(ភ្នំពេញ)៖ កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ (ហៅកាត់ថា GMS CBTA) គឺជាគំនិតផ្តួចផ្តើមដ៏សំខាន់មួយរបស់មហាអនុតំបន់មេគង្គ (GMS) ដែលត្រូវបានបង្កើតឡើងក្នុងគោលបំណងដើម្បីកាត់បន្ថយថ្លៃដឹកជញ្ជូនផ្លូវគោកជាអន្តរជាតិ និងជំរុញកិច្ចខិតខំប្រឹងប្រែងរបស់ប្រទេសជាសមាជិក GMS ជាធ្លុងមួយឱ្យអស់ពីលទ្ធភាព ក្នុងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនផ្លូវថ្នល់។

ជាក់ស្តែងក្នុងដំណើរប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោកសាកល្បង ពីទីក្រុងគុនមីង (ប្រទេសចិន) មកកាន់ភ្នំពេញ (ប្រទេសកម្ពុជា) សម្រាប់ការអនុវត្តកិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែននៃមហាអនុតំបន់មេគង្គ ដំណាក់កាលប្រមូលផលដំបូង ដែលបានចាប់ផ្តើមចេញពីទីក្រុងគុនមីង កាលពីថ្ងៃទី២២ ខែមិថុនា និងបានមកដល់ប្រទេសកម្ពុជានាល្ងាចថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយជោគជ័យក្នុងចំងាយប្រមាណជាង ២ ០០០គីឡូម៉ែត្រ។

លើកឡើងនាឱកាសទទួលស្វាគមន៍ប្រតិភូចំនួន ៥៣រូប មកពីខាង ADB, ឡាវ, វៀតណាម, កម្ពុជា, ថៃ និងចិន លើដំណើរប្រតិបត្តិការដឹកជញ្ជូនពីខេត្តគុនមីង មកកាន់កម្ពុជា លោក តូច ចាន់កុសល រដ្ឋលេខាធិការ និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលការដឹកជញ្ជូនឆ្លងកាត់ តំណាងលោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា បានបញ្ជាក់ថា ថ្ងៃនេះជាថ្ងៃដ៏ល្អមួយ ដែលយើងស្វាគមន៍យានយន្តដឹកជញ្ជូនពីប្រទេសចិន មកកាន់រាជធានីភ្នំពេញជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ។

លោក តូច ចាន់កុសល បានបន្ថែមថា GMS CBTA បានបំពេញបន្ថែមទៅឱ្យការអនុវត្តគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ (BRI របស់ចិន) ដើម្បីជាប្រយោជន៍ដល់ប្រទេស GMS ទាំងអស់។ រាជរដ្ឋាភិបាលកម្ពុជា ក៏ទន្ទឹងរង់ចាំរៀបចំដំណើរការរត់សាកល្បងស្រដៀងគ្នានេះ សម្រាប់ប្រតិបត្តិការដឹកជញ្ជូនតាមផ្លូវគោក រវាងប្រទេសកម្ពុជាជាមួយប្រទេសជិតខាងផងដែរ។

លោកស្រី វ៉ាង ស៊ីវឈុន អគ្គនាយករងនិងជាប្រធានប្រតិភូនៃក្រសួងដឹកជញ្ជូនចិន បានឱ្យដឹងដែរថា ពាណិជ្ជកម្មអន្តរជាតិនៅក្នុងមហាអនុតំបន់មេគង្គ គឺបានវិលមករកកម្រិតខ្ពស់ ដូចកាលមុននៃការមកដល់នៃ Covid-19 វិញហើយ នឹងបន្តកើនឡើងយ៉ាងឆាប់រហ័ស ជាមួយនឹងការដឹកជញ្ជូនតាមផ្លូវគោកក្នុងទឹកប្រាក់រាប់សិបពាន់លានដុល្លារអាមេរិក។ ទេសចរណ៍អនុតំបន់ ក៏កំពុងឡើងដល់កម្រិតខ្ពស់ម្តងទៀតផងដែរ។ កម្ពុជាកំពុងវិនិយោគប្រកបដោយភាពឆ្លាតវៃ ទៅលើហេដ្ឋារចនាសម្ព័ន្ធដែលជាតម្រូវការដ៏ចាំបាច់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចរបស់ខ្លួនឱ្យទៅរកភាពជោគជ័យតាមផែនការរបស់ខ្លួន។

