(ភ្នំពេញ)៖ បុគ្គលអ្នកសារព័ត៌មានពលរដ្ឋម្នាក់ឈ្មោះ ហ៉ឹម សាមេត ដែលបានបង្ហោះសារនៅលើគេហទំព័ររបស់ខ្លួន ប្រៀបធៀបករណីឃាតកម្មកាប់សម្លាប់ម្ចាស់បំណុល ជាមួយករណីខ្មាន់កាំភ្លើង ស្រី ស៉ីណា ដែលនាំឲ្យមានការភ័ន្ដច្រឡំ យ៉ាងខ្លាំងនៅលើបណ្តាញសង្គមនោះ នៅពេលនេះបានចេញមកសុំទោសជាសាធារណៈ ចំពោះកំហុសឆ្គងរបស់ខ្លួនដែលមិនបានស្វែងយល់ច្បាស់លាស់អំពីនីតិវិធីរបស់តុលាការ។
លោក ហ៉ឹម សាមេត បានអះអាងថា កំហុសឆ្គងរបស់ខ្លួនដែលប្រៀបធៀបការផ្តន្ទាទោសជនល្មើសកាប់ម្ចាស់បំណុល និងជនល្មើស ស្រី ស៉ីណា ពិតជាកំហុសឆ្គងមួយដ៏ធ្ងន់ និងធ្វើឲ្យមានការភ័ន្ដច្រឡំជាខ្លាំង។ លោកបានលើក ម្រាមដៃ១០សុំទោស ទៅកាន់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា, លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំសាលាដំបូងខេត្តកណ្តាល និងបងប្អូនប្រជាពលរដ្ឋទាំងក្នុង និងក្រៅស្រុកទាំងអស់ចំពោះការផ្សាយព័ត៌មានមិនពិត និងគ្មានមូលដ្ឋាននេះរបស់ខ្ញុំបាទ។
តាមរយៈវីដេអូដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ បុគ្គលអ្នកសារព័ត៌មានឈ្មោះ ហ៉ឹម សាមេត បានរៀបរាប់ថា៖
«ខ្ញុំបាទ ពិតជាបានបង្កកំហុសមួយនេះយ៉ាងខ្លាំងដោយពុំបានសួរនាំ និងស្រាវជ្រាវជាមុនអំពីសំណុំរឿងកូនបំណុលកាប់ម្ចាស់បំណុល ពីសំណាក់តុលាការ ហើយយកទៅផ្សាយចាកប្រាសការពិត និងខុសវិជ្ជាជីវះ ខណះដែលសំណុំរឿងនេះ ជនល្មើសមិនទាន់ត្រូវបានបើកសវនាការនៅឡើយ ពោលគឺកំពុងនៅក្នុងដៃចៅក្រមស៊ើបសួរ ក្រោយព្រះរាជអាជ្ញាបានចោទប្រកាន់តាមច្បាប់ ហើយត្រូវបានចៅក្រមឃុំខ្លួនជាបណ្តោះអាសន្ន។
ខ្ញុំបាទសូមសុំទោសជាសាធារណ: ដែលបានផ្សាយព័ត៌មានមិនពិតនេះ ហើយខ្ញុំបាទសូមអភ័យទោសដោយស្មោះ ជូនចំពោះសម្តេចធិបតីនាយករដ្ឋមន្រ្តី និងឯកឧត្តម កើត រិទ្ធ ព្រមទាំងថ្នាក់ដឹកនាំតុលាការខេត្តកណ្តាល។ ខ្ញុំបាទសូមសន្យាថា ចាប់ពីថ្ងៃនេះតទៅ ខ្ញុំបាទនឹងផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវះ និងផ្តល់ផលប្រយោជន៍ដល់សង្គមជាតិរបស់យើង ដែលកំពុងមានការរីកចំរើនជាបន្តបន្ទាប់ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចធិបតី។
ខ្ញុំបាទសូមធានា និងប្តេជ្ញាថា ចាប់ពីពេលនេះទៅ បើខ្ញុំបាទផ្សាយព័ត៌មានដែលប៉ះពាល់ដល់សង្គមជាតិ និងបង្កឲ្យមានភាពចលាចលទៀតនោះ ខ្ញុំបាទសូមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។
ខាងក្រោមនេះជាវីដេអូសុំទោសរបស់លោក ហ៉ឹម សាមេត៖