(ត្បូងឃ្មុំ)៖ អាជ្ញាធរខេត្តត្បូងឃ្មុំ សហការជាមួយមន្ដ្រីជំនាញអគ្គិសនី និងអាជ្ញាធរមូលដ្ឋាន ដឹកនាំដោយលោក ហាក់ សុខមករា អភិបាលរងខេត្តត្បូងឃ្មុំ នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានចុះទៅអូសខ្សែភ្លើងដើម្បីតបណ្ដាញអគ្គិសនីដល់ផ្ទះប្រជាពលរដ្ឋ ស្ថិតក្នុងភូមិតាហ៊ែងលើ ឃុំកោងកាង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
ប្រតិបត្តិការ តបណ្ដាញអគ្គិសនីជូនពលរដ្ឋនេះ បានធ្វើឡើងក្រោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានទទួលយកការស្នើសុំពីពលរដ្ឋ ចំនួន១០៥គ្រួសារ នៅពេលដែលសម្ដេចតេជោ ចុះសំណេះសំណាលជាមួយលោកយាយម្នាក់ ដែលធ្លាប់បានផ្ដល់ផ្ទះឲ្យសម្ដេច និងសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ស្នាក់នៅក្នុងសម័យសង្គ្រាម នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៦កន្លងទៅនេះ។
ពេលនោះដែរប្រជាពលរដ្ឋ១០៥គ្រួសារ នៅក្នុងភូមិខាងលើបានធ្វើការស្នើសុំឲ្យសម្ដេចតេជោ ផ្ដល់អគ្គិសនីឲ្យពួកគាត់ដើម្បីប្រើប្រាស់ ហើយសម្ដេចតេជោ ក៏បានទទួលយកនូវសំណើរនេះ ហើយបានបញ្ជាឲ្យអាជ្ញាធរខេត្ត និងមន្ដ្រីជំនាញធ្វើការងារនេះជាបន្ទាន់ ជាក់ស្ដែងនៅព្រឹកនេះ អាជ្ញាធរពាក់ព័ន្ធ ដឹកនាំដោយលោកអភិបាលរងខេត្ត បានចេញប្រតិបត្តិការ ចុះតបណ្ដាញអគ្គិសនីនេះតែម្ដង។
ជាការឆ្លើយតប ពលរដ្ឋ១០៥គ្រួសារ និងអាជ្ញាធរមូលដ្ឋាន នៅក្នុងភូមិតាហ៊ែងលើ ឃុំកោងកាង ស្រុងត្បូងឃ្មុំ បានសម្ដែងនូវក្ដីរីករាយជាពន់ពេក ដែលបានអគ្គិសនីប្រើប្រាស់ ហើយបានថ្លែងអំណរគុណដល់អាជ្ញាធរខេត្ត ជាពិសេសសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលបានគិតគូរពីសុខទុក របស់ពួកគាត់បានទាន់ពេលវេលា៕