(សៀមរាប)៖ សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាល នៃគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានខេត្តសៀមរាប នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨មិថុនា១៩៥១-២៨មិថុនា ២០២៤ ) ដោយមានសមាជិក សមាជិការ គណបក្សប្រជាជនកម្ពុជា ប្រមាណជាង៩០០នាក់ចូលរួមផង​ដែរ។   

ក្នុងឱកាសនោះ សម្តេចពិជ័យសេនា ទៀ បាញ់ បានអាននូវសន្ទរកថារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា នៅក្នុងឱកាសមីទ្ទីញ អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។ គណបក្សប្រជាជនកម្ពុជា បានចាប់បដិសន្ធិនៅថ្ងៃទី២៨ខែមិថុនា ឆ្នាំ១៩៥១ ដោយមានឈ្មោះដើមថា «គណបក្សប្រជាជនបដិវត្តន៍ខែ្មរ» ហើយនៅឆ្នាំ១៩៩១ បានប្តូរឈ្មោះមកជា គណបក្សប្រជាជនកម្ពុជា។

ចាប់តាំងពីពេលបដិសន្ធិរហូត មកដល់បច្ចុប្បន្ន គណបក្សបានប្រកាន់ខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួនគឺឈរនៅខាងប្រជាជន ផ្សាភ្ជាប់រួមសុខ រួមទុក្ខ ជាមួយប្រជាជន ខិតខំប្រមូលកម្លាំងប្រជាជាតិទាំងមូល ដែលមានឧត្តមគតិស្នេហាជាតិមាតុភូមិ ស្រឡាញ់លទ្ធិប្រជាធិបតេយ្យ និងសន្តិភាព ដោយមិនប្រកាន់ឋានៈជីវភាព ជនជាតិ ជំនឿ សាសនា អតីតកាល ដើម្បីរួមកម្លាំងគ្នាការពារមាតុភូមិ ការពារសមិទ្ធិផលសង្គមជាតិនិងកសាងប្រទេសកម្ពុជាមួយ ឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

ក្រោមម្លប់សន្តិភាព នឹងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រទេសជាតិនឹងកាន់តែរីកចម្រើនលឿនទៅមុខ។ ក្នុងរយៈពេលជាង៤៥ឆ្នាំកន្លងមកនេះ គណបក្សប្រជាជនកម្ពុជាបានដឹកនាំប្រទេស ជាតិឆ្លងកាត់ឧបសគ្គ និងការលំបាកច្រើនរាប់មិនអស់ សម្រេចបានសមិទ្ធផលធំៗ ជាប្រវត្តិសាស្ត្រយ៉ាងច្រើន តាំងពីដំណាក់កាលសង្គ្រោះជាតិពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានធ្វើឲ្យប្រជាជាតិរស់ឡើងវិញ រហូតទទួលបានសន្តិភាពពេញលេញ មានឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង ហើយកំពុងបន្តឈានទៅមុខប្រកបដោយភាពជឿជាក់លើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍។

ក្នុងស្មារតីចងចាំនូវគុណូបការៈដ៏ថ្លៃថ្លាបំផុតរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានប្រយុទ្ធធ្វើពលិកម្មយ៉ាង អង់អាចបំផុតដើម្បីបុព្វហេតុជាតិនិងប្រជាជន និងក្នុងស្មារតីលើកកម្ពស់ប្រពៃណីស្នេហាជាតិ សាមគ្គីកសាង និងការពារមាតុភូមិ អង្គការចាត់តាំងគណបក្សនៅគ្រប់ថ្នាក់ សមាជិកសមាជិកាគណបក្ស និងបងប្អូនជនរួមជាតិតែងបានចូលរួមយ៉ាងក្លៀវក្លា អធិកអធម ក្នុងពិធីរឭកខួបកំណើតគណ បក្សជារៀងរាល់ឆ្នាំ។

