(កំពង់ធំ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ នៅស្នាក់ការគណបក្សស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ មានរៀបចំពិធីអបអរសាទរខួប៧៣ឆ្នាំថ្ងៃកំណើតបក្ស (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ក្រោមអធិបតីភាព លោក ទ្រី ដាលុច អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ និងសមាជិក សមាជិកា ជាច្រើនរូបទៀត។

លោក ទ្រី ដាលុច លើកឡើងថា ការជួបជុំគ្នាថ្ងៃនេះ ដើម្បីរំលឹកឡើងដើម្បីជាការដឹងគុណចំពោះអ្នកស្នេហាជាតិកន្លងមក ដែលបានបង្កើត និងបំពេញបេសសកម្ម ដើម្បីបុព្វហេតុជាតិ។ ជាពិសេស ដើម្បីសម្តែងការដឹងគុណចំពោះសមាជិកបក្ស​ទាំង​អស់ ដែលបានបន្តការអនុវត្តតាមមាគ៌ានយោបាយរបស់គណបក្សប្រជាជនកម្ពុជា នៅក្នុងស្រុកប្រាសាទបល្ល័ង្ក។

លោក ទ្រី ដាលុច បានបន្ថែមថា ស្រុកប្រាសាទបល្ល័ង្កនាពេលនេះ មានលោកអ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព ទីប្រឹក្សា​សម្ដេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកប្រាសាទបល្ល័ង្ក ដែលលះបង់ខ្ពស់ក្នុងការបន្តអនុវត្ត និងពង្រឹងបន្ថែមដល់ចលនាក្នុងមូលដ្ឋានរបស់លោកពូ អ្នកមីង និងបងប្អូនទាំងអស់គ្នា។

ដើម្បីចូលរួមកាត់បន្ថយទុក្ខលំបាករបស់សមាជិក សមាជិកាគណបក្សនៅតាមបណ្ដាឃុំ លោក ទ្រី ដាលុច បាននាំអំណោយរបស់លោកអ្នកឧកញ៉ាបណ្ឌិត ទ្រី ភាព ដែលមានផ្ដល់ជូនគណបក្សស្រុកនូវអង្ករ ១០តោន និងថវិកា ៣២លានរៀល ដើម្បីចែកជូនទៅឃុំទាំង៧ ទូទាំងស្រុក សម្រាប់ចូលរួមដល់ពិធីបុណ្យសពរបស់ប្រជាពលរដ្ឋនៅតាម​បណ្ដាឃុំ ដែលក្នុងពិធីបុណ្យសពនីមួយៗ ទទួលបានអង្ករ ៥០គីឡូក្រាម និងថវិកា ២០ម៉ឺនរៀល។

សូមបញ្ជាក់ថា កម្មវិធីទាំងមូលចំណាយអស់ថវិកាសរុបប្រមាណជា ៩០លានរៀល៕