(សៀមរាប)៖ សំណង់ស្ពានថ្មថ្មីៗ ចំនួន៣កន្លែង ឆ្លងកាត់ស្ទឹងប្រវត្តិសាស្ត្រសៀមរាប ត្រូវបានចាប់ផ្ដើមបើកការដ្ឋានសាង់សងជាផ្លូវការ នាព្រឹកទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ ក្រោមវត្តមាន លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹងជញ្ជូន និងលោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប។ លោកទេសរដ្ឋមន្រ្តី ក៏បានផ្ដល់កៅស៊ូត្រជាក់ ចំនួន៥តោន សម្រាប់អ៊ុតជួសជុលផ្លូវ នៅខេត្តសៀមរាបផងដែ។
សកម្មភាពខាងលើ ក៏មានការចូលរួមពី លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត, និងមន្ត្រីរាជការ អាជ្ញាធរដែនដី យុវជនកាយឫក យុវជនកាកបាទក្រហម ភ្ញៀវជាតិ-អន្តរជាតិ ប្រជាពលរដ្ឋ សិស្សានុសិស្សសរុប ជាង៥០០នាក់ ផងដែរ។
ក្នុងឱកាសនោះ លោក ឃឹម ប៊ុនសុង បានថ្លែងអំណរគុណដល់ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ដែលបានផ្តល់ស្ពានថ្មថ្មីៗ ចំនួន៣នេះ រួមមានស្ពានព្រះរាជដំណាក់ ស្ពានវត្តពោធិ៍លង្កា និងស្ពានវត្តព្រះឥន្ទកោសា។
លោកបានឱ្យដឹងដែរថា ស្ពានអតីតមន្ទីរទេសចរណ៍ ដែលសាងសង់កាលពីឆ្នាំ២០០៥ ហើយសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការនៅឆ្នាំ២០១៦នោះ សាងសសង់ឡើងក្នុងគោលបំណងជួយពង្រឹងនូវហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្ត របស់ខេត្ត ក្នុងស្ថានភាពបច្ចុប្បន្ន សេដ្ឋកិច្ច មនុស្ស និងការចរាចរ កើនឡើងយ៉ាងគំហុក។ នេះមិនត្រឹមតែជាសក្ខីភាពបញ្ជាក់ឲ្យឃើញ នូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានឆ្លុះបញ្ចាំងឲ្យឃើញ នូវការគិតគូរខ្ពស់ និងប្រឹងប្រែងប្រកបដោយចក្ខុវិស័យ ពីសំណាក់ថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាល ដើម្បីវឌ្ឍនភាពសង្គម កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍលើគ្រប់វិស័យ។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ បាន មានលើកកឡើងថា យោងតាមសំណើរបស់អភិបាលខេត្ត និងភាពចាំបាច់សម្រាប់ក្រុងទេសចរណ៍ប្រវត្តិសាស្ត្រមួយនេះ លោកក៏បានដាក់សំណើរជូនសម្ដេចតេជោ ហ៊ុន សែន និងបានឯកភាពប្រគល់ជូនស្ពានទាំង៣ នាពេលនេះ។
លោកបញ្ជាក់ថា ស្ពានព្រះរាជដំណាក់ មានបណ្តោយ ៤៦ម៉ែត្រ និងទទឹង ៨.២ម៉ែត្រ, និងស្ពានវត្តពោធិ៍លង្កា មានបណ្តោយ ៣៣ម៉ែត្រ និងទទឹង ៩ម៉ែត្រ ដែលសរុបថវិកាអស់ចំនួន ៣,៤៩១ពាន់លានរៀល នាពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀតរបស់ខេត្ត ជូនប្រជាពលរដ្ឋខេត្តសៀមរាបទាំងមូល លើការអភិវឌ្ឍក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធស្ពាន ដែលស្ពានទាំងពីរនឹងបានចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការកាត់បន្ថយការលំបាករបស់ប្រជាពលរដ្ឋ មិនត្រឹមតែជួយសម្រួលដល់ការកកស្ទះចរាចរណ៍ ការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ ប៉ុណ្ណោះទេ ថែមទាំងបានដើរតួយ៉ាងសំខាន់ក្នុងកិច្ចការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុខមាលភាពសង្គមទៀតផង កត្តានេះនឹងរួមចំណែកលើកកម្ពស់ជីវភាពរស់នៅ និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុង ក្រុងសៀមរាប បានមួយកម្រិតថែមទៀត។
ជាមួយគ្នានេះ លោកទេសរដ្ឋមន្ដ្រី និងអភិបាលខេត្ត បានប្រគល់គ្រឿងឥស្សរិយយស និងមេដៃជូនថ្នាក់ដឹងនាំ មន្រ្តីរាជការ និងជំនួយការជនជាតិជប៉ុនសរុបចំនួន ១៥នាក់។ ហើយក្រសួងសាធារណការ ក៏បានផ្ដល់កៅស៊ូត្រជាក់ (អ៊ិចសែល) ចំនួន៥តោន ពីប្រទេសជប៉ុន សម្រាប់អ៊ុត ជួសជុលផ្លូវ នៅខេត្តសៀមរាបផងដែរ៕