(សៀមរាប)៖ លោក សែម សុវណ្ណនី ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប បានអំពាវនាវដល់ប្រជាពលរដ្ឋត្រូវចូលរួមថែរក្សាសន្តិភាព ដើម្បីអភិវឌ្ឍប្រទេសឲ្យមានការរីកចម្រើន និងក្លាយជាប្រទេសដែលចំណូលខ្ពស់នាពេលខាងមុខ។

ការអំពាវនាវរបស់លោក សែម សុវណ្ណនី ក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃកំណើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) និងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងរុនតាឯកតេជោសែន និងចុះសង្កាត់ទាំង២ គឺសង្កាត់រុនតាឯក និងសង្កាត់បាល័ង្គ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានការចូលរួមពីសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ជាច្រើនផង​ដែរ។

លោក សែម សុវណ្ណនី បានបន្តថា សព្វថ្ងៃនេះជីវភាពរបស់ប្រជាពលរដ្ឋខ្មែរ មានការរីកចម្រើន និងមានសម្ភារប្រើប្រាស់កាន់តែទំនើប និងសំបូរបែប ទាំងអស់នេះ ជាការបង្ហាញពីកត្តាសន្ដិភាព។ ហើយសន្ដិភាពសព្វថ្ងៃនេះ គឺជាការលះបង់ សាច់ ឈាម របស់វីរជនយុទ្ធជន ប្រជាជាតិខ្មែរ ដើម្បីតែបុព្វហេតុជាតិ ដូច្នេះប្រជាពលរដ្ឋគ្រប់រូប ត្រូវប្ដេជ្ញាចិត្តការពារសន្ដិភាព ហើយប្រជាពលរដ្ឋរស់នៅដោយសន្ដិភាព និងគ្មានសង្គ្រាមកើតឡើង។

លោក សែម សុវណ្ណនី បានបន្តទៀតថា ទម្រាំមកដល់ថ្ងៃនេះ ពិតណាស់យើងបានជួបឧបសគ្គ និងការលំបាករាប់ម៉ឺនជំពូក ប៉ុន្តែឆ្លងកាត់ក្នុងរយៈពេលប្រមាណ ៤៥ឆ្នាំមកនេះ យើងពិតជាមានមោទនភាពបំផុត ចំពោះសមិទ្ធផលធំៗជាប្រវត្តិសាស្ត្រ ដែលយើងសម្រេចបានក្នុងការស្តារ ការកសាង និងអភិវឌ្ឍសង្គមជាតិ ដោយចាប់ផ្តើមពីស្ថានភាពវិនាសអន្តរាយខ្ទេចខ្ទី ដោយអំពើប្រល័យពូជសាសន៍ និងសង្គ្រាមស៊ីវិលដ៏រ៉ាំរ៉ៃ មកកាន់ស្ថានភាពដែលប្រទេសជាតិ ទាំងមូលមានសន្តិភាព ឯកភាពជាតិពេញលេញ និងមានការផ្លាស់ប្តូររីកចម្រើនលើគ្រប់វិស័យ។

លោកបន្តថា ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើង ការបង្កើតបានសន្តិភាពពេញលេញតាមរយៈនយោបាយឈ្នះឈ្នះ និងការអភិវឌ្ឍសង្គមជាតិមកដល់បច្ចុប្បន្ននេះ គឺជាតថភាពប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីចងចាំជានិច្ច ដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជា ប្រកបដោយភាពរុងរឿង គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។

ជាមួយនេះដែរ លោកបានបញ្ជាក់ថា ជាមួយនឹងសមិទ្ធផលថ្មីជាច្រើន និយាយដោយឡែកក្រុងរុនតាឯកតេជោសែន គឺជាក្រុងថ្មីគំរូមួយ នៃខេត្តសៀមរាប ហើយប្រជាជនមួយចំនួនធំ ជាពលរដ្ឋដែលបានផ្លាស់ប្តូរទីលំនៅមកពីតំបន់អង្គរ។ ពិតណាស់ ពួកគាត់នឹងមានតម្រូវការច្រើន ដូច្នេះសូមឲ្យអាជ្ញាធរមូលដ្ឋាន រួមនឹងក្រុមការងារចុះមូលដ្ឋានទាំងអស់ ត្រូវយកចិត្តទុកដាក់ តាមដានរាល់ការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានឲ្យបានជាប់ជាប្រចាំ។ ក្នុងនោះដែរ ការផ្ដល់សេវារដ្ឋបាល ឬតម្រូវការផ្សេងៗទៀតនោះ ត្រូវយកចិត្តទុកដាក់ពន្លឿនជូនពួកគាត់តាមដែរអាចធ្វើទៅបាន ធ្វើយ៉ាងណាឲ្យពលរដ្ឋរីករាយចំពោះការផ្ដល់សេវាពីសំណាក់អាជ្ញាធរមូលដ្ឋានទាំងអស់ផង​ដែរ៕