(កំពង់ធំ)៖ គណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ ស្ថិតនៅឃុំម្សាក្រង ស្រុកស្ទោង ខេត្តកំពង់ធំ បានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមចូលរួមឧបត្ថម្ភការសាងសង់របងថ្មីរបស់សាលា ដែលនៅខ្វះចំនួន៣៥ផ្ទាំងទៀតក្នុងចំណោមរបងសរុបទាំងអស់៤៧ផ្ទាំង។

គណៈគ្រប់គ្រងសាលាបានបញ្ជាក់ថា សព្វថ្ងៃនេះ រដ្ឋបាលស្រុកស្ទោងបាននិងកំពុងអនុវត្តគម្រោងពង្រីកនិងលើកកម្ពស់គុណភាពផ្លូវលេខ២៥៦ ជាប្រភេទកៅស៊ូ DBST ចាប់ពីភូមិអូរដូងរហូតដល់ចុងភូមិកំពង់ប្រដំ នៃឃុំម្សាក្រង ដែលមានប្រវែង៣,០០០ម៉ែត្រ (កំណាត់ថ្មី)។ ផ្លូវលេខ២៥៦នេះក៏កាត់តាមសាលាបឋមសិក្សាស្ពឺដែរ ដោយនៅត្រង់ចំណុចសាលានេះ ផ្នែកម្ខាងជារបងសាលា និងម្ខាងទៀតជាប់មាត់ស្ទឹងស្ទោង។ ដោយហេតុថាមិនអាចពង្រីកទៅខាងស្ទឹងបាន ទើបត្រូវពង្រីកមកខាងសាលាវិញ ដូច្នេះហើយក៏តម្រូវឱ្យវាយរបងចាស់ចេញ ដើម្បីពង្រីកផ្លូវទៅតាមគម្រោងដែលត្រូវអនុវត្ត។

ដោយមានតម្រូវការចាំបាច់ក្នុងការការពារសុវត្ថិភាពសិស្សានុសិស្ស គណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ ក៏បានធ្វើការវាស់វែងទីតាំងរបងចាស់នោះភ្លាមៗ ដើម្បីត្រៀមរៀបចំសាងសាងរបងថ្មថ្មីឡើងវិញ។ បន្ទាប់ពីវាស់វែងរួច ក៏ឃើញថាសាលាត្រូវសាងសង់របងថ្មថ្មីឡើងវិញចំនួន៤៧ផ្ទាំង ដោយក្នុង១ផ្ទាំងៗមេជាងយកថ្លៃ៤៦០,០០០រៀល (សាច់របង៤០០,០០០រៀល និងថ្មម៉ាបសម្រាប់សរសេរឈ្មោះសប្បុរសជន៦០,០០០រៀលទៀត)។

តាមការអំពាវនាវរបស់សាលា មកដល់ពេលបច្ចុប្បន្ននេះមានសប្បុរសជនចូលរួមចំនួន១២ផ្ទាំងហើយ ដោយបានប្រគល់ថវិកាជូនគណៈគ្រប់គ្រងសាលារួចរាល់ដែរ នៅសល់ចំនួន៣៥ផ្ទាំងទៀតដែលមិនទាន់មានអ្នកឧបត្ថម្ភនៅឡើយ។ ដូច្នេះហើយទើបគណៈគ្របគ្រងសាលាបឋមសិក្សាស្ពឺ សូមអំពាវនាវដល់សប្បុរសជនជិតឆ្ងាយសូមចូលរួមឧបត្ថម្ភការសាងសង់របងថ្មថ្មីរបស់សាលា ដែលនៅខ្វះចំនួន៣៥ផ្ទាំងទៀតនោះ។

ចំពោះសប្បុរសជនដែលមានបំណងចង់ចូលរួមឧបត្ថម្ភការសាងសង់របងថ្មថ្មីនេះ អាចទំនាក់ទំនងជាមួយអ្នកគ្រូ មាឌ តាមរយៈទូរសព្ទលេខ 092 232 315៕