(ឧត្តរមានជ័យ)៖ ស្ត្រីម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ឃាត់ខ្លួនជាមួយនឹងការដកហូតវត្ថុតាងថ្នាំញៀនជិត២០កញ្ចប់។

លោកវរសេនីយ៍ទោ ជ័យ វាសនា អធិការនគរបាលស្រុកត្រពាំងប្រាសាទ បានថ្លែងប្រាប់ឱ្យដឹងនៅរសៀលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ថា ដោយអនុវត្តតាមបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តឧត្តរមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ កម្លាំងនគរបាលស្រុកត្រពាំងប្រាសាទ បានធ្វើការឃាត់ខ្លួនស្ត្រីសង្ស័យម្នាក់ ដោយដកហូតវត្ថុតាងថ្នាំញៀនចំនួន១៦កញ្ចប់។

លោក ជ័យ វាសនា បានថ្លែងឱ្យដឹងទៀតថា ការឈានឃាត់ខ្លួនជនសង្ស័យស្ត្រីរូបនេះ ដោយសារកម្លាំងរបស់លោកចុះល្បាតក្នុងភូមិសាស្ត្រ ភូមិថ្នល់កែង ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ប្រទះឃើញ មុខសញ្ញស្ត្រីរូបនេះមានស្ពាយកាបូបពីក្រោយ ដោយការសង្ស័យក៏ឃាត់ដើម្បីត្រួតពិនិត្យ ពេលនោះឃើញថ្នាំញៀនមេតំហ្វេតាមីនចំនួន១៦កញ្ចប់។

បច្ចុប្បន្នស្ត្រីជាជនសង្ស័យ រួមទាំងវត្ថុតាងថ្នាំញៀនខាងលើ ត្រូវបានកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ កំពុងសាកសួរ ដើម្បីរៀបចំសុំណុំរឿងបញ្ជូនទៅការិយាល័យជំនាញ នៃស្នងការដ្ឋានណគរបាលខេត្តឧត្តរមានជ័យ អនុវត្តតាមនីតិវិធីច្បាប់៕