(ម៉ានីល)៖ សង្គ្រាមគ្រឿងញៀននៅប្រទេសហ្វីលីពីន នៅមិនទាន់បង្ហាញសញ្ញាថា ចុះត្រជាក់នោះឡើយ បើទោះបីជាជនសង្ស័យ ៣,៥០០នាក់ត្រូវបានបាញ់សម្លាប់ ដោយកងកម្លាំងមានសមត្ថកិច្ច និង កងកម្លាំង មហាជនក៏ដោយ ក្នុងរយៈពេលជិត ៣ខែមកនេះ។ នេះបើតាមការចេញផ្សាយនៅមុននេះបន្តិច ដោយ Channel News Asia នាព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
នៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់លោក Rodrigo Duterte ប្រធានាធិបតីហ្វីលីពីន នៅថ្ងៃអាទិត្យ លោកហាក់បានបង្ហាញការភ្ញាក់ផ្អើល និងទទួលស្គាល់ថា បញ្ហាគ្រឿងញៀនដែលកំពុងចរាចរណ៍នៅក្នុង ប្រទេសដីកោះមួយនេះ ពិតជាអាក្រក់លើសពីការរំពឹងទុករបស់លោកទៅទៀត ហើយលោកទើបដឹង រឿងនេះកាន់តែច្បាស់នៅពេលឡើងកាន់តំណែង ជាមេដឹកនាំប្រទេសជាតិមួយនេះតែម្តង។
បុរសខ្លាំងដែលកំពុងទាក់ទាញការចាប់អារម្មណ៍បំផុត ពីក្រសែភ្នែកអន្តរជាតិទាំងមូលរូបនេះ និងក៏ធ្លាប់ជា អ្នកសាងជោគជ័យជាក់ស្តែង ក្នុងការបង្ក្រាបឧក្រិដ្ឋកម្មគ្រឿងញៀន នៅក្នុងស្រុកកំណើតរបស់ខ្លួនផ្ទាល់ គឺទីក្រុង Davao នោះបានលើកឡើងដូច្នេះថា «ខ្ញុំមិនដែលនឹកស្មានដល់សោះ ថាបញ្ហាគ្រឿងញៀនក្នុង សាធារណរដ្ឋមួយនេះ វាធ្ងន់ធ្ងរ និងអាក្រក់ដល់កម្រិតនេះ រហូតដល់ខ្ញុំបានក្លាយជាប្រធានាធិបតី។»
លោក Duterte បានលើកឡើងថែមទៀត ដោយមិនរវល់នឹងការរិះគន់ ឬថ្កោលទោសពីស្ថាប័នសិទ្ធិ មនុស្ស UN ឬ សូម្បីសហរដ្ឋអាមេរិក ដូច្នេះថា «យើងត្រូវការអនុវត្តន៍អ្វីៗឲ្យទៅតាមលំដាប់។ សូមផ្តល់ឲ្យខ្ញុំនូវការពន្យាពេលបន្ថែមទៀត ប្រហែលជា ៦ខែទៀតប៉ុណ្ណោះ។ មនុស្សបន្ថែមទៀត នឹងត្រូវសម្លាប់ រហូតដល់នៅសល់តែឧក្រិដ្ឋជនចុងក្រោយមួយ ត្រូវបានសម្អាតចេញពីដងផ្លូវ»។
គួរបញ្ជាក់ថា អ្វីដែលជារឿងធំជាងគេក្នុងចំណោមបញ្ហាគ្រឿងញៀន នៅហ្វីលីពីននោះ គឺការផលិត សារធាតុញៀន មេតំហ្វេតាមីន ដោយក្រុមឈ្មួញនៅក្នុងស្រុក ដែលវាជារឿងស្មុគស្មាញ និងពិបាកនៅក្នុង ការជីកឬសគល់ណាស់។ សម្រាប់សង្គ្រាមប្រឆាំងគ្រឿងញៀន និងឧក្រិដ្ឋកម្ម រយៈពេល ១០សប្តាហ៍មក នេះ បើគិតជាថ្ងៃវិញ គឺមួយថ្ងៃមានមនុស្សយ៉ាងហោចណាស់ ៤៧នាក់ត្រូវបានបាញ់សម្លាប់៕