(កំពង់ស្ពឺ)៖ សប្បុរសជនបានមើលឃើញអំពីភាពចាំបាច់ក្នុងកិច្ចប្រតិបត្តិការ ការពារសន្តិសុខ រក្សាសុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋរាល់បេសកកម្មនានាក្នុងមូលដ្ឋាន កម្លាំងតែងតែខ្វះខាតសម្ភារមធ្យោបាយចល័ត ក្នុងគោលបំណង រិតបណ្តឹងបញ្ហាសន្តិសុខ រក្សាឲ្យបានភូមិ-ឃុំមានសុវត្ថិភាព។
ជាក់ស្តែង នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ សប្បុរសជនចំនួន១២នាក់ បានរួបរួមគ្នាបរិច្ចាគថវិកាដើម្បីទិញមធ្យោបាយមានរថយន្ត និងម៉ូតូផ្តល់ជូនអង្គភាព បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ។
ក្នុងពិធីប្រគល់ និងទទួល, លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន បានថ្លែងថា ដើម្បីឆ្លើយតបទៅនិងភារកិច្ចចាំបាច់ចំពោះមុខ និងអនុវត្តរាល់បទបញ្ជារបស់នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស អង្គភាពពិតជានៅខ្វះខាតនៅមធ្យោបាយជាច្រើន សម្រាប់ការងារប្រតិបត្តិការ បង្ការ បង្ក្រាប និងសង្គ្រោះ។
លោកមេបញ្ជាការ បានបន្ថែមថា តបតាមសេចក្តីត្រូវការនេះហើយ ទើបសប្បុរសជនបានរួមសហការគ្នាបរិច្ចាគថវិកា និងទិញសម្ភារមកប្រគល់ជូនចំពោះអង្គភាព។ ក្នុងពិធីប្រគល់ -ទទួល លោកឧត្តមសេនីយ៍មេបញ្ជាការ លើកឡើងថា ក្នុងនាមមេបញ្ជាការ លោកនឹងយកសម្ភារ និងមធ្យោបាយនេះទៅប្រើប្រាស់ក្នុងកិច្ចប្រតិបត្តិការល្បាត ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ឱ្យស្របទៅតាមគោលការណ៍ របស់រាជរដ្ឋាភិបាលភូមិ-ឃុំ មានសុវត្ថិភាព បង្ក្រាបក្រុមចោរកម្ម លួច ឆក់ ប្លន់ និងក្មេងទំនើង ដើម្បីផ្តល់សេចក្តីសុខដុមរម្យនាជូនបងប្អូនប្រជាពលរដ្ឋ ឲ្យស្របទៅនិងអនុសាសន៍របស់នាយឧត្តមសេនីយ៍ សៅ សុខា នូវទិសស្លោក «ចំពោះប្រទេសជាតិ ត្រូវការពារ ចំពោះប្រជា ត្រូវតែបម្រើ ច្បាប់ត្រូវតែគោរព បទល្មើសត្រូវតែបង្ក្រាប»។ លោកមេបញ្ជាការបានប្តេជ្ញាថែរក្សាមធ្យោបាយទាំងនេះទុកដាក់ និងជួលជុលឱ្យគង់វង់ជាប្រយោជន៍រួម និងបម្រើរាល់គ្រប់កិច្ចប្រតិបត្តិការក្នុងមូលដ្ឋាន៕