(ភ្នំពេញ)៖ លោកបណ្ឌិត​ អូស្មាន​ ហាស្សាន់​ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស​ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ​ ​លោក Buru Tilahun Ejetta ប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិន នៃអាកាសចរណ៍កាតា​អ៊ែវេ (Qatar Airways) នាថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ នៅវិមានសន្តិភាព រាជធានីភ្នំពេញ​។

ជំនួបនេះ ធ្វើឡើងក្នុងគោលបំណងសិក្សាលើទីផ្សារ ដើម្បីពិនិត្យជំរុញការជើងហោះហើរ និងការធ្វើកិច្ចសហប្រតិបត្តិការ លើ វិស័យហោះហើរនាៗ។

នាឱកាសនោះ លោកបណ្ឌិត បានលើកឡើងថា ពីអតីតកាលកម្ពុជាដែលជាប្រទេសមួយ មានសង្គ្រាមរាំរ៉ៃជាយូរឆ្នាំរហូតដល់ចុងឆ្នាំ១៩៩៨ ទើបទទួលបានសន្តិភាពពេញលេញ ដែលកម្ពុជាបានខិតខំស្ដារប្រទេសជាតិលើគ្រប់វិស័យ ដែលមកដល់ពេលនេះកម្ពុជាមានការរីកចម្រើនលើគ្រប់វិស័យ ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តមកសម្តេចធីបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដោយបានបង្កនូវភាពងាយស្រួលដល់វិនិយោគទុនក្នុងស្រុក និងបរទេសតាមច្បាប់ ធ្វើការស្ដារហេដ្ឋារចនាសម្ព័ន្ធ សំខាន់ៗជាច្រើនមានដូចជា ការសាងសង់ផ្លូវល្បឿនលឿន ព្រលានយន្តហោះថ្មីៗ កំពង់ផែកម្រិតអន្តរជាតិ ស្ពាន និងវិស័យសំខាន់ៗផ្សេងៗជាច្រើនទៀត ពិសេសការជីកព្រែកហ្វូណនតេជោនៅពេលខាងមុខឆ្នាំនេះ និងបានធ្វើឱ្យសេដ្ឋកិច្ចជាតិ មានកើនឡើងជាបន្តបន្ទាប់។

លោកបណ្ឌិតបានលើកឡើងបន្តថា បច្ចុប្បន្នកម្ពុជា កំពុងសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោ (TECHO INTERNATIONAL AIRPORT "TIA" ) ខ្នាតF4  នៅលើផ្ទៃដីលំហំ ២៦០០ហិកតា ដែលសាងសង់បានជាង ៧៨ភាគរយហើយ ដែលនឹងចំណាយថវិកាប្រមាណជាង១៥០០លានដុល្លារ នៅដំណាក់កាលទី១ នឹងអាចបើកដំណើរការ នៅពាក់កណ្តាលឆ្នាំ២០២៥ ខណៈពេលនោះអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នឹងត្រូវបិទដំណើរការ ដោយជំនួសមកវិញនូវអាកាសយាន្តដ្ឋានអន្តរជាតិតេជោនេះ។

ទន្ទឹមគ្នានេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ បានស្នើឲ្យប្រធានគ្រប់គ្រងតំបន់ឥណ្ឌូចិន នៃអាកាសចរណ៍កាតាអ៊ែវេ ពិនិត្យលទ្ធភាពជួយគាំទ្រ និងជំរុញទេសចរមូស្លីមមកកាន់គោលដៅកម្ពុ​ជា​ ដែលស្របនឹងក្រសួងទេសចរណ៍​ បាននិងកំពុង​អនុវត្ត​ផែនការអភិវឌ្ឍន៍​ទេសចរណ៍​មូស្លីម​កម្ពុជា ដើម្បីឲ្យ វិស័យឯកជន​ មូលដ្ឋានអាជីវកម្ម​ទេសចរណ៍​ និងភាគីពាក់ព័ន្ធ​ បានត្រៀម និង​រៀបចំខ្លួន​ក្នុងការចាប់យក​ទីផ្សារទេសចរណ៍មូស្លីមផងដែរ។

