(ភ្នំពេញ)៖ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញលោក សេង ហៀង បានចោទប្រកាន់គ្រូ ណុប សក្កដា ហៅគ្រូផេះ គ្រូអង្គាម អាយុ៥៤ឆ្នាំ ពីបទ «ប្រើប្រាស់អាវុធដោយគ្មានការអនុញ្ញាត តាមមាត្រា ២០ នៃច្បាប់ស្តីពីការគ្រប់គ្រងអាវុធ គ្រឿងផ្ទុះ និងគ្រាប់រំសេវ»។ នេះបើយោងតាម លោក ប្លង់ សុផល អ្នកនាំពាក្យស្ថាប័នអយ្យការ បានបញ្ជាក់ប្រាប់អ្នករាយការព័ត៌មានអង្គភាព Fresh News ប្រចាំតុលាការលោក ជួន សុជាតិ នៅព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤។
សូមបញ្ជាក់ថា នាពេលថ្មីៗនេះ មានការបង្ហោះចែកចាយនូវឃ្លីបវីដេអូផ្សព្វផ្សាយលើបណ្ដាញសង្គម ពាក់ព័ន្ធសកម្មភាពប្រើប្រាស់អាវុធដើម្បីយកមកបាញ់ខ្លួនឯងផ្ទាល់ ដោយសារចង់បញ្ជាក់អំពីក្បួនវេទមន្តខ្លាំងក្លាបង្ហាញដល់ អ្នកដទៃមើលថាខ្លួនពូកែ។
បន្ទាប់ពីឃើញការផ្សព្វផ្សាយពត៌មាននេះភ្លាម លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានដាក់បទបញ្ជាទៅអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅចុះស្រាវជ្រាវ និងកោះហៅ គ្រូផេះគ្រូអង្គាម រស់នៅភូមិត្រពាំងស្នោរ សង្កាត់ពញ្ញាពន់ ខណ្ឌព្រែកព្នៅ យកមកសួរនាំនៅអអិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ជុំវិញការប្រើប្រាស់អាវុធ រួចបានបញ្ជូនទៅកាន់តុលាការតែម្តង៕