(ភ្នំពេញ)៖ នៅថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ សមាគមគាំទ្រសុខាភិបាលកម្ពុជា សហការគាំទ្រដោយ គណៈឱសថការីកម្ពុជា និងមន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំវគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» ពិធីនេះប្រព្រឹត្តទៅស្ថិតក្រោមអធិបតីភាព លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ គណៈឱសថការីកម្ពុជា តំណាងឱសថការី បាន បុត្តា ប្រធានគណៈឱសថការីកម្ពុជា និងជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល ដោយមានការចូលរួមពីសមាជិក សមាជិកា គណៈឱសថការីកម្ពុជា ប្រមាណចំនួន២០០រូប។

វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» មានគោលបំណងផ្ដល់ចំណេះដឹងថ្មីៗ ដល់ឱសថការី និងទទួលបានចំនួនម៉ោងនៃការរៀនសកម្ម សម្រាប់សកម្មភាពការអភិវឌ្ឍវិជ្ជាជីវៈបន្ត ដែលបានទទួលស្គាល់ និងផ្ដល់ជាពិន្ទុ នៃការ អភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈដោយគណៈឱសថការីកម្ពុជា ដូច្នេះអ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ អាចទទួលបាននៃអភិវឌ្ឍវិជ្ជាជីវៈបន្ត សរុបចំនួន១២ពិន្ទុ សម្រាប់ម៉ោងសកម្មចំនួន១២ម៉ោង។

វគ្គបណ្ដុះបណ្ដាលនេះ នឹងផ្តល់នូវការចែករំលែកចំណេះដឹងថ្មីៗ ក៏ដូចជាបទពិសោធន៍សម្រាប់អ្នកចូលរួមទាំងអស់ ពីវាគ្មិនដែលមានបទពិសោធន៏ធ្វើការនៅក្រសួងសុខាភិបាល។

ប្រធានបទសំខាន់ៗ ដែលត្រូវលើកមកបង្ហាញ ក្រោមប្រធានបទ Pharmaceutical Regulation និងLogistic Management រួមមាន៖
*ទី១៖ ច្បាប់ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់វិសោធកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថ
*ទី២៖ ការគ្រប់គ្រងគ្រឹះស្ថានផលិតឱសថ និងគ្រឹះស្ថានផលិតឧបករណ៍បរិក្ខាពេទ្យ
*ទី៣៖ ការគ្រប់គ្រងគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ
*ទី៤៖ បែបបទអាហរ័ណ នីហរ័ណឱសថ
*ទី៥៖ ការផ្សព្វផ្សាយឱសថ ឬផលិតផលដែលមានគុណភាពបង្ការ ឬព្យាបាលជំងឺ
*ទី៦៖ Logistics management
*ទី៧៖ Supply Chain Management (SCM)
*ទី៨៖ Key logistics terms ដែលធ្វើការបង្ហាញវាគ្មិនកិត្តិយសចំនួន២រូបគឺ៖ លោកសាស្ត្រាចារ្យជំនួយ វ៉ា សុខគា អនុប្រធានទី២ គណៈឱសថការីកម្ពុជា និងលោកឱសថការី ទូច ផល្លា អនុប្រធានការិយាល័យនិយ័តកម្ម នៃនាយកដ្ឋានឱសថ ចំណីអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង ក្រសួងសុខាភិបាល។

វគ្គបណ្ដុះបណ្ដាល ស្ដីពី «ការអភិវឌ្ឍវិជ្ជាជីវៈបន្តសម្រាប់អ្នកប្រកបវិជ្ជាជីវៈឱសថសាស្ត្រ និងអមវេជ្ជសាស្ត្រ» គឺជាវគ្គបណ្ដុះបណ្ដាលមួយដែលអាចជួយបំភ្លឺផ្លូវ និងជាការផ្តល់នូវចំណេះដឹងថ្មីៗ និងបទពិសោធន៍បន្ថែមទៀតដល់អ្នកចូលរួម។

ក្នុងនោះដែរ វិស័យឱសថសាស្ត្រ ដែលជាដំណោះស្រាយមួយយ៉ាងសំខាន់សម្រាប់ផ្ដល់សេវាឱសថសាស្ត្រ ដល់អ្នកជំងឺឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ និងប្រសើរជាងមុន ជាមួយគ្នានេះដែរ ឱសថការីកម្ពុជាគ្រប់រូបក៏ត្រូវសិក្សាស្វែងយល់ និងរៀនសូត្របន្ថែមជាប្រចាំ ដើម្បីដើរឲ្យទាន់នៃការវិវឌ្ឍរបស់ពិភពលោក៕