(ភ្នំពេញ)៖ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាកម្ពុជា បំពេញទស្សកិច្ចផ្លូវការនិងមិត្តភាពនៅព្រះរាជាណាចក្រថៃ ពីថ្ងៃទី១១ដល់ថ្ងៃទី១២ ខែកក្កដាខាងមុខនេះ តបតាមការអញ្ជើញ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា (Wan Muhamad Noor Matha)ប្រធានរដ្ឋសភានិងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកបន្ថែមទៀតនូវចំណងមិត្តភាពកិច្ចសហប្រតិត្តិការជាប្រពៃណី និងភាពជាដៃគូយុទ្ធសាស្ត្រ រវាងប្រទេសទំាងពីរ ជាពិសេសដើម្បីលើកម្ពស់កិច្ចសហប្រតិបត្តិការស្ថាប័ននីតិប្បញ្ញត្តិប្រទេសទំាងពីរឱ្យកាន់តែស៊ីជម្រៅនិងគ្រប់ជ្រុងជ្រោយឡើង។

ក្នុងដំណើរទស្សនកិច្ចនៅប្រទេសថៃ សម្តេចប្រធានរដ្ឋសភាគ្រោងនឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រថៃ ជួបសម្តែងការគួរសមជាមួយប្រធានព្រឹទ្ធសភាថៃ ឯកឧត្តមនាយករដ្ឋមន្រ្តី និងជួបពិភាក្សាការងារទ្វេភាគីជាមួយសមភាគី ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័ ម៉ៈថា ប្រធានរដ្ឋសភានិងជាប្រធានសភាតំណាងរាស្រ្តថៃ ដើម្បីពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសភាប្រទេសទំាងពីរទំាងក្នុងក្របខណ្ឌទ្វេភាគី និងពហុភាគី។ ជាការកត់សម្គាល់ទំនាក់ទំនងរវាងស្ថាប័ននីតិប្បញត្តិកម្ពុជា-ថៃ បានឈានដល់ចំណុចខ្ពស់ នៅក្នុងការបម្រើផលប្រយោជន៍នៃប្រទេសទំាងពីរ។

ប្រធានរដ្ឋសភាប្រទេសទំាងពីរគ្រោងចុះហត្ថលេខារួមគ្នា លើការកែសម្រួលអនុស្សារណៈនៃការយោគយល់គ្នារវាងរដ្ឋសភាប្រទេសទំាងពីរឱ្យស្របតាមសភាពការណ៍ជាក់ស្តែងក្នុងការឆ្លើយតបឱ្យមានប្រសិទ្ធនិងប្រសិទ្ធផលកាន់តែច្រើនឡើង ក្នុងការបម្រើផលប្រយោជន៍ដល់ប្រជាជននៃប្រទេសទំាងពីរ ដោយហេតុថាអនុស្សារណៈនៃការយោគយល់គ្នានៃរដ្ឋសភាប្រទេសទំាងពីរ បានព្រមព្រៀងគ្នាតំាងតែពីឆ្នាំ២០០៧មកម្ល៉េះ។

នៅក្នុងដំណើរទស្សនកិច្ចនេះ សម្តេចប្រធានរដ្ឋសភាក៏គ្រោងនឹងបំពេញទស្សនកិច្ចនៅតំបន់ប្រវត្តិសាស្រ្តមួយចំនួនរបស់ប្រទេសថៃ នៅក្នុងការលើកកម្ពស់និងផ្លាស់ប្តូរបទពិសោធន៍នៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍រវាងប្រទេសទំាងផងដែរ។

សូមជម្រាបថានៅក្នុងនីតិកាលទី៧នៃរដ្ឋសភានេះ ថ្នាក់ដឹកនាំកម្ពុជានិងថៃ ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិបានផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមកជាបន្តបន្ទាប់ នៅក្នុងនោះមានឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពីចុងឆ្នាំ២០២៣ ហើយ ឯកឧត្តម វ៉ាន់មូហាម៉ាត់ ណ័រ ម៉ៈថា បានបំពេញទស្សនកិច្ចនៅកម្ពុជាកាលពី ខែមីនាឆ្នាំ២០២៤ ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក៏បានបំពេញទស្សនកិច្ចនៅប្រទេសថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ កន្លងមកថ្មីៗ នេះផងដែរ៕