បន្ទាប់ពីបានស្តាប់ការរៀបរាប់ពីស្ថានភាពសេដ្ឋកិច្ចកម្ពុជា ដោយលោកទេសរដ្ឋមន្ត្រីខាងលើរួច លោក Buru Tilahun Ejetta ​ បានបង្ហាញការសាទរជាខ្លាំង ចំពោះការរីកចម្រើនទាំងឡាយនៃសេដ្ឋកិច្ចកម្ពុជាយ៉ាងឆាប់រហ័ស។

លោក Buru Tilahun Ejetta បានថ្លែងថា អាកាសចរណ៍កាតាអ៊ែវេ បានជាប់ចំណាត់ថ្នាក់​ជាក្រុមហ៊ុនអាកាសចរណ៍ ល្អបផុតជាប់ៗគ្នាចំនួន៨លើករួចមកហើយ រួមទាំងនៅឆ្នាំ ២០២៤ នេះផងដែរ ហើយព្រលានយន្តហោះ Hamad International Airport (HIA) ដែលជាព្រលានរបស់អាកាសចរណ៍កាតាអ៊ែវេ ក៏បានជាប់ចំណាត់ថ្នាក់ ជាព្រលានល្អបំផុតលើពិភពលោកចំនួន៣លើកផងដែរ។

ជាមួយគ្នានេះ លោកបញ្ជាក់ថា នឹងពិនិត្យលទ្ធភាពជួយបង្កជំរុញទេសចរណ៍មូស្លីមមកកាន់គោលដៅកម្ពុ​ជា​នាពេលមុខ ព្រោះកម្ពុជាជាប្រទេសដែលមានសុខសន្តិភាព មានតំបន់ទេសចរណ៍ និងផ្តល់ភាពងាយស្រួលដល់​ អ្នកទេសចរផងដែរ និងធ្វើកិច្ចសហប្រតិបត្តិការហោះហើរនឹងព្រលានថ្មី។

កន្លងមកអាកាសចរណ៍កាតា​អ៊ែវេ បានជួយសម្របសម្រួលការងារដឹកជញ្ជូនជាច្រើន ជូនដល់អ្នកធ្វើដំណើរទាំងអស់ ដូច្នេះទើបធ្វើឲ្យក្រុមហ៊ុននេះ មានជើងហោះហើរជាច្រើនប្រកួតប្រជែងនៅលើពិភពលោក។

បច្ចុប្បន្នអាកាសចរណ៍កាតាអ៊ែវេ មានយន្តហោះចំនួន២៥៩ ក្នុងនោះមាន យន្តហោះដឹកអ្នកដំណើរចំនួន២៣០យន្តហោះដឹកទំនិញចំនួន២៩ និងក្រុមហ៊ុនQatar Executive, Business Jet Fieet ជាយន្តហោះពាណិជ្ជកម្មឯកជន ចំនួន២៥គ្រឿង។ កាតាអ៊ែវេ បានដឹកជញ្ជូនភ្ញៀវជាង៤៥លាននាក់ នៅឆ្នាំ២០២៣កន្លងទៅ។

បច្ចុប្បន្នកាតាអ៊ែវេ មានគោលដៅហោះហើរទៅកាន់ ប្រទេសផ្សេងៗ មានចំនួន ១៧៦គោលដៅ ក្នុងនោះ ទ្វីបអាហ្វ្រិកចំនួន២៩គោលដៅ, ទ្វីបអឺរ៉ុបចំនួន៤៩គោលដៅ អាមេរិកចំនួន១៣គោលដៅ អាស៊ីប៉ាស៊ីហ្វិកចំនួន៥២គោលដៅមជ្ឈិមបូព៌ា និងកូកាស៊ីស (Caucasua) ចំនួន៣៣គោលដៅ។ បច្ចុប្បន្នក្រុមហ៊ុនអាកាសចរណ៍កាតាមានយន្តហោះ ដឹកអ្នកដំណើរពីរាជធានីភ្នំពេញ១ថ្ងៃ ចំនួនមួយជើង ជារៀងរាល់ថ្ងៃ។

លោកបណ្ឌិត បានអញ្ជើញឲ្យលោក Buru Tilahun Ejetta ទៅទស្សនាព្រលានថ្មី នៅថ្ងៃទី២៧ ខែមិថុនាដែលមានទីតាំង ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល៕