(ភ្នំពេញ)៖ តាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ លោកបណ្ឌិត សូ វិសុទ្ធី ប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជា ប្រចាំតំបន់កណ្តាលខាងត្បូង សហរដ្ឋអាមេរិក នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ លោក ខាត់ សាត ប្រធានក្រុមការងារយុវជនបក្សប្រជាជនកម្ពុជាប្រចាំរដ្ឋតិចសាស់ ព្រមទាំងថ្នាក់ដឹកនាំក្រុមការងារទទួលបន្ទុកតាមទីក្រុងនៅសហរដ្ឋអាមេរិក បាននាំយកថវិកាចំនួន ៦,៣៤៣ ដុល្លារសហរដ្ឋអាមេរិកដើម្បីចូលរួមក្នុងយុទ្ធនាការ១ម៉ឺនរៀល ១ម៉ឺននាក់ដើម្បីកុមារកម្ពុជា ជូនមូលនិធិគន្ធបុប្ពា។

តាមការបញ្ជាក់ពីលោក ខាត់ សាត ក្នុងចំនួនទឹកប្រាក់ដែលចូលរួមខាងលើនេះ គឺរួមមានថវិការបស់ លោក ខាត់ ខាតសា និងភរិយាព្រមទាំងបុត្រ ចំនួន១០,០០០,០០០រៀល, ថវិកា សប្បុរសជន ខ្មែរ-អាមេរិក រស់នៅទីក្រុង Houston និងទីក្រុង Austin រដ្ឋTexas សហរដ្ឋអាមេរិក ចំនួន ៣,៨៤៦ដុល្លារអាមេរិក។

លោកក៏បានឲ្យដឹងបន្ថែមដែរថា កន្លងមកសប្បុរសជនខ្មែររស់នៅសហរដ្ឋអាមេរិក សំខាន់ក្រុមការងារ សសយក ប្រចាំនៅសហរដ្ឋអាមេរិកបាននាំយកសម្ភារថវិកា ដូចជាកង់ កុំព្យូទ័រ និងសម្ភារសិក្សាទៅចែកជូនក្មេងៗជាសិស្សានសិស្សដែលមានការខ្វះខាតមួយចំនួននៅតាមជនបទដាច់ស្រយាលក្នុងខេត្តពោធិសាត់ ខេត្តកំពង់ស្ពឺជាដើម។

លោកបន្តថា អ្វីជាសំខាន់នៃសកម្មភាពការងារសប្បុរសធម៌របស់បងប្អូនយើងនៅទីនោះ គឺអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំ ក៏ដូចជាសំណូមពរជាក់ស្តែងរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋានដែលជួបការលំបាកផងដែរ៕