BREAKING NEWS: តុលាការក្រុងភ្នំពេញសម្រេចផ្តន្ទាទោស អ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៣នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ គ្មានពិន័យប្រាក់ទេ
19-09-2016 11:42
(ភ្នំពេញ)៖ បន្ទាប់ពីបើកសវនាការជាច្រើនម៉ោងរួចមក លោក លី សុខលេង ចៅក្រមជំនុំជម្រះសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ សម្រេចផ្ដន្ទាទោសស្ត្រីបឹងកក់៤នាក់ ដាក់ពន្ធនាគារក្នុងម្នាក់ៗ៦ខែ ដោយគ្មានពិន័យជាប្រាក់ទេ ក្រោមការចោទប្រកាន់ពីបទ «ប្រមាថអ្នករាជការសាធារណៈ និងបទប្រឆាំងនឹងអ្នករាជការសាធារណៈ មានស្ថានទម្ងន់ទោស» តាមមាត្រា ៥០២ និងមាត្រា ៥០៤ នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅមុខសាលារាជធានីភ្នំំពេញ កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១១ ។
ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង៣នាក់ទៀតឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និង ឈ្មោះ ហេង មុំ ។ ប៉ុន្តែពេលសវនាការ ស្ត្រីឈ្មោះ ហេង មុំ ពុំមានវត្តមានទេ ។សំណុំរឿងនេះ គឺសាលារាជធានីភ្នំពេញ ជាដើមបណ្ដឹង។
សូមជំរាបថា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សាលាដំបូងរាជធានីភ្នំពេញ បានបន្តបើកសវនាការជំនុំជម្រះលើសំណុំរឿងអ្នកស្រី ទេព វន្នី និងសកម្មជនបឹងកក់៣នាក់ផ្សេងទៀត ពាក់ព័ន្ធនឹងបទប្រមាថនិងប្រឆាំងអ្នករាជការសាធារណៈកាលពី៤ឆ្នាំមុន។ សវនាការនេះដឹកនាំដោយ លោក លី សុខលេង ជាចៅក្រមជំនុំជម្រះ និងកញ្ញា វ៉ា សក្តា ជាតំណាងអយ្យការ។
អ្នកស្រី ទេព វន្នី រួមទាំងស្រ្តីបឹងកក់មួយចំនួន ត្រូវបានសមត្ថកិច្ចចាប់ខ្លួនជាថ្មីកាលពីខែសីហា ឆ្នាំ២០១៦ កន្លងទៅ ពាក់ព័ន្ធនឹងការធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅ ដើម្បីតវ៉ាទាមទារឱ្យដោះលែងមន្រ្តីអាដហុក និងគ.ជ.ប។ ប៉ុន្តែសកម្មជនបឹងកក់ដទៃ ត្រូវបានតុលាការដោះលែងវិញ ដោយនៅសល់តែអ្នកស្រី ទេព វន្នី ប៉ុណ្ណោះដែលមានការជាប់ពាក់ព័ន្ធនឹងសំណុំរឿងចាស់។
ទោះជាយ៉ាងណា នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ សកម្មជនបឹងកក់ រួមទាំងតំណាងសហគមន៍មួយចំនួន ក៏បានប្រកាសក៏ប្រមូលគ្នាស្លៀកខ្មៅ ដើម្បីឃ្លាំមើលការជំនុំជម្រះនៅរឿងខាងលើ នៅសាលាដំបូងរាជធានីភ្នំពេញ ផងដែរ។ នេះបើតាមការឱ្យដឹងពីសកម្មជនបឹងកក់៕