(ភ្នំពេញ)៖ ស្ថានទូតជប៉ុន និងស្ថាប័នរាជរដ្ឋាភិបាលកម្ពុជា បានស្វាគមន៍ការមកដល់គណៈប្រតិភូនៃសន្និសីរបស់អតីតនិស្សិតពីអាស៊ីប្រចាំប្រទេសជប៉ុន (ASJA), ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន (ASCOJA), សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ជំនួបនេះបានធ្វើឡើងនៅក្នុងរាជធានីភ្នំពេញ ផ្ដោតលើប្រធានបទ «ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចរវាងជប៉ុន-អាស៊ាន» នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៤នេះ។

នេះជាជំនួបលើកទី២២ ក្នុងគោលបំណងពង្រឹងការផ្លាស់ប្តូរពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជប៉ុន និងបណ្តាប្រទេសសមាជិកអាស៊ាន តាមរយៈសកម្មភាពនវានុវត្តន៍នានា ក្នុងទម្រង់ឌីជីថល និងពាណិជ្ជកម្មតាម ប្រព័ន្ធអេឡិចត្រូនិច។

លោក អ៊ូអិណុ អាត់ស៊ូស៊ី ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា បានសម្តែងក្តីសោមនស្សរីករាយដែលសមាគមអតីតនិស្សិតខ្មែរ ពីប្រទេសជប៉ុន បានដើរតួនាទីជាដៃគូដ៏សំខាន់ ក្នុងនាមជាស្ថាប័នដែលមានសក្តានុពល និងមានទំនាក់ទំនងល្អរវាងសមាជិកនីមួយៗ ជាមួយសមាគមអតីតនិស្សិតក្នុងបណ្តាប្រទេសអាស៊ាន។

ទន្ទឹមនឹងនេះដែរ លោកជឿជាក់ថា៖ «ស្ថានទូតជប៉ុន នៅបណ្តាប្រទេសអាស៊ានទាំង៩ មានទំនាក់ទំនងល្អជាមួយសមាគម អតីតនិស្សិតបណ្តាប្រទេសអាស៊ានពីប្រទេសជប៉ុន ដូចដែលស្ថានទូតជប៉ុននៅកម្ពុជាកំពុងមាន។ យើងក៏សង្ឃឹមថា ទំនាក់ទំនងដ៏រឹងមាំទាំងនេះ នឹងបន្តពង្រីក និងរីកចម្រើនជាលំដាប់»

លោកសូមសម្តែងនូវអំណរគុណ និងការកោតសរសើរចំពោះសមាជិកគ្រប់គ្នានៃក្រុមប្រឹក្សាអតីតនិស្សិត អាស៊ានមកពីប្រទេសជប៉ុន (ASCOJA) សម្រាប់ការសហការ។ លោកសង្ឃឹមយ៉ាងមុតមាំថា សមាជិកទាំងអស់ នឹងបន្តដើរតួជាស្ពាននៃទំនាក់ទំនងរវាងជប៉ុន និងបណ្តាប្រទេសអាស៊ាន ព្រមទាំងដើរតួនាទីយ៉ាងសកម្មបន្ត ទៀត ក្នុងវិស័យនៃជំនាញរៀងៗខ្លួនទៅថ្ងៃអនាគត។

សម្រាប់លោក ហេង សួរ ដែលជាអតីតសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាល បានថ្លែងថា គោលដៅរបស់យើងគឺដើម្បីបង្កើនជំនាញ និងបណ្តាញរួមរបស់យើង ដើម្បីផ្តល់ផលប្រយោជន៍ដល់សង្គមកម្ពុជា និងលើកកម្ពស់ទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

ជាមួយគ្នានេះដែរ លោករដ្ឋមន្ត្រីក្រសួងការងារ បានបន្តថា រាជរដ្ឋាភិបាលកម្ពុជា កំពុងស្វែងរកយ៉ាងសកម្មក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេសពីប្រទេសជប៉ុន និងប្រទេសជិតខាងអាស៊ាន ដែលជាគោលនយោបាយពង្រឹងដោយបេសកកម្មការទូត និងសេដ្ឋកិច្ចថ្មីៗ។

លោក ត្សឹហ្កិ យ៉ូស៊ិហ្វូមិ អនុរដ្ឋមន្ត្រីការបរទេសជប៉ុន បានលើកឡើងថា ​បណ្តាញអតីតនិស្សិតអន្តរជាតិ ដែលបានបង្កើនចំណេះដឹងអំពីប្រទេសជប៉ុនយ៉ាងស៊ីជម្រៅ តាមរយៈការសិក្សានៅប្រទេសជប៉ុន និងបានជួបប្រទះដោយផ្ទាល់នូវសារៈសំខាន់នៃការទទួលយកភាពខុសគ្នានៃវប្បធម៌ និងការយោគយល់គ្នាទៅវិញទៅមក គឺជាទ្រព្យសម្បត្តិដែលមិនអាចកាត់ថ្លៃបានសម្រាប់ផ្នែកការទូតជប៉ុន។

«កន្លងទៅអស់ជាច្រើនឆ្នាំមកហើយ ដែលខ្ញុំបានមកកម្ពុជា ហើយលើកនេះខ្ញុំពិតជាភ្ញាក់ផ្អើល ដោយបានឃើញរាជធានីភ្នំពេញ បានអភិវឌ្ឍច្រើនលើសពីការគិតទុករបស់ខ្ញុំ។ លើសពីនេះ ខ្ញុំនៅតែរំភើបចិត្តចំពោះទឹកចិត្ត និងភាពរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជាចំពោះជប៉ុន»។ នេះជាការលើកឡើងបន្ថែមរបស់លោកអនុរដ្ឋមន្ត្រីការបរទេសជប៉ុន។

សូមរំលឹកថា សមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន (JAC) ធ្លាប់បានរៀបចំសន្និបាតពាក់ព័ន្ធនឹង ក្រុមប្រឹក្សាអតីតនិស្សិតអាស៊ានមកពីប្រទេសជប៉ុន (ASCOJA)នៅកម្ពុជាកាលពីឆ្នាំ២០១៨ នៅខេត្តសៀមរាប ដែលជាការរួមចំណែកធ្វើឱ្យប្រសើរឡើងនូវការយល់ដឹងរបស់ប្រជាជនកម្ពុជាអំពីប្រទេសជប៉ុន និងជួយពង្រឹងទំនាក់ទំនងមិត្តភាពរវាងជប៉ុន និងកម្ពុជា៕