ទោះបីជាក្នុងពេលកន្លងមកនេះ សភាពការណ៍ប្រទេសជាតិត្រូវប្រឈមនឹងការលំបាកថ្មីដ៏ធំ ដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ បានរាតត្បាតជាសាកលនៅគ្រប់ប្រទេសយ៉ាងណាក៏ដោយ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងប្រមូលផ្តុំការខិតខំជម្នះដោះស្រាយនូវផលវិបាកនេះ រហូតទប់ស្កាត់បានទាន់ពេលវេលា និងបើកដំណើរការប្រទេសមានប្រក្រតីភាពឡើងវិញទាំងការស្តារសេដ្ឋកិច្ច សង្គម មានភាពល្អប្រសើរមកដល់ពេលបច្ចុប្បន្ននេះ។

គណបក្សប្រជាជនកម្ពុជា ក៏ទទួលបានជោគជ័យលើការបោះឆ្នោតអសកល ក្នុងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ និងបោះឆ្នោតក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤។ គណបក្សប្រជាជនកម្ពុជា គាំទ្រពេញទំហឹងដល់គម្រោងអភិវឌ្ឍន៍ព្រែកជីកហ្វូណនតេជោ ដែលនឹងត្រូវបើកការដ្ឋានស្ថាបនានៅក្នុងពេលដ៏ខ្លីខាងមុខនេះ ដែលជាចលនាជាតិដ៏ខ្លាំងក្លាមួយទៀតរបស់ប្រជាជនទាំងមូល ដូចទៅនឹងចលនាជាតិការពារអធិបតេយ្យ បូរណភាពទឹកដី និងចលនាជាតិការពារខឿនសុខ ភាពប្រជាជននាពេលកន្លងមក។

គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគំនិតផ្តួចផ្តើមកើតចេញពីមនសិការ និងឆន្ទៈរបស់កម្ពុជាសុទ្ធសាធ ដែលនឹងផ្តល់ផលចំណេញយ៉ាងធំដល់កម្ពុជា ដូចជាការ ចំណេញចម្ងាយផ្លូវដឹកជញ្ជូន, ចំណេញខាងការប្រកួតប្រជែងតម្លៃ, បង្កើនប្រព័ន្ធស្រោចស្រព និងការរំដោះទឹកជំនន់, ជួយពង្រីកការដាំដុះនៅភាគនិរតី, ទទួលបានផលនេសាទ និងពីវារីវប្បកម្ម ព្រមទាំងជម្រុញដល់វិស័យទេសចរណ៍ផងដែរ។ ជាមួយគ្នានេះ ព្រែកជីកហ្វូណនតេជោ នឹងជួយឱ្យកម្ពុជាពង្រឹងនូវ ឯករាជ្យភាពខាងនយោបាយលើការដឹកជញ្ជូនតាមផ្លូវទឹក។ ព្រែកជីកនេះនឹងមិនបង្កផលប៉ះពាល់ដល់ បរិស្ថាននិងរំហូរទឹកទន្លេមេគង្គឡើយ។

សម្តេចពិជ័យ ក៏បានជំរុញដល់អាជ្ញាធរខេត្តលើការរៀបចំការសាងសង់នូវសួនច្បារតេជោសន្តិភាព នៅទីប្រជុំជននៃក្រុងសៀមរាប ដើមី្បលើកនូវសោភណ្ឌភាពក្រុងទេសចរណ៍មួយនេះ និងបានធ្វើការផ្តាំផ្ញើដល់សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រួមសាមគ្គីគ្នាក្នុងការថែរក្សា ការពារនូវសុខសន្តិភាព ឲ្យបានគង់វង្សយូអង្វែង និងប្រឆាំងដាច់ខាតនូវរាល់ការប៉ុងប៉ងរបស់ក្រុមជនអគតិមួយចំនួន ដើមី្បបំផ្លាញនូវសុខសន្តិភាពរបស់ប្រជាជន និងប្រទេសជាតិទាំងមូល៕