(ភ្នំពេញ)៖ នៅក្នុងថ្នាក់សិក្សាអំពីរបៀបសរសេរព័តមាន ជំនាន់ទី៧ របស់ មជ្ឈមណ្ឌលបណ្តុះបណ្តាលព័ត៌មាន FTC នៅព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ ចុងសប្ដាហ៍នេះ លោក ម៉ារ យ៉ារិទ្ធិ ប្រធាន FTC បានលើកឡើងថា អត្ថបទ Feature ត្រូវបានរៀបចំជាលំដាប់លំដោយរបស់វាដោយមានសេចក្តីផ្តើម តួសេចក្តី និងសេចក្តីបញ្ចប់។

នៅក្នុងការសិក្សានេះ លោក ម៉ារ យ៉ារិទ្ធិ បានបញ្ជាក់ថា អត្ថបទ Feature គឺជាលក្ខណៈអត្ថបទសរសេរក្តោបសាច់រឿងសំខាន់។ ជារឿងនានាដែល កើតឡើងលើពិភពលោកនេះ ឬជារឿងទាក់ទងនឹងពិភពលោក…ជារឿងស្រាល, ទន់ ឬ រឹង ឬ រឿងនានាទាំងឡាយដែលធ្វើឱ្យមនុស្សចាប់អារម្មណ៍។ ភាពពិសេសរបស់អត្ថបទនោះ វាយអាចធ្វើឱ្យមនុស្សយំ ឬ សើច។ ភាពខុសគ្នានៃអត្ថបទក្តៅនិងអត្ថបទ Feature គឺអត្ថបទក្តៅ ជាអត្ថបទមានលក្ខណៈជួនដំណឹង រីឯអត្ថបទ Feature គឺជាអត្ថបទឱ្យទស្សនិកជនរីករាយ ឬជក់ ចិត្តនឹងរឿងនោះ។

លោក ម៉ារ យ៉ារិទ្ធិ បានបន្ដថា សេចក្តីផ្តើម គឺជាការសរសេរបង្ហាញនូវប្រធានបទនិងការទាញអារម្មណ៍ អ្នកអាន។ តួសេចក្តី គឺស្រាវជ្រាវឱ្យមានលក្ខណៈស៊ីជម្រៅពាក់ព័ន្ធនឹងប្រធានបទ។ សេចក្តីបញ្ចប់ គឺផ្តល់ការបិទបញ្ចប់រឿង ឬ ក៏ទុកឱ្យអ្នកអាននូវអ្វីដែលត្រូវពិចារណា។

ជាមួយគ្នានេះដែរ លោក ម៉ារ យ៉ារិទ្ធិ បានបន្ដទៀតថា Lead ក្នុងដំណឹងក្តៅ គឺសរសេរច្បាប់យកព្រឹត្តិការណ៍សំខាន់របស់សាច់រឿងបង្ហាញមកទស្សនិកជនភ្លាមៗ។ ប៉ុន្តែ Delayed Lead គឺជាការសរសេរក្នុងរបៀបអូសទាញមួយដើម្បីឱ្យចូលក្នុងព្រឹត្តិ ការណ៍សំខាន់នោះ។ របៀបសរសេរ Delayed Lead អាចផ្តើមពីការនិទានសាច់រឿងខ្លីៗ, ការ សរសេរប្រៀបធៀបពីអ្វីមួយនៃរឿងដែលពាក់ព័ន្ធ ទាញវាចូលមកក្នុងសាច់រឿងសំខាន់ ដែល គេបានដាក់ឈ្មោះថា Nut-Graf (Nutshell Paragraph)។

Delayed Lead មិនមែនជាសេចក្តីផ្តើមដែលងាយស្រួលដូចជា Lead ដែលយើងធ្លាប់សរសេរ ក្នុងដំណឹងក្តៅនោះទេ។ អ្នកសរសេរខ្លះ បានចំណាយពេលវេលាយូរគ្រាន់តែសរសេរ Delayed Lead នេះបើទោះបីជាសំណេរក្នុង Paragraph ចាប់ផ្តើមនេះ មិនវែងច្រើនអក្សរក៏ ដោយ។ វាជារបៀបអន្ទងចិត្ត, អូសទឹកចិត្តទស្សនិកជនដើម្បីតាមចូលមើល Paragraph បន្ទាប់ក្នុង Nut-Graf របស់យើង។ អ្នកសរសេរខ្លះ អាចប្រើ Delayed Lead នេះវែងដល់២ឬបី Paragraph ផងដែរ ប៉ុន្តែត្រូវចាំថាមិនឱ្យវែងពេកទេ ដោយប្រញាប់ចូលមកក្នុង Nut-Graf ។

Nut-Graf (Nutshell Paragraph) ល្បះខ្លឹម, ល្បះសំខាន់នេះ គឺជាខ្លឹមសារសំខាន់ដែលត្រូវសរសេររៀបរាប់នូវហេតុការណ៍ជាប់ ពាក់ព័ន្ធទាំងឡាយនៃសាច់រឿង ដែលយើងចង់ឱ្យទស្សនិកជនបានឃើញនិងអ្វីដែលយើងបាន ស្រាវជ្រាវថ្មីៗជាប់ពាក់ព័ន្ធដើម្បីចង់ឱ្យគេឃើញនូវភាពពិត។

គួរជម្រាបជូនថា លោក ម៉ារ យ៉ារិទ្ធិ គឺជាប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) និងជាគ្រូបង្គោល នៅក្នុងការសរសេរបង្ហាត់បង្រៀនផ្នែកសរសេរព័ត៌មានផ្ទាល់ផងដែរ។ បច្ចុប្បន្ន FTC មានការបណ្ដុះបណ្ដាលជំនាញចំនួន៣គឺ ទី១៖ ជំនាញសរសេរព័ត៌មាន ដោយលោក ម៉ារ យ៉ារិទ្ធ ទី២៖ ជំនាញថតរូបក្នុងវិជ្ជាជីវៈសាព័ត៌មាន គឺបង្រៀនដោយលោក ហេង ស៊ីនិត្យ និងទី៣៖ របៀបសរសេរសេចក្តីប្រកាសព័ត៌មានសម្រាប់ក្រុមហ៊ុនឯកជន ដែលសុទ្ធសឹងតែជាគ្រូជំនាញ និងមានបទពិសោធន៍ក្នុងការបំពេញការងារទាំងស្ថាបនជាតិ និងអន្តរជាតិជាង៣០ឆ្នាំមកហើយ៕