(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនលោកស្រី គាត់ ឆេន ចំពោះមរណភាពព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។

សារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន បានខ្លឹមសារទាំងស្រុងដូច្នេះថា «ខ្ញុំ និងភរិយា មានសេចក្តីរំជួលចិត្តឥតឧបមា ដោយបានទទួលដំណឹងថា លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ បានទទួលមរណភាព នៅថ្ងៃសុក្រ ៧រោច ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ វេលាម៉ោង ១២:៤០នាទីថ្ងៃត្រង់ ក្នុងជន្មាយុ ៨០ឆ្នាំ ដោយជរាពាធ។

ក្នុងពេលវេលាប្រកបដោយទុក្ខដ៏ក្រៀមក្រំបំផុតនេះ ខ្ញុំ និងភរិយា សូមចូលរួមរំលែកទុក្ខ និងក្តីស្រណោះអាឡោះអាល័យជាមួយលោកស្រី និងក្រុមគ្រួសារ ចំពោះការបាត់បង់លោកព្រឹទ្ធាចារ្យកោសល្យ វោហារ គង់ ណៃ ដែលជាការបាត់បង់នូវស្វាមី ឪពុក ជីតាប្រកបដោយសង្គហធម៌ដ៏ល្អប្រពៃ ព្រហ្មវិហារ ធម៌មិនចេះរីងស្ងួត, ជាការបាត់បង់នូវមរតកមនុស្សរស់ដ៏ឆ្នើមមួយរូប និងជាធនធានដ៏កម្របំផុតរបស់កម្ពុជា ក្នុងវិស័យចាប៉ីដងវែងបុរាណខ្មែរ។

ទោះបីរូបកាយរបស់ លោកព្រឹទ្ធាចារ្យកោសល្យវោហារ បានបាត់ទៅមែនពិត ប៉ុន្តែលោកព្រឹទ្ធាចារ្យ បានបន្សល់ទុកនូវអំពើជាកុសល កិត្តិយសដ៏ឧត្តុង្គឧត្តម សេចក្តីថ្លៃថ្នូរ ភាពតស៊ូអំណត់ព្យាយាម និងស្នាដៃសិល្បៈគួរឱ្យកោតសរសើរនិងគួរជាទីមោទនៈសម្រាប់ជាតិខ្មែរ ដែលនឹងនៅ ស្ថិតស្ថេរជានិច្ចនិរន្តរ៍នៅក្នុងសន្តានចិត្តលោកស្រីជាភរិយា កូន ចៅប្រុសស្រី និងញាតិមិត្តជិតឆ្ងាយទាំងអស់។

ខ្ញុំសូមឧទ្ទិសបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ជួយដួង វិញ្ញាណក្ខន្ធ លោកព្រឹទ្ធាចារ្យកោសល្យវោហារ បានដល់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ»