(ភ្នំពេញ)៖ លោក ចាន់ សារុទ្ធ អនុរដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមសិក្ខាសាលាអន្តរជាតិ ស្តីពីការលើកកម្ពស់ សមត្ថភាពប្រកួតប្រជែងដំណាំពោតនៅកម្ពុជា។ កម្មវិធីនេះ ធ្វើឡើងនៅសណ្ឋាគារភ្នំពេញ។
កម្មវិធីនេះ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង, មន្ទីរកសិកម្ម ខេត្តកំពង់ចាម និងត្បូងឃ្មុំ ប្រជាកសិករដាំពោតមកពីខេត្តកំពង់ចាម និងត្បូងឃ្មុំ និងភាគីពាក់ព័ន្ធ ប្រមាណ៧០នាក់ ដែលរៀបចំដោយ មន្ទីរកសិកម្មខេត្ដកំពង់ចាម និងមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា។
លោកបណ្ឌិត Song Young Ju ប្រធានមជ្ឈមណ្ឌល KOPIA ប្រចាំកម្ពុជា មានសេចក្តីសោមនស្សរីករាយ និងថ្លែងអំណរគុណ ដល់លោកបណ្ឌិត អ៊ុក ម៉ាការា ព្រមទាំងលោកបណ្ឌិត នៅ ថុង រួមទាំងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមឲ្យមានភាពជោគជ័យ នៃពូជពោតចំណីសត្វ (CHM01)។
ទាក់ទងនឹងការងារនេះ លោកបណ្ឌិត Song Young Ju បានបន្ថែមថា ត្រូវយកចិត្តទុកដាក់បន្ថែមទៀត ទាំងវិទ្យាសាស្ត្រកសិកម្ម និងបច្ចេកវិទ្យា ព្រមទាំងធ្វើការផ្សព្វផ្សាយ ពីលទ្ធភាពពោតនេះផងដែរ ខណៈដំណាំពោត ជាប្រភេទដំណាំសំខាន់របស់កម្ពុជា នាបច្ចុប្បន្ន និងពេលអនាគត។
ជាមួយគ្នានេះ លោក ចាន់ សារុទ្ធ បានថ្លែងអំណរគុណដល់មជ្ឈមណ្ឌល KOPIA ដែលមានកិច្ចសហការយ៉ាងល្អ ក្នុងការចូលរួមជួយដល់ពូជពោតកម្ពុជា (CHM01) ឲ្យមានភាពជោគជ័យ។
លោកបានលើកឡើងថា គម្រោងពោតនេះ ធ្វើឡើងជាច្រើនខេត្តដូចជា៖ កំពង់ចាម ត្បូងឃ្មុំ កណ្តាល បាត់ដំបង និងប៉ៃលិនជាដើម ដែលបានជួយដល់បងប្អូនប្រជាកសិករកម្ពុជា ឲ្យយល់ដឹង និងកាត់បន្ថយតម្លៃដើមនៃពូជពោត។
លើសពីនេះទៀត លោក ចាន់ សារុទ្ធ បានណែនាំឲ្យបងប្អូនកសិករបន្តផែនការនេះ ដោយខ្លួនឯងពីមួយជំហ៊ានទៅមួយជំហ៊ាន ឲ្យមានភាពរឹងមាំ ទោះបីគម្រោងនៅជួយបន្ថែមក៏ដោយ។
លោក ចាន់ សារុទ្ធ បានឲ្យដឹងថា កន្លងមកនេះ យើងមានការកសាងសមត្ថភាព និងការផ្តល់ធនធានសម្ភារៈផ្សេងៗ ពីគម្រោងរួចមកហើយ យើងត្រូវចេះប្រើប្រាស់ឲ្យមានប្រសិទ្ធភាព និងចំគោលដៅ ហើយអាចបន្តការងារនេះ បានយ៉ាងរលូន នៅពេលគម្រោងបានបញ្ចប់។
លោកបណ្ឌិត នៅ ថុង, លោកបណ្ឌិត អ៊ុក ម៉ាការា, លោកបណ្ឌិត Choi Keun Jin និងលោក Nguyen Chin Tanh ក៏បានធ្វើបទបង្ហាញពីស្ថានភាពទូទៅ នៃដំណាំពោត ការផលិត និងការចែកចាយ គ្រាប់ពោត និតិវិនិនៃការស្នើសុំចុះបញ្ជីគ្រាប់ពូជ សិទ្ធរបស់អ្នកបង្កាត់ពូជ ក៏ដូចជាផែនការស្រាវជ្រាវពូជពោតនាពេលអនាគត ឲ្យមានភាពប្រសើរឡើងបន្ថែមទៀត នៃពូជពោត ដោយធ្វើឲ្យដើមរឹងមាំ ស្នូលរឹងកប់ជ្រៅ ដើមទាប ដោយមានលក្ខណៈពិសេស ឆ្លើយតបទៅតាមតម្រូវការទីផ្សារ និងសមស្របនឹងសណ្ឋានដីនៃប្រទេសកម្ពុជា៕