(មូស្គូ)៖ គណៈកម្មាការជាតិរៀបចំការបោះឆ្នោតរុស្ស៊ី បានឱ្យដឹងថា គណបក្សរួបរួមរុស្ស៊ី របស់លោក វ្ល៉ាឌីមៀ ពូទីន បាននំាមុខនៅក្នុងការបោះឆ្នោតសភាជាន់ទាប ដែលប្រព្រឹត្តិទៅនៅថ្ងៃអាទិត្យម្សិលមិញ ជាមួយនឹងសំឡេងគំាទ្រ ៤៤,៥%។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិន ស៊ិនហួរ នៅព្រឹកថ្ងៃចន្ទ ទី១៩ ខែកញ្ញា ឆ្នាំ២០១៦។
ជុំវិញលទ្ធផលបោះឆ្នោតនេះដែរ មជ្ឈមណ្ឌលសិក្សាមតិសាធារណៈរុស្សី បាននិយាយដែរថា គណបក្សបី ផ្សេងទៀតដែលបានទទួលសំឡេងគ្រប់គ្រាន់ ដើម្បីរក្សាអសនៈនៅសភា (Douma) មានដូចជា គណបក្សសេរីប្រជាធិបតេយ្យទទួលបានសម្លេងគំាទ្រ១៥,៣ភាគរយ និង ១៤,៩ភាគរយ សម្រាប់ គណបក្សកុម្មុយនីស្ដ ខណៈគណបក្សយុត្តិធម៌រុស្ស៊ី បានទទួលសម្លេងគំាទ្រ ៨,១ភាគរយ។
បើយោងតាមមូលនិធិដើម្បីស្ទង់មតិជាសាធារណៈ គណបក្សកាន់អំណាចបច្ចុប្បន្ន របស់លោក ពូទីន អាចនឹងទទួលសំឡេងគាំទ្រ ៤៨,៨ភាគរយ នៃសំឡេងឆ្នោតសរុប ដែលពីមុនបក្សនេះធ្លាប់បានទទួល សំឡេងឆ្នោត ៤៩,៥៤ភាគរយ នៅអំឡុងការបោះឆ្នោតឆ្នាំ ២០១១។
គួរបញ្ជាក់តាមគណៈកម្មការជាតិរៀបចំការបោះឆ្នោតរុស្ស៊ីថា អំពើហិង្សាកើតឡើងនៅអំឡុងពេលបោះ ឆ្នោតនៅថ្ងៃអាទិត្យ មានចំនួនតិចតួច បើធៀបបទៅនឹងការបោះឆ្នោតកាលពីពេលមុនៗ ដែលហេតុ នាំឲ្យគេអាចសន្មត់បានថា ការបោះឆ្នោតជារួមគឺត្រូវបានប្រព្រឹត្តទៅដោយភាពល្អច្រើនជាងមុន៕