(កំពង់ធំ)៖ ប្រជាពលរដ្ឋរស់នៅភូមិកំវ៉ែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន បាននិយាយថា ពីមុនមកមានការលំបាកគ្រប់បែបយ៉ាងក្នុងការធ្វើដំណើរពិសេសសិស្សសាលា និងការដឹកជញ្ជូនទំនិញពីទីផ្សារ។

បន្ទាប់ពីបានផ្លូវថ្មីមកមានភាពងាយស្រួលក្នុងការធ្វើដំណើរ និងដឹកជញ្ជូនកសិផល ក្នុងនោះបងប្អូនបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅឲ្យជួយថែរក្សាផ្លូវ និងសំណូមពរ ធ្វើដំណើរបើកបរមានការប្រុងប្រយ័ត្ន បើកក្នុងល្បឿនមធ្យម និងបានថ្លែងអំណរគុណទៅដល់ប្រមុខរាជរាដ្ឋាភិបាល ថ្នាក់ដឹកនាំពិសេសលោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដែលបានសាងសង់ផ្លូវថ្មីជូនពួកគាត់។

លោក ពេញ កែម អភិបាលក្រុងស្ទឹងសែន បានបញ្ជាក់ប្រាប់ភ្នាក់ងារ Fresh News ប្រចាំខេត្តកំពង់ធំ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ថា សមិទ្ធផលថ្មីមួយទៀតរបស់រដ្ឋបាលក្រុងស្ទឹងសែននេះ ជំហរទទួលខុសត្រូវ របស់អាជ្ញាធរក្នុងនាមជាអ្នកដឹកនាំព្រោះបានធ្វើការផ្លាស់ប្តូរពីផ្លូវគ្រួសក្រហមទៅជាផ្លូវបេតុងហើយប្រជាពលរដ្ឋស្រួលធ្វើដំណើរ និងកាន់តែមានសោភ័ណភាពស្អាត ហើយផ្លូវនេះគឺជាផ្លូវមានសារៈប្រយោជន៍ សម្រាប់សិស្សានុសិស្សធ្វើដំណើរទៅសាលារៀន ដឹកកសិផលកសិកម្មឆ្លងកាត់ពីតំបន់ ៣ តំបន់ ២ និងតំបន់ ១ទៅកាន់ទីផ្សារ។

ផ្លូវនេះគឺប្រើប្រាស់កញ្ចប់ថវិកាគុណប្រយោជន៍របស់រដ្ឋបាលខេត្តដែលមានប្រវែង 3,300 m (បីពាន់បីរយម៉ែត្រ) ទទឹង 6m (ប្រាំ មួយម៉ែត្រ)។ លោកបានអំពាវនាវបងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាផ្លូវនេះដើម្បីប្រើប្រាស់ឲ្យបានយូរអង្វែងនិងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