(ភ្នំពេញ)៖ លោកឧកញ៉ា តែ តាំងប៉ ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមូលនិធិសម្តេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា និង FASMEC បានប្តេជ្ញាធ្វើឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម មានទាំងលទ្ធភាព សមត្ថភាព និងគុណភាព សម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំង។

លោកឧកញ៉ាថ្លែងបែបនេះ ក្នុងឱកាសសមាគមរៀបចំពិធីសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងឱកាសអបអរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យម នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នៅមជ្ឈមណ្ឌល សាលសន្និបាត និងពិព័រណ៍កោះពេជ្រ។

លោកឧកញ៉ា តែ តាំងប៉ បានបញ្ជាក់យ៉ាងដូច្នេះថា «ស្របតាមយុទ្ធសាស្ត្របញ្ជាកោណដំណាក់កាលទី១ បញ្ចកោណទី៣ ការអភិវឌ្ឍវិស័យឯកជន និង ការងារ ចំណុចទី២ ការលើកស្ទួយសហគ្រាសធុនមីក្រូ តូច និងមធ្យម ធុរកិច្ចថ្មី សហគ្រិនភាព និងការអភិវឌ្ឍ សេដ្ឋកិច្ចក្រៅប្រព័ន្ធ ក្នុងនាមសមាគមមូលនិធិសម្តេចតេជោ និង FASMEC នឹងរៀបចំផែនការសម្រាប់ឆ្នាំបន្ត បន្ទាប់ដែលមានដូចជា៖ បន្តសហការជាមួយដៃគូរអភិវឌ្ឍន៍ និងស្ថាប័នដែលពាក់ព័ន្ធ រៀបចំវេទិការផ្គូរផ្គង ពាណិជ្ជកម្ម កម្មវិធីទស្សនកិច្ចសិក្សាស្វែងយល់ វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព កម្មវិធីពានរង្វាន់ និងការលើកទឹកចិត្តនានា ការដោះស្រាយបញ្ហាប្រឈម រៀបចំកម្មវិធីតាំងពិពណ៌ ក្នុងគោលបំណងដើម្បីធ្វើយ៉ាងណា ឱ្យសហគ្រាសធុនមីក្រូ តូច និងមធ្យម មានទាំងលទ្ធភាព សមត្ថភាព និងគុណភាព សម្រាប់ជំរុញការនាំចេញទៅកាន់ទីផ្សារជាតិ និងអន្តរជាតិកាន់តែខ្លាំង ជាពិសេស និង ប្តេជ្ញាបន្តរៀបចំកម្មវិធីសិក្ខាសាលាឱ្យបានទូទាំង ២៥ រាជធានី ខេត្ត ដើម្បីចែករំលែក និងធ្វើការផ្សព្វផ្សាយព័ត៌មានដែលពាក់ព័ន្ធ និងសហគ្រាសធុនតូចនិង មធ្យមរបស់ស្ថាប័នពាក់ពន្ធនានា ឱ្យបានកាន់តែទូលំទូលាយនៅទូទាំងប្រទេសកម្ពុជាដោយមិនយកថវិកា»

