(កណ្ដាល)៖ ទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុក ខ្សាច់កណ្ដាល និងស្រុកល្វាឯម បានប្រគល់រង្វាន់លើកទឹកចិត្តដល់ សិស្សនិទ្ទេសA ចំនួន៤រូប នូវម៉ូតូ Honda Dream C125 ឆ្នាំ២០១៦ ម្នាក់មួយគ្រឿង និងមួកសុវត្ថិភាពមួយផងដែរ ដែលក្នុងនោះស្រុកខ្សាច់កណ្ដាល មាននិទ្ទេស A ៣នាក់ និងស្រុកល្វាមឯមម្នាក់។
ពិធីប្រគល់ម៉ូតូនេះ ត្រូវបានធ្វើឡើងក្នុងឱកាសបើកការដ្ឋានស្ថាបនាផ្លូវបេតុង សរសៃដែកប្រវែង ៣,០៨០ម៉ែត្រ ស្ថិតក្នុងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ចំណែកនៅស្រុកល្វាឯម ត្រូវបានធ្វើឡើងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវក្រាល គ្រួសក្រហម២ខ្សែ និងសម្ពោធដាក់ឲ្យប្រើប្រាស់ ផ្លូវគ្រួសក្រហម១ខ្សែ ដែលមានប្រវែងសរុប ១៨,៤៩៤ម៉ែត្រ នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦កន្លងទៅនេះ។
ក្នុងនោះដែរ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន បានសម្ដែងនូវក្ដីរីករាយ និងអបអរសាទរ ចំពោះសិស្សដែលទើបប្រឡងជាប់មធ្យមសិក្សា ទុតិយភូមិទូទាំងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ជាពិសេសចំពោះសិស្សនិទ្ទេស A ទាំង៤នាក់ ដែលបានខិតខំព្យាយាមរៀនសូត្រ រហូតទទួលបានលទ្ធផលល្អ ហើយលោកទេសរដ្ឋមន្ដ្រី សង្ឃឹមថា ក្មួយៗទាំងអស់ នឹងក្លាយជាទំពាំងស្នងឬស្សី និងជាធនធានដ៏សំខាន់ សម្រាប់ជួយអភិវឌ្ឍន៍ប្រទេសជាតិ ទៅថ្ងៃអនាគត ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។
ជាចុងបញ្ចប់ លោកទេសរដ្ឋមន្ដ្រី អូន ព័ន្ធមុន្នីរ័ត្ន បានធ្វើការផ្ដាំផ្ញើ និងលើកទឹកចិត្តឲ្យសិស្សានុសិស្សដែល ត្រូវប្រឡងសញ្ញាបត្រមធ្យម សិក្សាទុតិយភូមិ នៅឆ្នាំក្រោយៗទៀត ក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ត្រូវយកគំរូតាមសិស្សនិទ្ទេសA ទាំង៤នាក់នេះ។ ជាមួយគ្នានោះ លោកទេសរដ្ឋមន្ដ្រី បានបញ្ជាក់ថា លោកនឹងផ្ដល់រង្វាន់លើកទឹកចិត្តជាម៉ូតូជូនដល់សិស្សនៅក្នុងស្រុកខ្សាច់កណ្ដាល និងស្រុកល្វាឯម ដែលទទួលបាននិទ្ទេសA ក្នុងការប្រឡងនៅឆ្នាំក្រោយទៀត ដោយទឹកចិត្តសប្បាយរីករាយ៕