(កំពង់ធំ)៖ លោក ស៊ុំ សន្និសិទ្ធិ សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានទី១ក្រុម ការងារចុះមូលដ្ឋានស្រុកសន្ទុក នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា និងប្រជាជនក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ បានមកជួបជុំគ្នានៅទីស្នាក់ការ គណបក្សប្រជាជនកម្ពុជាស្រុក ដើម្បីប្រារព្ធពិធីអបអរសាទរខួប៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤)។

លោក ស៊ុំ សន្និសិទ្ធិ បានអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានថ្លែងទៅកានអង្គមិទ្ទិញអបអរសាទរខួប ៧៣ឆ្នាំ ថ្ងៃកំណើតបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២២) កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤ ថា រយៈពេល៧៣ឆ្នាំមកនេះ គណបក្សប្រជាជនកម្ពុជា គឺជាកម្លាំងនយោបាយតែមួយគត់ ដែលបានស្ថិតនៅរួមរស់ផ្សារភ្ជាប់ជានិច្ច ជាមួយប្រជាជនទោះបីសភាពការណ៍ជាតិ មានការវិវត្តដ៏ស្មុគស្មាញយ៉ាងណាក្តី គណបក្សបានរក្សាខ្ជាប់ឥតប្រែប្រួលនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន គឺប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈ ជីវភាព ជនជាតិ ជំនឿសាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នារំដោះ ប្រទេសជាតិ ការពារមាតុភូមិ ការពារសមិទ្ធផលនៃសង្គមជាតិ និងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។

ទន្ទឹមនេះការជួបជុំគ្នានាថ្ងៃនេះ ជាស្មារតីគោរពដឹងគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ៗ ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មយ៉ាងធំធេង ដើម្បីប្រទេសជាតិនៅគ្រប់ដំណាក់កាល ដែលធ្វើឱ្យកម្ពុជាស្ថិតស្ថេរគង់វង្ស និងមានអ្វីៗនៅថ្ងៃនេះ យើងទាំងអស់គ្នាចងចាំជានិច្ចនូវវីរភាពដ៏ថ្លៃថ្លានេះ ហើយប្តេជ្ញាយកអស់កម្លាំងកាយ កម្លាំងចិត្ត បន្តថែរក្សារាល់សមិទ្ធផលរបស់ជាតិ ឱ្យគង់វង្សស្ថិតស្ថេរជារៀងរហូត។

លោក ស៊ុំ សន្និសិទ្ធិ បានអានសុន្ទរកថា របស់សម្ដេចតេជោ ហ៊ុន សែន បន្ដថា ខួបអនុស្សាវរីយ៍នៃថ្ងៃបង្កើត គណបក្សប្រជាជនកម្ពុជាឆ្នាំនេះ ក៏បានប្រព្រឹត្តឡើងក្នុងបរិការណ៍ ដែលកម្ពុជាសម្រេចបានសមិទ្ធផលធំៗថ្មីៗទៀត លើគ្រប់វិស័យ និងបន្ទាប់ពីការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ បានប្រព្រឹត្តទៅដោយជោគជ័យ នៅដើមឆ្នាំ២០២៤នេះ។

ក្នុងនោះសូមថ្លែងអំណរគុណ ដល់បងប្អូនជនរួមជាតិនៅគ្រប់ទិសទីដែលបានគាំទ្រពេញ
ទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើក ការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះផងដែរ។

សម្ដេចបានចាត់ទុកការគាំទ្រនេះ ជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀត របស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខ ភាពប្រជាជននាពេលកន្លងមក គម្រោង ព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពី មនសិកា និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការ រំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំង ជំរុញដល់វិស័យទេសចរណ៍។

ក្នុងឱកាសនោះលោក ស៊ុំ សន្និសិទ្ធិ ក៏បានផ្ដល់ជូនអំណោយដែលជាអំណោយរបស់លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា ជូនដល់ដល់អតីតយុទ្ធនិងនិវត្តន៏ដែលរស់នៅក្នុងស្រុកសន្ទុក ចំនួន៣០រូបបានចូលរួមនាឱកាសនោះផងដែរ៕