(កំពង់ធំ)៖ លោក គង់ វិមាន អភិបាលរងខេត្តកំពង់ធំ បានចុះពង្រឹងការងារមូលដ្ឋានឃុំពពក ស្រុកស្ទោង ខេត្តកំពង់ធំ ដោយបញ្ជាឱ្យសមត្ថកិច្ច មន្រ្តីរាជការ អាជ្ញាធរទាំងអស់ ត្រូវពន្លឿនការចុះធ្វើ អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនប្រជាពលរដ្ឋ និងត្រូវផ្សព្វផ្សាយជំរុញឱ្យពួកគាត់ រួសរាន់ទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់គ្នា។
សកម្មភាពនេះ ធ្វើឡើងនៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ ដែលមានមន្រ្តីរាជការប្រមាណ ១៤០នាក់ ដើម្បីស្តាប់ការលើកឡើងពី បញ្ហាប្រឈមនានា ដើម្បីយកទៅដោះស្រាយជូនប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត បានស្នើឲ្យអាជ្ញាធរមូលដ្ឋាន ត្រូវបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា ភាពយុត្តិធម៌ តម្លាភាព ធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រជាពលរដ្ឋ ពោលត្រូវយកចិត្តទុកដាក់ជួយទុក្ខធុរៈគ្នានៅតាមឃុំ ភូមិ។
លោកបញ្ជាឱ្យអាជ្ញាធរត្រូវពិនិត្យមើលនូវចំណុចកង្វះខាត ដើម្បីរកដំណោះស្រាយ រាល់បញ្ហាដែលមានកើតឡើងកន្លងមក នៅតាមបណ្ដាមូលដ្ឋាន ព្រមទាំងបានក្រើនរម្លឹក ដល់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ច ត្រូវចុះឲ្យដល់លំនៅដ្ឋាន ធ្វើអត្តសញ្ញាប័ណ្ណសញ្ជាតិខ្មែរគំរូថ្មី ជូនដល់ប្រជាពលរដ្ឋដែលមិនទាន់បានធ្វើ។ ម្យ៉ាងទៀតរាល់អត្តសញ្ញាណប័ណ្ណ ដែលបានធ្វើហើយត្រូវយកទៅប្រគល់ជូនពួកគាត់ ឲ្យបានគ្រប់ៗគ្នា ដើម្បីអនុវត្តនូវអនុសាសន៍ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងគ្រប់គ្រងឲ្យបានចំពោះការធ្វើចំណាកស្រុក ក្នុងប្រទេស និងចំណាកក្រៅប្រទេស របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរបស់ខ្លួន។
លោក គង់ វិមាន ក៏បានបញ្ជាឱ្យមន្រ្តី ត្រូវជួយផ្សព្វផ្សាយជំរុញឲ្យប្រជាពលរដ្ឋ ទៅចុះឈ្មោះបោះឆ្នោត នៅពេលខាងមុខ ឲ្យបានគ្រប់គ្នា និងត្រូវរកបញ្ហាប្រឈម ដែលជាហេតុធ្វើឲ្យរាំងស្ទះ នៃការចុះឈ្មោះ បោះឆ្នោត របស់ប្រជាពលរដ្ឋ ជួយពន្យល់ណែនាំប្រជាពលរដ្ឋឲ្យបានច្បាស់លាស់ អំពីការចុះឈ្មោះបោះឆ្នោតព្រោះការចុះឈ្មោះ គឺជាការកំណត់របស់ គណៈកម្មាធិការរៀបចំ ការបោះឆ្នោត ដោយចាប់គិតពីថ្ងៃទី១ ខែកញ្ញា ដល់ ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ ២០១៦។ លោកបានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាន ឲ្យធ្វើអំពើល្អ ជាគំរូល្អ ដល់ប្រជាពលរដ្ឋដើម្បីឲ្យ ប្រជាពលរដ្ឋជឿទុកចិត្ត៕