(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានថ្លែងថា គណបក្សប្រជាជនកម្ពុជាជាគណបក្សដែលមានភាពចាស់ទុំ ផ្នែកនយោបាយ ពោរពេញដោយបទពិសោធក្នុងការដឹកនាំគ្រប់គ្រងប្រទេស, ថែរក្សាសុខសន្តិភាព និងអភិវឌ្ឍជាតិឱ្យរីកចម្រើន។ «គណបក្សប្រជាជនកម្ពុជាមានអាយុ៧៣ឆ្នាំហើយ និងជាគណបក្សដែលមានភាពចាស់ទុំ នយោបាយនិងពោរពេញដោយបទពិសោធក្នុងការដឹកនាំ គ្រប់គ្រងប្រទេស, នាំយកសុខសន្តិភាពជូនជាតិនោងប្រជាជន និងអភិវឌ្ឍប្រទេសឱ្យរីកចម្រើនរុងរឿង»

នេះគឺជាការថ្លែងរបស់លោក នេត្រ ភក្ត្រា ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៏លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ដែលបានប្រារព្ធធ្វើឡើងនៅស្នាក់ការកណ្តាល គណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានក្រោកឈរតស៊ូហើយបានប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតឡើងរណសិរ្ស សាមគ្គីសង្គ្រោះជាតិកម្ពុជា ដើម្បីបំផុស និងដឹកនាំចលនាប្រជាជននៅទូទាំងប្រទេស វាយផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត។ គណបក្សប្រជាជនកម្ពុជា គឺជាបង្អែកដ៏សំខាន់សម្រាប់ការកសាង និងអភិវឌ្ឍន៍ជាតិតាំងពីអតីតកាល បច្ចុប្បន្នកាល និងថ្ងៃអនាគត។

ចាប់តាំងពីថ្ងៃបដិសន្ធិមកគណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺឈរនៅជាមួយប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជា ឯករាជ្យ សន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម។

លោក នេត្រ ភក្ត្រា បានលើកឡើងថា គណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងរែកពន្ធគ្រប់បែបយ៉ាងដើម្បីបំរើបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ចាប់តាំងពីបដិសន្ធិមក។ នៅក្នុងរយៈពេល៧៣ឆ្នាំមកនេះ ពិសេសចេញ ពីការរំដោះពីរបបប្រល័យពូជសាសន៍ប៉ុលពត មកការកសាងជាតិឡើងវិញពីគំនរផេះផង់ ឈាម និងទឹកភ្នែករហូតទទួលបានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍរីកចំរើនរុងរឿងដូចសព្វថ្ងៃនេះ។ សន្តិភាពដែលមានតំលៃ ជាទីបំផុតសម្រាប់យើងទាំងអស់គ្នា ហើយបើគ្មានសន្តិភាព យើងក៏គ្មានអ្វីៗទាំងអស់នៅថ្ងៃនេះដែរ។

នៅក្នុងឱកាសនេះដែរលោក នេត្រ ភក្ត្រា បានចូលធ្វើការចែករំលែកនូវព័ត៌មាន និងចំណេះដឹងលើ៣ចំណុចធំៗ រួមមាន៖ ប្រវត្តិរបស់គណបក្សប្រជាជនកម្ពុជា, អំពីសកម្មភាព និងស្នាដៃ, បទពិសោធន៍របស់គណបក្ស ប្រជាជនកម្ពុជា ហើយក៏បានគូសបញ្ជាក់ដែរថា ការប្រារព្ធខួបគណបក្សនាឱកាសនេះ គឺបានឆ្លុះបញ្ចាំងអំពីមោទនភាពរបស់របស់ប្រជាជនកម្ពុជា នៅក្នុងដំណើរការនៃការកសាងជាតិ ដោយរហូតមកដល់ពេលនេះ អត់មានគណបក្សណាមួយមកអាចជំនួសគណបក្សប្រជាជនកម្ពុជា នៅក្នុងការថែរក្សានូវសុខសន្តិភាព សេរីភាព និងអភិវឌ្ឍប្រទេសបាននោះទេ។ គណបក្សប្រជាជនកម្ពុជា មានផ្លូវដើររបស់ខ្លួនដ៏ត្រឹមត្រូវ ការសម្រេចចិត្តឈរលើភាពដ៏ត្រឹមត្រូវ ការដាក់ចុះគោលនយោបាយឈរលើភាពត្រឹមត្រូវ ហើយការដឹកនាំប្រទេសឈរលើមូលដ្ឋានច្បាប់ និងភាពត្រឹមត្រូវ តម្កល់ផលប្រយោជន៍ជាតិជាធំ។

នៅក្នុងឱកាសនេះដែរលោក វ៉ា ថន អភិបាល សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាខេត្តក្រចេះ បានអាននូវសន្ទរថារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃបង្កើគណបក្ស ប្រជាជនកម្ពុជា ២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៤។

គណបក្សប្រជាជនកម្ពុជា បានបង្កើតឡើងនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ មានឈ្មោះដើមថា បក្សប្រជាជនបដិវត្ដន៍ខ្មែរ ដោយមានប្រភពពីចលនាតស៊ូ របស់ប្រជាជនកម្ពុជា ប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ គ្រប់ដំណាក់កាល គណបក្សប្រជាជនកម្ពុជា បានសាងស្នាដៃ និងគុណបំណាច់ដ៏ឧត្តមសម្រាប់ជាតិ និងប្រជាជនកម្ពុជាជាច្រើន ជាពិសេសបានផ្ដូលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ រក្សាបានសន្តិភាព កសាងប្រទេសឡើងវិញពីបាតដៃទទេក្រោមគំនរផេះផង់នៃសង្គ្រាម រហូតមានការអភិវឌ្ឍន៍ជាតិរីកចម្រើនដូចបច្ចុប្បន្ន។

