(អូស្រ្តាលី)៖ បន្ទាប់ពីត្រូវបានលាតត្រដាងថា យន្តហោះចម្បាំងរបស់ប្រទេសអូស្រ្តាលី ក៏បានចូលរួមក្នុង ប្រតិបត្តិការទម្លាក់គ្រាប់បែកច្រឡំលើកងទ័ពស៊ីរីដែរនោះ នាយករដ្ឋមន្រ្តីអូស្រ្តាលីលោក Malcolm Turnbull ក៏បានចេញមុខសម្តែងការសោកស្តាយចំពោះកំហុសនោះ ដែលបានបណ្តាលឲ្យទាហានស៊ីរីស្លាប់បាត់បង់ជីវិត ៦២នាក់ និងទទួលរងរបួសអស់ជាច្រើននាក់។ នេះបើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ នៅមុននេះបន្តិចនាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
លោកនាយករដ្ឋមន្រ្តី បានឲ្យបញ្ជាក់ទៀតថា យន្តហោះចម្បាំងប្រទេសអូស្រ្តាលីបានចូលរួមក្នុង ប្រតិបត្តិការទម្លាក់គ្រាប់បែក ដែលបានសម្លាប់ទាហានរបស់រដ្ឋាភិបាលស៊ីរី ជាង៦០នាក់ដែលត្រូវបាន យល់ច្រឡំថា ជាក្រុមពួក ISIS នៅក្បែរព្រលានយន្តហោះ Deir Ezzor ភាគខាងកើតប្រទេសស៊ីរី ហើយប្រតិបត្តិការទម្លាក់គ្រាប់បែក ត្រូវបានបញ្ឈប់ជាបន្ទាន់ នៅពេលបានដឹងពីការយល់ច្រឡំនេះ។
ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតីស៊ីរី បាននិយាយថា រដ្ឋាភិបាលស៊ីរីជឿជាក់ថា ការទម្លាក់គ្រាប់បែក របស់សម្ព័ន្ធមិត្តអាមេរិក គឺជាការធ្វើឡើងដោយចេតនាសុទ្ធសាធ ប៉ុន្តែសេចក្តីថ្លែងការណ៍ក្រសួង ការពារជាតិអូស្រ្តាលីបានអះអាងថា ការស្លាប់បាត់បង់ជីវិតនៅក្នុងការវាយប្រហារនេះគឺជា សោកនាដកម្មមួយ ដែលបានកើតឡើងដោយចៃដន្យ ហើយប្រទេសអូស្រ្តាលីមានការសោកស្តាយ ជាខ្លាំងចំពោះរឿងនេះ។
សេចក្តីថ្លែងការណ៍ខាងលើ បានបញ្ជាក់ទៀតថាកងកម្លាំងយោធាអូស្រ្តាលី មិនអាចប៉ុនប៉ងធ្វើការ វាយប្រហារដោយចេតនា ទៅលើក្រុមណាផ្សេងក្រៅពីពួក ISIS ឡើយ។ ក្រៅពីការថ្កោលទោស របស់រដ្ឋាភិបាលស៊ីរីទៅលើអាមេរិក និងអូស្ត្រាលីនោះ ប្រទេសរុស្ស៊ីក៏បានចេញសេចក្តីថ្លែងការណ៍ មួយផងដែរ ជុំវិញការបកស្រាយសូមអភ័យទោសពីទីក្រុង វ៉ាស៊ីនតោន នោះដោយក្រសួងការបរទេស រុស្ស៊ី បានលើកឡើងថា «យើងបានចាត់ទុកអ្វី ដែលបានកើតមានឡើងថា ជាធម្មជាតិនៃការបដិសេធរបស់អាមេរិកទៅហើយ» ៕