(ភ្នំពេញ)៖ បណ្តាប្រទេសនៅតំបន់អាសីុអាគ្នេយ៍ ដែលប្រើភាសាបារាំង រួមទាំងកម្ពុជាផងនោះ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានរៀបចំសិក្ខាសាលាស្តីពី «ការរៀបចំគ្រប់គ្រងការថែទាំអ្នកជំងឺ» ក្នុងគោលបំណងពង្រឹង និងការផ្លាស់ប្តូរបទពិសោធន៍គ្នាទៅវិញទៅមក ដើម្បីស្វែងរកវិធីសាស្រ្តទំនើបបំផុត ក្នុងការជួយសង្គ្រោះអ្នកជំងឺ ដែលបានព្យាបាលក្នុងមន្ទីរពេទ្យ។
នាយកប្រធានផ្នែកទំនាក់ទំនងអន្តរជាតិ នៃមន្ទីរពេទ្យ Marles faine fierret បានឱ្យដឹងថា គោលបំណងធំបំផុតនៅថ្ងៃនេះ មានជជែកពីវិធីសាស្រ្តធ្វើទំនើបកម្ម ក្នុងការព្យាបាលអ្នកជំងឺ ហើយនៅពេលថ្មីៗនេះ លោកសង្កេតឃើញថា នៅមន្ទីរពេទ្យកាលម៉ែត បានបំពេញតួនាទីក្នុងការព្យាបាល អ្នកជំងឺបានយ៉ាងល្អ។
លោកថា «យើងនឹងជំរុញឲ្យមន្ទីរពេទ្យដែលជាដៃគូបណ្តាប្រទេសដែលប្រើភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ធ្វើការព្យាបាលអ្នកជំងឺឲ្យបានល្អបំផុត រាប់ទាំងការចូលមកព្យាបាល ការស្នាក់នៅ និងការទទួលបានសេវាព្យាបាលផងដែរ»។
ដោយឡែក លោកសាស្រ្តាចារ្យវេជ្ជបណ្ឌិត ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានលើកឡើងដែរថា កម្ពុជាបានទទួលផលចំណេញយ៉ាងច្រើន ពីការចូលរួមជាមួយបណ្តាប្រទេសប្រើភាសាបារាំង នៅតំបន់អាស៊ីអាគ្នេយ៍ ដែលអាចធ្វើឲ្យកម្ពុជាទទួលបាននូវផលប្រយោជន៍ ក្នុងការស្វែងរកបទពិសោធល្អៗ ដើម្បីគ្រប់គ្រងមន្ទីរពេទ្យ និងព្យាបាលអ្នកជំងឺ ពិសេសការទទួលបានការបណ្តុះបណ្តាលជំនាញបន្ថែមទៀត សម្រាប់បុគ្គលិកក្នុងវិស័យសុខាភិបាល។
លោកថា «នៅថ្ងៃនេះ យើងបានជួបជជែកគ្នារវាងមន្ទីរពេទ្យខេត្តធំៗ ចំនួន៦ របស់កម្ពុជា និងប្រធានមន្ទីរពេទ្យជាតិ របស់ប្រទេសឡាវ និងវៀតណាម ដើម្បីស្វែងរកវិធីសាស្រ្តឲ្យកាន់តែប្រសើឡើង តាមការអភិវឌ្ឍថ្មីរបស់ប្រទេសជឿនលឿនមួយចំនួន នៅលើពិភពលោក ជាពិសេសប្រទេសប្របារាំង»។
សូមជម្រាបថា សិក្ខាសាលានេះ មានចូលរួមពីបណ្តាប្រទេសជាសមាជិក ដូចជាប្រទេសឡាវ វៀតណាម កម្ពុជា ព្រមទាំងមានការចូលរួមពី មន្ទីរពេទ្យខេត្តធំៗរបស់កម្ពុជា ចំនួន៦ទៀតផងដែរ៕