(អាមេរិក)៖ លោក កែវ វ៉ាន្នី អនុប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់ឆ្នេរខាងលិច និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក បានអំពាវដល់ប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក ឲ្យចូលរួមគាំទ្រ និងប្រេីប្រាស់ CoolApp ដែលបង្កេីតឡេីងដោយស្មាដៃកូនខ្មែរ។

ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសនៃការរៀបចំកម្មវិធី អបអរសាទរខួបអនុស្សាវរីយ៍លេីកទី៧៣ ថ្ងៃបង្កេីតគណបក្សប្រជាជនកម្ពុជា នៅទីក្រុងឡុងបិច រដ្ឋកាលីហ្វញ៉ា សហរដ្ឋអាមេរិក នាល្ងាចថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ ដែលមានប្រជាពលរដ្ឋខ្មែរចូលរួមប្រមាណជា ៥៥០នាក់។

CoolApp ជាបណ្តាញទំនាក់ទំនងសង្គមឈែត (Chat) លើកដំបូងរបស់កម្ពុជា ដែលមានលក្ខណៈស្តង់ដារបរទេសដូច Telegram និង WhatsApp បច្ចុប្បន្នបានដាក់ដំណើរការនៅលើ App Store និង Play Store ហើយ។
CoolApp មានលក្ខណៈស្តង់ដារដូចអន្តរជាតិ ធ្វើឡើងដោយក្រុមជំនួញបច្ចេកទេសខ្មែរជាច្រើននាក់ ដែលជាអ្នកជំនាញផ្នែកបច្ចេកវិទ្យា IT។ កម្មវិធីទំនាក់ទំនងឆាត CoolApp នេះបានចំណាយពេលជាង៣ឆ្នាំមកហើយ ចាប់តាំងពីឆ្នាំ២០២១ មកដល់ឆ្នាំ២០២៤នេះ ដែលទើបចេញរូបរាងនៅពេលនេះ។

CoolApp មានមុខងារជាច្រើនរួមមាន Chat និង Call និង Video Call ដោយប្រើប្រាស់តាមស្តង់ដារអន្តរជាតិ ទិន្នន័យ Data និង Call ស្ថិតក្នុងលក្ខណៈ Encryption និងសុវត្ថិភាពទាំងអស់ ដោយប្រើប្រាស់ប្រព័ន្ធ Internet Local (Dix) ដែលធ្វើឲ្យ Call ស្តាប់សំឡេងច្បាស់ និង Chat ផ្ញើរូបភាព វិដេអូ មានភាពរហ័ស ព្រោះ Internet មិនចេញទៅក្រៅប្រទេស។

លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយក CoolApp បានឲ្យដឹងថា កម្មវិធី CoolApp ត្រូវបានទាញយកយ៉ាងច្រើនជិត២០ម៉ឺននាក់ហើយ ខណៈ CoolApp មិនតាមដាន មិនប្រមូល ឬរក្សាទុកទិន្នន័យអ្នកប្រើប្រាស់នោះឡើយ។ លោកអះអាងថា CoolApp ប្រើប្រាស់មុខងារ end-to-end encryption ដើម្បីធានាថាទិន្នន័យ និងការហៅចេញមានសុវត្ថិភាពបំផុត។

សូមជម្រាបថា នៅតំបន់អាស៊ាន មានតែប្រទេសចំនួន ២ទេ ដែលមានបណ្តាញទំនាក់ទំនងសង្គម Chat ផ្ទាល់ខ្លួន គឺវៀតណាម មានកម្មវិធី Zalo និងកម្ពុជា មានកម្មវិធី CoolApp ខណៈឡាវមានកម្មវិធីផ្ញើសារ G-Chat របស់ខ្លួនដែរ តែមិនទូលំទូលាយសម្រាប់ប្រជាពលរដ្ឋ ពោលសម្រាប់តែមន្រ្តីរាជការប៉ុណ្ណោះ៕
បណ្តាញទំនាក់ទំនងសង្គម CoolApp ជាមោទនភាពរបស់ជាតិយើង ដែលជា កម្មវិធីដំបូងជារបស់ខ្មែរ និងប្រើប្រាស់ក្នុងដែនសុវត្ថិភាពរបស់ខ្មែរ៕