(ភ្នំពេញ)៖ ក្រសួងសាធារណការ និងដឹកជញ្ជូន នារសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ដើម្បីផ្ដល់សិទិ្ធប្រតិបត្តិការវិនិយោគឱ្យទៅក្រុមហ៊ុន ដើម្បីក្រុមហ៊ុនអាចគ្រប់គ្រងធ្វើប្រតិបត្តិការ និងថែទាំកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត។ ក្រុមហ៊ុនត្រូវរៀបចំដំណើរការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែសាកល្បងនៅក្នុងត្រីមាសទី៣ និងអនុវត្តការធ្វើប្រតិបត្តិការអាជីវកម្មកំពង់ផែពេញលេញនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៤នេះ។
កិច្ចព្រមព្រៀងនេះបានធ្វើឡើងក្រោមវត្តមានលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងភាគីរាជរដ្ឋាភិបាល និងឧកញ៉ា លឹម ប៊ុនសួរ អគ្គនាយកក្រុមហ៊ុន អេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ដោយមានការចូលរួមពីសំណាក់ លោក លោកស្រី ជាថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ តំណាងក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំក្រុមហ៊ុនអេហ្សេត ប៊ីលឌើរ ឯ.ក (AZ Builders Co., Ltd.) ប្រមាណ ៥០រូប
នាឱកាសនោះលោក ប៉េង ពោធិ៍នា បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត មានទំហំទឹកប្រាក់ប្រមាណ ១០លានដុល្លារអាម៉េរិក ជាឥណទានពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) មានទីតាំងស្ថិតនៅស្រុកទឹកឈូ ខេត្តកំពត ត្រូវបានសាងសង់ឡើងនៅលើផ្ទៃដីទំហំ ៤,២៥ហិកតា ដែលជាអំណោយរបស់ អ្នកឧកញ៉ា វិញ ហួរ ជូនរាជរដ្ឋាភិបាល កម្ពុជា។
ដំណើរការសាងសង់កំពង់ផែនេះត្រូវបានគ្រប់គ្រងដោយក្រសួងទេសចរណ៍ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ ហើយគ្រោងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែដោយសារមូលហេតុបច្ចេកទេសសំណង់ ដំណើរការសាងសង់ត្រូវបានពន្យារពេល។ ដើម្បីជំរុញល្បឿន នៃការសាងសង់កំពង់ផែនេះ រាជរដ្ឋាភិបាលបានប្រគល់ភារកិច្ចជូនក្រសួងសាធារណការ និងដឹកជញ្ជូន គ្រប់គ្រងលើផ្នែកបច្ចេកទេស ថវិកា និងការងារសាងសង់ ដើម្បីអនុវត្តគម្រោងបន្ត ហើយដែលការសាងសង់នេះ ត្រូវបានបញ្ចប់ទាំងស្រុងកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២។
ហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួចរាល់ជាស្ថាពរ រួមមាន៖ ចំណតនាវា អគាររដ្ឋបាល ស្ថានីយអ្នកដំណើរ អគារបច្ចេកទេស ផ្លូវបេតុងចូលកំពង់ផែប្រវែង ២,៤០គីឡូម៉ែត្រ បណ្តាញអគ្គិសនី ទឹកស្អាត របង ប៉ុស្តិ៍យាម ផ្លូវក្នុងបរិវេណកំពង់ផែ ចំណតរថយន្ត សួនច្បារ ស្រះទឹក កន្លែងទុកដាក់សំរាម និងការបំពាក់ឧបករណ៍សម្ភារៈចាំបាច់មួយចំនួន ដើម្បីធានាដល់ប្រតិបត្តិការរបស់កំពង់ផែ។
លោករដ្ឋមន្ត្រី ប៉េង ពោធិ៍នា ក៏បានបង្ហាញនូវសុទិដ្ឋិនិយមថា តាមរយៈការចុះកិច្ចព្រមព្រៀងនៅថ្ងៃនេះ ក្រុមហ៊ុន AZ Builders Co., Ltd នឹងសហការល្អជាមួយក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ដើម្បីអនុវត្តកិច្ចព្រមព្រៀងនេះឱ្យមានប្រសិទ្ធភាពខ្ពស់ សម្រាប់បម្រើផលប្រយោជន៍ របស់ប្រទេសជាតិនិយាយជារួម និងផលប្រយោជន៍របស់ក្រុមហ៊ុននិយាយដោយឡែក។
គួរបញ្ជាក់ផងដែរថា កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត គឺជាច្រកទ្វារអន្តរជាតិផ្លូវសមុទ្រមួយយ៉ាងសំខាន់សម្រាប់តភ្ជាប់ការដឹកជញ្ជូនភ្ញៀវទេសចរ ពីបណ្ដាប្រទេសនានា ជាមួយនឹងប្រទេសកម្ពុជា និងបង្កលក្ខណៈងាយស្រួលដល់ការធ្វើដំណើរលេងកំសាន្តរបស់ភ្ញៀវទេសចររវាងកំពង់ផែនេះ និងតំបន់កោះនានានៃប្រទេសកម្ពុជា ព្រមទាំងផ្តល់ឱកាសការងារ និងប្រាក់ចំណូលសម្រាប់កំណើនសេដ្ឋកិច្ចជាតិផងដែរ៕