(ភ្នំពេញ)៖ កម្លាំងនគរបាលខណ្ឌមានជ័យ សហការជាមួយកម្លាំងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ និងកម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជនសង្ស័យប្រុសស្រី៨នាក់ ត្រូវបានចាប់ខ្លួនជាបន្តបន្ទាប់ ពាក់ព័ន្ធក្នុងករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ដោយក្នុងនោះកម្លាំងជំនាញដកហូតថ្នាំបាន៧កញ្ចប់ ម៉ូតូមួយគ្រឿង ព្រមទាំងវត្ថុតាងផ្សេងទៀត។
បើតាមលោក តេង ស៊ីណូ អធិការខណ្ឌមានជ័យ បានឲ្យដឹងថា នៅល្ថាចថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងជំនាញបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សុទ្ធ វិចិត្រ ហៅ ជ្រូក នៅចំណុចផ្លូវលេខ៣១បេតេ ក្រុមទី០១ ភូមិ សន្សំកុសល៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ យោងតាមចម្លើយសារភាព របស់ជនសង្ស័យខាងលើ នៅយប់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦ កម្លាំងចម្រុះចុះឆែកឆេរ និងចាប់ខ្លួនបានបក្ខពួក ៧នាក់ទៀត នៅចំណុចផ្ទះជួលលេខ៦៣ ផ្លូវលំ ក្រុមទី១៣ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ។
លោកអធិការបានបញ្ជាក់ថា ជនសង្ស័យទាំង៧នេះ ទី១-ឈ្មោះ ទី ឡាក់ហេង អាយុ២៧ឆ្នាំ មុខរបរ លក់គ្រឿងបន្លាស់ទូរស័ព្ទដៃ ទី២-ឈ្មោះ ឌឹម សុជាតា អាយុ២១ឆ្នាំ មុខរបរអ៊ុតសក់ ទី៣-ឈ្មោះ គាំ ប៊ុនសែនឌី ហៅតាហ្វា អាយុ១៨ឆ្នាំ មុខរបរសិស្ស វិទ្យាល័យហ៊ុនសែនប៊ុនរ៉ានី ផ្សារដើមថ្កូវ ទី៤-ឈ្មោះ ជួ វីរៈ អាយុ១៧ឆ្នាំ មុខរបរ បុគ្គលិកកាស៊ីណូប៉ោយប៉ែត ទី៥-ឈ្មោះ ដួង វិចិត្រ អាយុ១៧ឆ្នាំ មុខរបរ សិស្សវិទ្យាល័យ ដូនសរ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ទី៦-ឈ្មោះ ទូ ពិសី អាយុ២៥ឆ្នាំ មុខរបរ បើកបររថយន្ត និងទី៧-ឈ្មោះ ម៉ៅ ធារ៉ា អាយុ២៨ឆ្នាំ មុខរបរសិស្ស ដោយក្នុងនោះសមត្ថកិច្ចដកហូតបាន ក្រាមពណ៍សថ្លា៧កញ្ចប់ ម៉ូតូម៉ាក Nex ១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1FQ-8523 លុយខ្មែរ៥០,០០០០រៀល និងវត្ថុតាងមួយចំនួនទៀត។
ក្រោយប្រតិបត្តិការជនសង្ស័យទាំងអស់ ត្រូវបាននាំទៅសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