(កំពង់ធំ)៖ លោក ឈាង វណ្ណារិទ្ធ សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានទី១ តំណាងលោកបណ្ឌិត ថោង ខុន សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតាំងគោក នាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ បានដឹកនាំសមាជិកក្រុមការងារគណបក្សចុះមូលដ្ឋានឃុំទាំង០៨ លោកប្រធាន អនុប្រធាន សមាជិកគណបក្សស្រុកតាំងគោក និងគណបក្សឃុំទាំង០៨ រៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា។

ស្ថិតនៅក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ប្រកបដោយក្តីរីករាយនេះដែរលោក ឈាង វណ្ណារិទ្ធ បានឡើងអានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលសម្តេចថ្លែងក្នុងពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៣ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១-២៨ មិថុនា ២០២៤) ដែលបានរៀបចំប្រារព្ធមិទ្ទីញដ៏ធំនៅវិមាន ៧មករា រាជធានីភ្នំពេញ ដែលមានសមាជិកសមាជិការចូលរួមជាច្រើននាក់ផងដែរ។

បន្ទាប់ពីបញ្ចប់ការអានសុន្ទរកថាទាំងស្រុងរបស់សម្តេចតេជោ ហ៊ុន សែន, លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ដែរថា គោលបំណងនៃការរៀបចំពិធីអបអរសាទរខួបអនុស្សាវរីយ៍ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា គឺដើម្បីធ្វើឲ្យសមាជិកគណបក្សគ្រប់រូប និងមហាជន ជាពិសេសស្រទាប់យុវជន បានយល់ដឹងច្បាស់អំពីប្រវត្តិ សកម្មភាព និងប្រពៃណីស្នេហាជាតិដ៏ថ្លៃថ្លារបស់គណបក្សប្រជាជនកម្ពុជា ព្រមទាំងសមិទ្ធផល ទាំងឡាយដែលគណបក្សបានសម្រេចជូនជាតិ មាតុភូមិក្នុងរយៈពេលជាង ៤៥ឆ្នាំមកនេះ។

ពង្រឹងសាមគ្គីភាពរបស់ប្រជាជាតិទាំងមូល ដើម្បីថែរក្សាសន្តិភាព និងរាល់សមិទ្ធផលនៃសង្គមជាតិ ពុះពារអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ឱ្យបានសម្រេចជោគជ័យ។ លើកកម្ពស់ស្មារតីរបស់មន្រ្តីគណបក្សនៅគ្រប់ជាន់ថ្នាក់ឱ្យអនុវត្តខ្ជាប់ខ្ជួន តាមគោលការណ៍របស់គណបក្ស ដើម្បីពង្រឹងជំនឿរបស់ប្រជាជនទៅលើការដឹកនាំរបស់គណបក្ស និងបន្តចូលរួមយ៉ាង សកម្មក្នុងការកសាងពង្រឹងគណបក្សទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង។

ជាមួយគ្នានោះដែរ លោក ឈាង វណ្ណារិទ្ធ បានគូសបញ្ជាក់ថា ចាប់តាំងពីការបោះឆ្នោតជាតិឆ្នាំ១៩៩៣ រហូតមកទល់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ដ ក្រុង ស្រុក ខណ្ឌ អាណត្ដិទី៤នេះ ប្រទេសកម្ពុជាយើងបានរៀបចំការបោះឆ្នោតតាមគោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ទាំងការបោះឆ្នោតសកល និងអសកលយ៉ាងទៀងទាត់សរុបចំនួន ២០ដងរួចមកហើយ ដែលការណ៍នេះបានបង្ហាញយ៉ាងច្បាស់អំពីការចាក់គ្រឹះយ៉ាងរឹងមាំនូវដំណើរការលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋនៅក្នុងប្រទេសកម្ពុជា។

លោក ឈាង វណ្ណារិទ្ធ បានបញ្ជាក់ទៀតថា គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រធានគណបក្ស សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជាប្រធានកិត្តិយស និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាអនុប្រធានគណបក្ស និងជានាយករដ្ឋមន្រ្តីអាណត្តិទី៧ បានការពារយ៉ាងរឹងមាំនូវសន្តិភាព ស្ថិរភាព និងសណ្តាប់ធ្នាប់សង្គម ដែលបានធានាដល់ការរស់នៅដ៏សុខសាន្តរបស់ប្រជាជន ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការពង្រឹងពង្រីកលទ្ធិប្រជាធិបតេយ្យ។ សមិទ្ធផលថ្មីៗជាច្រើនអនេករួមមាន៖ ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្រ្ត ទឹកស្អាត អណ្តូងទឹក អគ្គិសនី រោងចក្រ កសិដ្ឋាន សំណង់តូចធំ មណ្ឌលពាណិជ្ជកម្ម សាលារៀន មន្ទីរពេទ្យ វត្តអារាម ។ល។ ត្រូវបានកសាងពង្រីកទាំងនៅទីក្រុង ទាំងនៅជនបទ និងតំបន់ព្រំដែន។

ដូច្នេះមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលជាបង្អែកដ៏រឹងមាំ កក់ក្តៅ និងជាក្តីសង្ឃឹមពិតប្រាកដ របស់ប្រជាជនកម្ពុជា ក្នុងការដឹកនាំសង្គមជាតិឲ្យបន្តឈានទៅមុខលើមាគ៌ាសន្តិភាព ប្រជាធិបតេយ្យ និងអភិវឌ្ឍឆ្ពោះទៅរកអនាគតដ៏រុងរឿង។ ក្នុងនាមជាមន្រ្តី និងសមាជិកគណបក្ស សូមប្តេជ្ញាចូលរួមថែរក្សាសន្តិភាព និងថែរក្សារាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល និងគណបក្សប្រជាជនកម្ពុជាឱ្យបានជាដាច់ខាត។

នាឱកាសនេះដែរលោក ឈាង វណ្ណារិទ្ធ ក៏បានណែនាំឲ្យប្រធានក្រុមការងារបក្សចុះមូលដ្ឋានឃុំទាំង០៨ នៃស្រុកតាំងគោក យកខ្លឹមសារនិងស្មារតីនៃពិធីអបអរសាទរខួបកំណើតគណបក្សប្រជាជនកម្ពុជា ទៅប្រជុំផ្សព្វផ្សាយ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិការបក្សនៅមូលដ្ឋានឃុំ ភូមិរបស់ខ្លួនឲ្យបានទូលំទូលាយផងដែរ៕