(ព្រៃវែង)៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានចុះពិនិត្យវឌ្ឍនភាពការងារស្ថាបនាផ្លូវចំនួន៤ខ្សែ និងស្ពានចំនួន៣កន្លែង នៅក្នុងខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកំពង់ចាម នាថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤។

ផ្លូវទាំង៣ខ្សែនោះ មានដូចខាងក្រោម៖

* ខ្សែផ្លូវទី១៖ ផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក មានប្រវែងសរុប ១៥,៥៥០គីឡូម៉ែត្រ ទទឹងខ្នងលើក្រាលកៅស៊ូពីរជាន់ប្រវែង ៦ម៉ែត្រ ចិញ្ចើមសងខាងក្រាលកៅស៊ូមួយជាន់ម្ខាងៗ ១ម៉ែត្រ និងមានសំណង់សិល្បការ្យមួយចំនួន តភ្ជាប់ពីភូមិជោរទីមួយ ឃុំក្រញូង ស្រុកកំចាយមារ ទៅដល់ភូមិត្រពាំងក្រាញ់ ឃុំព្រាល ស្រុកកញ្ជ្រៀចខេត្តព្រៃវែង។ ខ្សែផ្លូវនេះ បានបើកការដ្ឋានសាងសង់នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ គិតដល់ពេលនេះសម្រេចបាន ២៥% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ក្នុងក្របខណ្ឌគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ ដោយប្រើប្រាស់ហិរញ្ញប្បទានពីធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី។

* ខ្សែផ្លូវទី២៖ ជាប្រភេទផ្លូវបេតុង មានប្រវែង ៧,២៥គីឡូម៉ែត្រ ទទឹងខ្នងលើ ៦ម៉ែត្រ និងចិញ្ចើមផ្លូវសងខាងក្រាលល្បាយក្រួសក្រហមម្ខាងៗប្រវែង ១ម៉ែត្រ ឆ្លងកាត់ឃុំចំនួន២ គឺឃុំក្ដឿងរាយ និងឃុំកញ្ជ្រៀច ស្ថិតក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង ដែលបានបើកការដ្ឋានសាងសង់នៅថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២៣ គិតដល់ពេលនេះសម្រេចបាន ៩១% ហើយគ្រោងនឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៥។ ផ្លូវនេះស្ថិតក្នុងក្របខណ្ឌគម្រោងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទដែលធន់នឹងការប្រែប្រួលអាកាសធាតុក្រោមហិរញ្ញប្បទានដោយមូលនិធិសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចកូរ៉េ។

* ខ្សែផ្លូវទី៣៖ ជាប្រភេទផ្លូវបេតុង មានប្រវែងសរុប ១១,៧៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីឃុំមៀន ស្រុកអូរាំងឳ ខេត្តត្បូងឃ្មុំ ទៅភូមដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម ដែលបានសាងសង់រួចរាល់ជាស្ថាពរ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២២។ ផ្លូវនេះស្ថិតក្នុងក្រមខណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន១ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

បន្ទាប់មក លោករដ្ឋមន្ត្រីបានបន្តចុះពិនិត្យការដ្ឋានស្ថាបនាស្ពានចំនួន៣កន្លែងទៀតដែលរួមមាន៖
* ស្ពានទី១៖ ស្ពានអណ្តូងប្រេង មានប្រវែង ៣៨,១២ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិបឹងកណ្តាល ឃុំមៀន ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ។
* ស្ពានទី២៖ ស្ពានព្រែកសណ្តាយ មានប្រវែង ៣០ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅភូមិដំណាក់ព្រីងកើត ឃុំមហាលាភ ស្រុកកោះសូទិន ខេត្តកំពង់ចាម។
* ស្ពានទី៣៖ ស្ពានអុងកូ មានប្រវែង ៧២,១៥ម៉ែត្រ និងទទឹង ៨ម៉ែត្រ នៅក្នុងភូមិកំពង់ឳជ្រឹង ឃុំពង្រ ស្រុកកោះសូទិន ខេត្តកំពង់ចាម។ ស្ពានទាំង ៣កន្លែងនេះ ចាប់ផ្ដើមសាងសង់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣ ដោយសម្រេចបាន ៩៧% ហើយគ្រោងនឹងបញ្ចប់ការសាងសង់ជាស្ថាពរក្នុងបំណាច់ខែមិថុនា ឆ្នាំ២០២៤នេះ ស្ថិតក្នុងក្រមខណ្ឌគម្រោងគ្រប់គ្រងគ្រោះមហន្តរាយនៅកម្ពុជា និងអាស៊ីអាគ្នេយ៍ជំហាន២ ក្រោមហិរញ្ញប្បទានរបស់ធនាគារពិភពលោក។

ក្នុងឱកាសពិនិត្យការដ្ឋានផ្លូវខាងលើ លោករដ្ឋមន្ដ្រីបានណែនាំដល់ទីប្រឹក្សាបច្ចេកទេស និងក្រុមហ៊ុនទទួលការសាងសង់ ប្រចាំការនៅការដ្ឋានផ្ទាល់ យកចិត្តទុកដាក់អនុវត្ត ឱ្យបានត្រឹមត្រូវ តាមបទដ្ឋានបច្ចេកទេស ដើម្បីធានាគុណភាពផ្លូវជាប់ និងប្រើប្រាស់បានយូរអង្វែង។

នាឱកាសចុះត្រួតពិនិត្យវឌ្ឍនភាពគម្រោងនេះផងដែរ លោករដ្ឋមន្ដ្រីក៏បានលើកឡើងជូនប្រជាពលរដ្ឋពីការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្រោមម្លប់សុខសន្ដិភាពពេញលេញ ដែលបាននិងកំពុងអភិវឌ្ឍប្រទេសជាតិឱ្យមានការរីចម្រើនគ្រប់វិស័យ ក្នុងគោលដៅឈានទៅសម្រេចចក្ខុវិស័យកម្ពុជា ជាប្រទេសមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងមានប្រាក់ចំណូលកម្រិតខ្ពស់ក្នុងឆ្នាំ២០៥០៕