ការប្រារព្ធពិធីដ៏ឱឡារិកនេះឡើងក្នុងស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រេ បំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នក ស្នេហាជាតិគ្រប់ៗជំនាន់ ដែលបានតស៊ូពុះពារ ធ្វើពលិកម្មយ៉ាងធំធេងដើម្បីប្រទេសជាតិនៅ គ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ។ យើងទាំងអស់ គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សា រាល់សមិទ្ធផលរបស់ជាតិឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។

ការរស់ឡើងវិញរបស់ប្រជាជាតិខ្មែរយើងដែលបានរំដោះរួចផុតពីរបបប្រល័យពូជសាសន៍, ការបង្កើតបានសន្តិភាពពេញលេញតាមរយៈ នយោបាយឈ្នះ ឈ្នះ និងការអភិវឌ្ឍដ៏រស់រវើករបស់សង្គមជាតិយើងបច្ចុប្បន្ននេះ គឺជាតថភាព ប្រវត្តិសាស្ត្រ ដែលយើងទាំងអស់គ្នាជាខ្មែរគប្បីមានការយល់ដឹងឱ្យបានច្បាស់ និងចងចាំជា និច្ចដើម្បីធានាការកសាងអនាគតមួយរបស់កម្ពុជាប្រកបដោយភាពរុងរឿង ដែលគ្មានអំពើ ប្រល័យពូជសាសន៍ គ្មានការបែកបាក់ជាតិ និងសង្គ្រាមជាថ្មីទៀត។

ក្នុងនាមគណៈកម្មាធិការកណ្តាល សម្តេចប្រធានកិត្តិយសគណបក្ស និងក្នុងនាមប្រធានគណបក្ស សូមសម្តែងការគោរព និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានការជឿជាក់ មុតមាំ ចំពោះការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា បានបោះឆ្នោតគាំទ្រ គណបក្សយ៉ាងច្រើនលើសលប់បំផុត។ ឆ្លើយតបនឹងជំនឿទុកចិត្តនេះ គណបក្សប្រជាជន កម្ពុជា ប្តេជ្ញាបន្តធ្វើអ្វីៗគ្រប់យ៉ាងក្នុងលទ្ធភាពទាំងអស់របស់ខ្លួន ដើម្បីពង្រឹងធ្លុងសាមគ្គីភាព ឯកភាពជាតិ, ថែរក្សាសន្តិភាព និងស្ថិរភាពនយោបាយ, ការពារឯករាជ្យ អធិបតេយ្យ និង បូរណភាពទឹកដី, ការពាររបបរាជានិយមអាស្រ័យធម្មនុញ្ញ និងបន្តជំរុញពន្លឿនកិច្ចអភិវឌ្ឍ ប្រទេសជាតិ លើកកម្ពស់ជីវភាពរបស់ប្រជាជន។

ឆ្លងកាត់កំណាត់ផ្លូវដ៏វែងរយៈពេលជាង ៤៥ឆ្នាំ មកនេះ បានបង្ហាញយ៉ាងច្បាស់អំពីសារជាតិ និងសមត្ថភាពរបស់គណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេស។ គណបក្ស ប្រជាជនកម្ពុជា ជាតំណាងនៃផលប្រយោជន៍ ដ៏បរិសុទ្ធរបស់ប្រជាជន ជាបង្អែកដ៏កក់ក្តៅរបស់ ប្រជាជននៅគ្រប់កាលៈទេសៈ និងបានដឹកនាំប្រជាជនឆ្លងកាត់ពេលវេលាដ៏សែនលំបាក បំផុត ឈានពីជ័យជម្នះមួយទៅកាន់ជ័យជម្នះមួយទៀតឥតឈប់ឈរ ដែលមានអត្ថន័យយ៉ាង ធំធេងចំពោះការឋិតថេរគង់វង្ស និងការរីកចម្រើនរបស់ជាតិ។

ជំនឿទុកចិត្តរបស់ប្រជាជន គឺជាការទទួលខុស ត្រូវរបស់គណបក្សក្នុងការកសាង ប្រវត្តិសាស្ត្រប្រកបដោយមោទនភាពរបស់ជាតិ ដែលមនុស្សគ្រប់រូបក្នុងសង្គមសុទ្ធតែមានចំណែកចូលរួមប្រកបដោយមនសិការ ក្នុងគោលបំណងរួមគ្នា ការពារជាតិ ការពារភាពសុខសាន្ត របស់ប្រជាជនគ្រប់រូប និងសម្រេចនូវវឌ្ឍនភាពសង្គម។

ការសម្រេចបាននូវសន្តិភាពពេញលេញរយៈពេលជាង ២៥ឆ្នាំមកនេះ បានអនុញ្ញាតឱ្យកម្ពុជា ប្រមូលផ្ដុំធនធានគ្រប់យ៉ាង និងកម្លាំងជាតិទាំងមូល ដើម្បីអភិវឌ្ឍប្រទេសជាតិឱ្យ មានការរីកចម្រើនយ៉ាងលឿន។ អភិវឌ្ឍប្រទេសជាតិឱ្យមានការរីកចម្រើនយ៉ាងលឿននេះ បានជំរុញកម្ពុជាបានចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាប ហើយកំពុងប្រឹងប្រែងឆ្ពោះ ទៅសម្រេចចក្ខុវិស័យជាប្រទេស មានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ ដើម្បីបន្តឈានទៅជាប្រទេសមានចំណូលខ្ពស់ នៅឆ្នាំ២០៥០៕