បើតាមលោកឧកញ៉ា តែ តាំងប៉ សមាគមមូលនិធិសម្តេចតេជោ បានចុះបញ្ជីនៅក្រសួងមហាផ្ទៃ ដែលមានប្រកាសចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ ហើយគោលបំណងនៃការបង្កើតសមាគមមូលនិធិសម្តេចតេជោ ដើម្បីរួមចំណែកក្នុងការជួយអភិវឌ្ឍន៍ និងលើកស្ទួយ វិស័យសហគ្រាសធុនតូច និងមធ្យម តាមរយៈការរៀបចំកម្មវិធីសិក្ខាសាលា កម្មវិធីបណ្តុះបណ្តាលពង្រឹងសមត្ថភាព ការផ្គូរផ្គងអាជីវកម្ម ពង្រីក និងនាំចេញផលិតផលក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ។ ជាក់ស្តែង នៅក្នុងឆ្នាំ២០២២-២០២៣ កន្លងទៅសមាគមមូលនិធីសម្តេចតេជោ និង FASMEC បានរៀបចំសិក្ខាសាលានៅទូទាំង ២៥ រាជធានីខេត្ត ដើម្បីផ្តល់នៅចំណេះដឹងទាក់ទងនឹងដំណើរការនៃការត្រៀមខ្លួន ក្នុងការធ្វើទីផ្សារក្នុងស្រុក និងការនាំចេញ ការចែករំលែកព័ត៌មានទាក់ទងនឹងបទប្បញ្ញត្តិរបស់ស្ថាប័នពាក់ព័ន្ធនានា ព័ត៌មានទាក់ទងនឹង ប្រាក់កម្ចី ធនាគារដៃគូ សេវាកម្ម និងក្រុមហ៊ុនដៃគូ និងជាពិសេសគឺដកស្រង់នូវបញ្ហាប្រឈមរបស់ម្ចាស់សហគ្រាសធុនតូច និងមធ្យម ដែលកើតឡើងក្នុងសហគ្រាសផ្ទាល់ ដែលសរុបអ្នកដែលបានចូលរួមមានចំនួន ៤៥០០នាក់ ដែលកម្មវិធីអាចដំណើរការបានដោយមានការ សហការ ជាមួយ មន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ មន្ទីរកសិកម្មរុក្ខប្រម៉ាញ់ និងនេសាទ និងមន្ទីរពាណិជ្ជកម្ម មន្ទីរការងារ មន្ទីរទេសចរណ៍ ទាំង២៥ រាជធានី-ខេត្តក្រុង។

លោកឧកញ៉ា តែ តាំងប៉ បានបន្តថា ក្រៅពីការងារជួយពង្រឹងសមត្ថភាព និងចំណេះដឹង ក្នុងការអភិវឌ្ឍដល់សហគ្រាសធុនតូច និងមធ្យម សមាគមមូលនិធិសម្តេចតេជោ បានចូលរួមចំណែកក្នុងការងារសង្គមសំខាន់ៗជាមួយរាជរដ្ឋាភិបាលកម្ពុជា ជាច្រើនដូចជា បានបរិច្ចាគ និងឧបត្ថម្ភជូនប្រជាពលរដ្ឋដែលរងគ្រោះទឹកជំនន់នៅស្រុកកោះក្រឡ ខេត្តបាត់ដំបង ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងតាមបណ្តាខេត្តមួយចំនួនទៀត ជាពិសេសបានចូលរួមជាមួយសាលារាជធានីភ្នំពេញ ដើម្បីទិញស្បៀងអាហារ និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ លើសពីនេះទៀត នាពេលកន្លងមក សមាគមមូលនិធិសម្តេចតេជោ បានដឹកនាំគណៈប្រតិភូនៃក្រុមប្រឹក្សាភិបាលនៃសមាគម បានចូលក្រាបបង្គំគាល់ និងបានថ្វាយអង្គព្រះមហាក្សត្រ និង អង្គហ្លួងម៉ែ នូវដង្វាយថវិកាចំនួន ២០០,០០០,០០០ (ពីរ រយលានរៀល) និង ថ្វាយអង្ករចំនួន ៧០តោន និងគ្រឿងសម្ភារឧបភោគ បរិភោគជាច្រើន ដើម្បីចូលរួមដង្ហែក្នុងព្រះរាជសកម្មភាព សប្បុរសធម៌ របស់ព្រះអង្គទាំងទ្វេ។

លោកឧកញ៉ា បានបន្ថែមថា ជាងនេះទៀត សមាគមមូលនិធិសម្តេចតេជោ និង FASMEC បានដឹកនាំប្រតិភូក្រុមប្រឹក្សាភិបាលចូលរួមសកម្មភាពសង្គម និងកម្មវិធីនានាជាច្រើនជាមួយរ ដ្ឋាភិបាល និងកម្មវិធីផ្សេងទៀត ដែលរៀបចំ និងដឹកនាំដោយក្រសួង និងស្ថាប័នដែលពាក់ព័ន្ធផងដែរ៕