(ភ្នំពេញ)៖ លោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានដឹកនាំគណប្រតិភូក្រសួង អញ្ជើញចូលរួមសន្និបាតពិភពលោកលើកទី២ ស្ដីពី «សម្ព័ន្ធភាពពិភពលោក ដើម្បីសន្តិភាព និងសាសនា» នៅសាធារណៈរដ្ឋកូរ៉េ ដែលរៀបចំដោយ អង្គការ Heavenly Culture, World Peace and Restoration of Light - HWPL ហើយមានរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ប្រតិភូដែលបានចូលរួមមាន៖ លោករដ្ឋមន្ដ្រីក្រសួងយុត្តិធម៌, លោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្តីក្រសួងកិច្ចការនារី, លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងសម្តេចសង្ឃ ទេព វង្ស។
ក្នុងអង្គសន្និបាតនេះ ផងដែរក៏មានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តី ប្រមុខការទូត ប្រធានសភា និងអ្នកនយោបាយ ២០រូប មកពីបណ្តា ប្រទេសផ្សេងៗគ្នា ដោយបានធ្វើចំណាប់អារម្មណ៍គាំទ្រ សេចក្តីថ្លែងការណ៍ស្តីពី «សន្តិភាព និងការបញ្ចប់សង្រ្គាម» ដែលរៀបចំតាក់តែងឡើងដោយ គណៈកម្មការច្បាប់អន្តរជាតិ នៃអង្គសន្និបាត ព្រមទាំងបង្ហាញនូវយន្តការច្បាប់ និងយន្តការថ្នាក់ជាតិរបស់កម្ពុជាមួយចំនួន ក្នុងការអនុវត្តសេចក្តីថ្លែងការណ៍នោះ ក្នុងគោលដៅស្វែងរកសន្តិភាព និងបញ្ចប់នូវសង្រ្គាម ក្នុងប្រទេស ក្នុងតំបន់ ក៏ដូចជាលើសាកលលោក។
សូមបញ្ជាក់ថា នៅក្នុងកម្មវិធីនោះលោក អង្គ វង្សវឌ្ឍានា រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ ក៏បានជួបសំណេះសំណាលសម្ដែងការគួរសមជាមួយ លោក Man Hee Lee ប្រធានអង្គការ HWPL ហើយលោករដ្ឋមន្រ្តីក្រសួងយុត្តិធម៌ ក៏បានឯកភាពទទួលយកផងដែរ នូវសំណើររបស់លោកប្រធាន Man Hee Lee ធ្វើជាទីប្រឹក្សាសន្តិភាព ពិភពលោករបស់អង្គការ HWPL-World Peace Advisory Board Member of HWPL៕