(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រុមគ្រួសារស្រ្តីមានពិការភាពភ្នែក និងមានផ្ទុកមេរោគអេដស៍ លោកស្រី ចន លំអង ទទួលបានការឧបត្ថម្ភម៉ូតូ១គ្រឿង ពីលោក ជា សុមេធី រដ្ឋមន្ត្រីក្រសួងសង្គមកិច្ចអតីតយុទ្ធជន និងយុវនីតិសម្បទា និងលោកស្រី ជា ផល្គុន។

លោកស្រី ចន លំអង សព្វថ្ងៃមានរបរលក់ដូរបន្តិចបន្ទួចតាមដងផ្លូវដើម្បីរកទទួលទានចិញ្ចឹមកូនក្នុងបន្ទុកចំនួន៥នាក់ ក្នុងនោះមានពិការភាពចំនួន៣នាក់ ហើយចិញ្ចឹមម្តាយចាស់ជរា និងក្មួយតូចៗចំនួន៤នាក់ សរុបសមាជិកក្នុងគ្រួសារនេះមានចំនួន១១នាក់។ អ្នកដែលប្រកបរបរសម្រាប់ចិញ្ចឹមគ្រួសារនេះមានតែលោកស្រី ចន លំអង ជាជនមានពិការភាពភ្នែក និងកូនប្រុសដែលមានពិការភាពជើងដឹកម្តាយសណ្តោងរ៉ឺម៉ក ដឹកផ្លែឈើលក់បន្តិចបន្ទួចក្នុងពិធីបុណ្យទាននានានៅតាមបណ្តារាជធានី ខេត្ត។ បច្ចុប្បន្ននេះ ម៉ូតូដែលប្រើប្រាស់រាល់ថ្ងៃមានសភាពចាស់ទ្រុឌទ្រោមខូច មិនអាចជួសជុលក្នុងការសណ្តោងរ៉ឺម៉ក​ទៀត​នោះទេ។

ដោយមើលឃើញពីស្ថានភាពលំបាករបស់លោកស្រី កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៤ លោក ចាប តូ អនុរដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានគោរពជម្រាបជូនលោករដ្ឋមន្រ្តី ជា សុមេធី ពីស្ថានភាព និងទុក្ខលំបាកក្នុងជីវភាពប្រចាំថ្ងៃរបស់ក្រុមគ្រួសារខាងលើនេះ។

បន្ទាប់ពីទទួលបានព័ត៌មាននេះ ក្រោមការសណ្តោសប្រណី និងអាណិតអាសូរ លោករដ្ឋមន្រ្តី ជា សុមេធី បានឧបត្ថម្ភម៉ូតូហុងដាឌ្រីមស៊េរីឆ្នាំ២០០៨មួយគ្រឿង តម្លៃ ៦៥០ដុល្លារ ជូនក្រុមគ្រួសារលោកស្រី ចន លំអង ដើម្បីជួយសម្រួលក្នុងការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ។

លោកស្រី ចន លំអង និងគ្រួសារ ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងមានចិត្តរំភើបសប្បាយរីករាយយ៉ាងក្រៃលែងដោយទទួលបានការយកចិត្តទុកដាក់ជួយឧបត្ថម្ភដល់គ្រួសាររបស់លោកស្រីពីលោកជា សុមេធី និងលោកស្រី ជា ផល្គុន។

សូមបញ្ជាក់ផងដែរថា កន្លងមក លោកស្រី ញ៉ែម មរកត និងលោក ចាប តូ ព្រមទាំងក្រុមការងារសមាគមតន្រ្តីសំនៀងជនពិការ តែងតែយកចិត្តទុកដាក់ជួយឧបត្ថម្ភ គាំទ្រ ជាគ្រឿងឧបភោគបរិភោគ និងថវិកាមួយចំនួន ជាមួយនិងសប្បុរសជននានា ជូនដល់ក្រុមគ្រួសារលោកស្រីផងដែរ៕