លោកស្រី វ៉ាង ស៊ីវឈុន បានបន្ថែមថា មហាអនុតំបន់មេគង្គ គឺជាក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមួយដែលមានសមាជិកចំនួន ០៦ប្រទេស រួមមាន៖ កម្ពុជា, សាធារណរដ្ឋប្រជាមានិតចិន (ខេត្តយូណាន និងតំបន់ស្វយ័តក្វាងស៊ីជុង), ឡាវ , មីយ៉ាន់ម៉ា, ថៃ និងវៀតណាម។ នៅឆ្នាំ១៩៩២ ដោយមានជំនួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រទេស GMS ទាំង៦ បានចាប់ផ្តើមរៀបចំកម្មវិធីនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអនុតំបន់ ដើម្បីបង្កើនទំនាក់ទំនងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា GMS CBTA បានភ្ជាប់ជាមួយនឹងកូតាយានយន្តចំនួន ៥០០គ្រឿង (យានយន្តដឹកទំនិញ និងយានយន្តដឹកអ្នកដំណើរ) សម្រាប់ប្រទេស GMS នីមួយៗ, GMS CBTA អនុញ្ញាតឱ្យប្រតិបត្តិករដឹកជញ្ជូន អាចដឹកជញ្ជូនទំនិញ និងអ្នកដំណើរ ពីផ្ទះមួយទៅដល់ផ្ទះមួយទៀត ឬពីទីក្រុងមួយទៅក្រុងមួយទៀត តាមបណ្តាញផ្លូវតភ្ជាប់ប្រទេស GMS ទាំង៦ (កម្ពុជា ចិន ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម)។

ការប្រើប្រាស់ GMS CBTA អាចជួយឱ្យប្រតិបត្តិករដឹកជញ្ជូន កាត់បន្ថយពេលវេលាដែលត្រូវការសម្រាប់ការជម្រះបែបបទពាក់ព័ន្ធ ឬនីតិវិធីឆ្លងកាត់ព្រំដែនជាអន្តរជាតិ ដោយមិនតម្រូវឱ្យមានការលើកដាក់ទំនិញឡើងវិញ ខណៈអ្នកដំណើរនៅតែអាចអង្គុយលើយានយន្តដឹកអ្នកដំណើរនោះដដែល។ លិខិតអនុញ្ញាតដឹកជញ្ជូនតាមផ្លូវគោករបស់ GMS CBTA គឺមានសុពលភាពក្នុងប្រទេស GMS ទាំង៦ ដូចៗគ្នា។

តាមរយៈការដឹកជញ្ជូនដោយប្រើប្រាស់យន្តការ GMS CBTA នេះ គឺអាចបង្កើននូវការប្រកួតប្រជែងក្នុងអនុតំបន់ GMS ដោយនាំមកនូវផលប្រយោជន៍សេដ្ឋកិច្ចដល់ម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ (ទំនិញ និងមធ្យោបាយដឹកជញ្ជូន)។ បើផ្គួបផ្សំជាមួយនឹងការវិនិយោគលើការដឹកជញ្ជូនតាមផ្លូវអាកាស ផ្លូវសមុទ្រ និងផ្លូវដែក ដែលមានជាអាទិ៍៖ អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញ (នាពេលអនាគត ឆាប់ៗខាងមុខនេះ) និងការតភ្ជាប់ផ្លូវរថភ្លើងល្បឿនលឿនពីគុនមីងទៅបាងកក គឺវាចូលរួមបង្កើននូវសក្តានុពលដល់ការដឹកជញ្ជូនពហុរូបភាព (Multimodal Transport) និងទេសចរណ៍ពហុទិស (Multi-destination Tourism) ដោយនាំមកនូវការដឹកជញ្ជូនតាមផ្លូវគោកក្នុងអនុតំបន់មួយ ដែលរត់ទាន់បរិបទដឹកជញ្ជូនក្នុងសតវត្សទី២១នេះ។

គួរជម្រាបដែរថា បណ្ដាប្រទេសជាសមាជិក GMS បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ (MOU) ស្ដីពីការអនុវត្ត GMS CBTA ក្នុងដំណាក់កាលប្រមូលផលដំបូង (ឬអាចហៅកាត់ថា EH CBTA) ក្នុងឆ្នាំ២០១៦ ដែលបានដាក់ឱ្យដំណើរការកាលពីមុនការរីករាលដាលនៃជំងឺរាតត្បាតសុខភាពសកលកូវីដ-១៩។ បន្ទាប់ពីការបើកដំណើរការឡើងវិញនូវច្រកទ្វារព្រំដែនជាអន្តរជាតិ សម្រាប់ចរាចរណ៍ពាណិជ្ជកម្ម និងរំហូរទេសចរណ៍, រដ្ឋមន្ត្រីដឹកជញ្ជូន GMS ក៏បានជួបប្រជុំគ្នាកាលពីខែធ្នូ ឆ្នាំ២០២៣ និងបានឯកភាពគ្នា បើកដំណើរការឡើងវិញនូវប្រតិបត្តិការដឹកជញ្ជូន CBTA នេះផងដែរ៕