(ភ្នំពេញ)៖ ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ»។ នេះបើតាមសេចក្សីប្រកាសព័ត៌មានរបស់ក្រសួងទេសចរណ៍។

ការចេញសេចក្ដីប្រកាសព័ត៌មាននេះ គឺបន្ទាប់ពីមានសេចក្តីសម្រេចលេខ ១២៤ សសរ ចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានតែងតាំងសមាសភាពក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា។

ការតែងតាំងសមាសភាពនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលបានដាក់ចេញអនុក្រឹត្យ ស្តីពីការកែសម្រួលក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា កាលពីថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងគោលបំណងជំរុញកិច្ចសហប្រតិបតិ្តការភាពជាដៃគូរវាងផ្នែកសាធារណៈ និងផ្នែកឯកជន ក្នុងការសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិដោយឈរលើគោលការណ៍រួមគិត រួមធ្វើ និងឆន្ទៈម្ចាស់ការ។

សមាសភាពក្រុមប្រឹក្សាភិបាលនេះមានតំណាងមកពីស្ថាប័នសាធារណៈសំខាន់ៗចំនួន ៨ ដែលមានរដ្ឋមន្ត្រីក្រសួងទេសចរណ៍ ជាប្រធាន និងតំណាងពីផ្នែកឯកជនចំនួន៧ស្ថាប័ន ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍កម្ពុជា។ ម្យ៉ាងទៀត សមាសភាពដែលមានលក្ខណៈចម្រុះទាំង១៥ស្ថាប័ននេះ បានបង្ហាញពីការគិតគូរគ្រប់ជ្រុងជ្រោយ និងការចូលរួមយ៉ាងពេញលេញក្នុងការពង្រឹងភាពជាដៃគូនិងកិច្ចសហប្រតិបត្តិការរវាងស្ថាប័នរដ្ឋនិងឯកជន ដើម្បីរួមគ្នាបង្កើនភាពទាក់ទាញនិងភាពប្រកួតប្រជែងរបស់កម្ពុជាព្រមទាំងដាក់ចេញនូវដំណោះស្រាយជាកញ្ចប់ចំពោះរាល់បញ្ហាប្រឈមនានាក្នុងវិស័យទេសចរណ៍ ជាមួយនឹងគោលដៅច្បាស់លាស់ក្នុងការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា។

ការរកែសម្រួលយន្តការស្ថាប័នមួយនេះ បានឆ្លងកាត់ការពិភាក្សា និងពិគ្រោះយោបល់យ៉ាងស៊ីជម្រៅជាច្រើនដំណាក់កាលជាមួយវិស័យឯកជន និងដៃគូពាក់ព័ន្ធសំខាន់ៗ ក្រោមការដឹកនាំដោយផ្ទាល់របស់លោក សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ដោយមានការណែនាំនិងចង្អុលបង្ហាញរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជា នឹងដើរតួនាទីជាយន្តការស្ថាប័នដែលមានលក្ខណៈអំណោយផល និងបើកទូលាយ ដោយអនុញ្ញាតឱ្យវិស័យឯកជនអាចចូលរួមពេញលេញជាមួយរាជរដ្ឋាភិបាលដោយឈរលើគោលការណ៍ «រួមគិត រួមធ្វើ រួមទទួលខុសត្រូវ» ទាំងលើផ្នែកហិរញ្ញវត្ថុ បច្ចេកទេស និងគំនិតយោបល់ ក្នុងការជម្រុញការអភិវឌ្ឍវិស័យទេសចរណ៍កម្ពុជា ស្របតាមនិន្នាការទេសចរណ៍សាកលលោក និងតំបន់ដែលកំពុងមានការវិវត្តយ៉ាងលឿន ដែលទាមទារឱ្យមានភាពបត់បែនខ្ពស់ ធ្វើយ៉ាងណាធានាឱ្យបាននូវនិរន្តរភាព បិរយាបន្ន និងភាពធន់នៃវិស័យទេសចរណ៍របស់កម្ពុជា។

ការដាក់ឱ្យដំណើរការក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជានឹងចូលរួចំណែក យ៉ាងសំខាន់ក្នុងការសម្រេចឱ្យបាននូវគំនិតផ្តួចផ្តើមយុទ្ធសាស្រ្ត «បង្កើន៥ អភិវឌ្ឍ៣» របស់ក្រសួងទេសចរណ៍ព្រមទាំងសម្រេចបាននូវចក្ខុវិស័យនៃយុទ្ធសាស្រ្តចតុកោណ ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧ សម្រាប់វិស័យទេសចរណ៍ សំដៅប្រែក្លាយ កម្ពុជាជាគោលដៅទេសចរណ៍ឈានមុខនិងរស់រវើក៕