(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ បានអញ្ចើញជាអធិបតីភាព ក្នុងពិធីចែកសញ្ញាបត្រដល់និស្សិត ថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ សរុប១៣៦២នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នៅសាកលវិទ្យាល័យបញ្ញាជាតិ ដែលប្រារព្ធធ្វើឡើង នៅវិទ្យាស្ថានជាតិអប់រំ (ក្បែរវិមានឯករាជ្យ)។
ខាងក្រោមនេះ ជាប្រសាសន៍សំខាន់ៗរបស់សម្តេច៖
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យសិស្ស និស្សិតខ្មែរ បង្កើនសមត្ថភាព និងខិតខំស្រាវជ្រាវឱ្យកាន់តែខ្លាំងឡើង
* សម្តេចតេជោ ហ៊ុន សែន បានស្តីបន្ទោសដល់ទីប្រឹក្សាមួយចំនួន ដែលបានផ្តល់យោបល់ដើរមិនទាន់សភាពការណ៍។ បើតាមសម្តេចពាក់ព័ន្ធនិងការសាងសង់ផ្លូវ និងការតាំងទីលំនៅរបស់ប្រជាពលរដ្ឋ ត្រូវបានមន្រ្តីផ្តល់យោបល់ទាំងនោះវាមិនសមនិងសភាពការណ៍វិវឌ្ឍន៍របស់ប្រទេសជាតិនៅក្នុងសតវត្សរ៍ទី២១។ សម្តេចតេជោ ហ៊ុន សែន បានក្រើនរំលឹកឲ្យមន្រ្តីទាំងនោះ ត្រូវប្រឹងប្រែងអភិវឌ្ឍន៍ខ្លួនឲ្យបានទាន់ពេលវេលា មិនត្រូវធ្វើជាអ្នកអភិរក្សនិយមនោះឡើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតថា នៅឆ្នាំ២០១៦ ពិធីបុណ្យអ៊ុទូក ត្រូវតែប្រារព្ធធ្វើឡើង បើទោះបីកម្រិតទឹកទាបក៏ដោយ។
* សម្តេចតេជោ ហ៊ុន សែន បកស្រាយបានបំភ្លឺជាថ្មីម្តងទៀត ចំពោះអ្នកដែលរិះគន់សម្តេចជុំវិញការកាន់ទូរស័ព្ទ ឬមើលទូរស័ព្ទក្នុងកិច្ចប្រជុំនានា ដោយចោទថា លេងតែ Facebook នោះ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការកាន់ទូរស័ព្ទនេះ គឺដើម្បីដោះស្រាយបញ្ហានានាសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ ដែលក្នុងទូរស័ព្ទរបស់សម្តេចមានឯកសារ និងការងារជាច្រើនត្រូវចាត់ចែង ឆ្លើយឆ្លងជាមួយមន្រ្តីដោះស្រាយបញ្ហាភ្លាមៗ។ សម្តេចបានបញ្ជាក់ទៅអ្នករិះគន់ថា មិនមែនឲ្យតែកាន់តែទូរស័ព្ទ គឺលេង Facebook នោះទេ។
* សម្តេចតេជោ ហ៊ុន សែន ស្នើឲ្យក្រសួងសិក្សាឡើងវិញ អំពីការប្រឡងចូលក្របខណ្ឌគ្រូ ដើម្បីកុំឲ្យមានការអាក់អន់ចិត្តពីសិស្សប្រឡងជាប់និទ្ទេស D និង E។ សំណើរបស់សម្តេចតេជោ ធ្វើឡើងបន្ទាប់ពីមានសិស្សនិទ្ទេស D និង E បាន់អាក់អន់ចិត្ត បន្ទាប់ពីក្រសួងអនុញ្ញាតឲ្យសិស្សនិទ្ទេស A B C អាចជាប់គ្រូ ដោយស្វ័យប្រវត្តិ។
* សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវទៅដល់សិស្សជាប់និទ្ទេស A B C បើតម្រូវឲ្យមានការប្រឡងចូលក្របខណ្ឌគ្រូ កុំអាក់អន់ចិត្ត ហើយក៏មិនគួរខ្លាចនឹងប្រឡងនោះដែរ ព្រោះមានសមត្ថភាពខ្ពស់ទៅហើយ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់សារជាថ្មី «ស្រុកខ្មែរ អត់មានវិបត្តិនយោបាយទេ», សូមកុំយកករណីបុគ្គលទៅធ្វើជារឿងនយោបាយ។ សម្តេចបញ្ជាក់ទៀតថា នឹងគ្មានការចរចាជាមួយបក្សប្រឆាំងលើរឿងបុគ្គលនោះទេ។
* សម្តេចតេជោ ហ៊ុន សែន សូមទូន្មានសារជាថ្មីថា កំហុសបុគ្គលមិនអាចយកអង្គការចាត់តាំងនយោបាយ មកដោះស្រាយបានទេ។ សម្តេចតេជោ ហ៊ុន សែន បានព្រមានខ្លាំងៗអំពីការគំរាមធ្វើបាតុកម្មរបស់បក្សប្រឆាំង, មិនអាចឲ្យអ្នកណាម្នាក់ បង្កស្ថេរភាពនយោបាយនោះទេ,
* សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បក្សប្រឆាំងជាអ្នកគំរាមមុន គឺគំរាមធ្វើបាតុកម្ម, រាជរដ្ឋាភិបាលមានសិទ្ធិឆ្លើយតបលើបញ្ហានេះ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ការចល័តកងទ័ពទាំងជើងទឹក អាកាស និងផ្លូវគោក នាពេលកន្លងទៅ គឺជាសាកល្បងក្នុងការបញ្ជាកម្លាំង ក្នុងការចេញធ្វើប្រតិបត្តិការ ដើម្បីរក្សាស្ថេរភាពសង្គម មិនមែនជាការគំរាមកំហែងដល់នរណាម្នាក់នោះឡើយ។ សម្តេចតេជោ បានបញ្ជាក់ថា ប្រតិបត្តិការនោះ គឺសម្តេចបានបញ្ជាចេញប្រទេសសិង្ហបុរី។
* សម្តេចនាយករដ្ឋមន្រ្តី៖ តម្លៃស្រូវ តម្លៃប្រេង តម្លៃកៅស៊ូ និងតម្លៃកសិផលទាំងអស់កំពុងធ្លាក់ចុះនៅទីផ្សារអន្តរជាតិ, កម្ពុជាបានក្លាយពីប្រទេសដែលខ្វះខាតអង្ករ ទៅជាប្រទេសដែលពោរពេញដោយស្រូវអង្ករ, សម្តេចតេជោ សូមការយោគយល់ចំពោះបញ្ហាតម្លៃស្រូវធ្លាក់ចុះ។
* សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា មិនប្រើ iPhone 7 នោះទេ ដោយសារ iPhone 6 ប្រើមិនទាន់អស់ ហើយមានឯកសារច្រើនទុកនៅក្នុងនោះ។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់អ្នកមានម៉ាស៊ីនសម្ងួតជួយទិញស្រូវ របស់ប្រជាពលរដ្ឋយកទៅសម្ងួត និងអំពាវនាវដល់ពាណិជ្ជកររកស៊ីស្រូវទាំងឡាយ ជួយបញ្ចេញទុនទិញស្រូវប្រជាពលរដ្ឋ ក្នុងនោះស្រូវក្រអូបមិនត្រូវទិញក្រោមតម្លៃ ៨៤០ក្នុងមួយគីឡូ ហើយបើអាចទិញខ្ពស់ជាងនេះ ក៏កាន់តែប្រសើរ។
* សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវ ដល់ធានាគារទាំងឡាយផ្តល់ប្រាក់កម្ចី ទៅដល់អ្នករកស៊ីលើវិស័យស្រូវអង្ករនៅកម្ពុជា ដើម្បីដើរទិញស្រូវពីប្រជាពលរដ្ឋ ដោយរដ្ឋធានាហានិយភ័យ ៥០ភាគរយ។ សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវ ដល់មីក្រូហិរញ្ញវត្ថុទាំងឡាយ យោគយល់ចំពោះប្រជាពលរដ្ឋ ដែលស្ថិតក្នុងស្ថានភាពលំបាកនេះ កុំរឹបអូសយកផ្ទះសម្បែង ឬដីធ្លី ប្រសិនបើគាត់មិនទាន់មានលុយបង្វិលសងវិញ ហើយក៏សូមឲ្យមានការបន្ធូបន្ថយ ការប្រាក់ក្នុងដំណាក់កាលនេះផងដែរ។
* ដើម្បីដោះស្រាយបញ្ហាដំណាំស្រូវនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើរដ្ឋាភិបាលចិនផ្តល់កម្ចីប្រមាណ ៣០០លានដុល្លារ ដើម្បីកសាងទីតាំងមួយចំនួន សម្រាប់ជារោងម៉ាស៊ីន ម៉ាស៊ីនសម្ងួត ឃ្លាំងស្តុក និងធ្វើជាទុនសម្រាប់បង្វិល។
* បញ្ហាដំណាំស្រូវនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានស្នើចិនផ្តល់កម្ចីប្រមាណ ៣០០លានដុល្លារ ដើម្បីកសាងទីតាំង សម្រាប់ជារោងម៉ាស៊ីន ម៉ាស៊ីនសម្ងួត ឃ្លាំងស្តុក និងធ្វើជាទុនសម្រាប់បង្វិល។
* សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ប្រកាសថា រឿងពិតប្រាកដនៅពេលនេះមិនមែនរឿងអ្នកណាជាប់គុក ឬមិនជាប់គុកទេ, គឺរឿងស្រូវរបស់ប្រជាកសិករ។
* តាមរយៈថវិកា ២០លានដុល្លារដែលទម្លាក់ទៅ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឲ្យបង្កើនល្បឿនក្នុងការចុះទិញស្រូវពីប្រជាពលរដ្ឋ ក្នុងតម្លៃមួយត្រឹមត្រូវ។ សម្តេចតេជោ អំពាវនាវឲ្យប្រជាពលរដ្ឋខ្មែរ និងពាណិជ្ជករនាំគ្នាទិញ និងប្រើប្រាស់អង្ករខ្មែរ។ សម្តេចតេជោ ហ៊ុន សែន អំពាវនាវឲ្យមានការវិនិយោគបន្ថែមទៀតលើការកែច្នៃអង្ករនៅក្នុងប្រទេសកម្ពុជា។
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ឲ្យទប់ស្កាត់សកម្មភាពឈ្មួញខិលខូច ដែលចុះទៅទម្លាក់តម្លៃស្រូវរបស់ប្រជាកសិករខ្មែរ។
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថា នៅវេលាម៉ោង ៩៖៥២នាទី៕