(ភ្នំពេញ)៖ លោក សេង សំរិត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា សមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀបរាប, ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្វាយលើ និងលោកស្រី នៅព្រឹកថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីមីទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤ នៅស្រុកស្វាយលើ ខេត្តសៀមរាប។

អង្គមីទ្ទិញមានការចូលរួមពីសមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋជាច្រើននាក់។

គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ គ្រប់ដំណាក់កាល គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសបានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញ ពីបាតដៃទទេក្រោមគំនរផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។

ការប្រារព្ធពិធីដ៏ឱឡារិកនេះ ឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារ ធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិនៅ គ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។ យើងទាំងអស់ គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។

បន្ទប់មកលោក សេង សំរិត និងលោកស្រី ព្រមទាំងក្រុមការងារ បានបន្តដំណើរទៅពិនិត្យទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំខ្នងភ្នំ រួចហើយក៏បាននាំយកទៀនវស្សា និងទេយ្យទានមួយចំនួន ប្រគេនព្រះសង្ឃគង់ចាំវស្សាគ្រប់វត្ត ក្នុងស្រុកស្វាយលើ សរុបទាំងអស់ ២៤វត្ត៕