(ភ្នំពេញ)៖ សម្តេចធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្រ្តីនៃកម្ពុជា បានសម្តែងការត្រេកអរចំពោះរបាយការណ៍វិទ្យាស្ថានមួយរបស់អូស្រ្តាលី ដែលថា «កម្ពុជាមានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់» ជាភាពជោគជ័យនៃការដើរទាក់ម៉ូយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នៅក្នុងឱកាសដែលសម្តេចញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្តេចបានបញ្ជាក់ដូច្នេះថា៖ « វិទ្យាស្ថានអូស្រ្តាលីមួយ ទើបនឹងចេញរបាយការណ៍... គេមើលពីអំណាចនៃភាពទាក់ទាញរបស់កម្ពុជា ប្រៀបធៀបនឹងឆ្នាំ២០២២ អញ្ចឹងក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកប៉ុន្មាននេះ កម្ពុជាបូក០៧(ដង) បានន័យថា កំណើនសក្តានុពល នៃការទាក់ទាញវិស័យឯកជន លឿនជាងគេនៅក្នុងតំបន់នេះ នេះជាភាពជោគជ័យរបស់យើង»

សម្តេចបានបន្តថា វិទ្យាស្ថាននេះ បានធ្វើការស្ទង់មតិចំពោះអ្នកវិនិយោគនៅបរទេស ដែលនេះជាមោទនភាពរបស់ជាតិកម្ពុជា។ ការព្យាករណ៍ និងអនាគតកម្ពុជាដែលយើងបានព្យាករណ៍គឺត្រឹមត្រូវ ដែលនេះមិនមែនតែរដ្ឋយើងទេ គឺជាបរទេសអ្នកព្យាករណ៍។

សម្តេចបានបន្ថែមថា វិនិយោគ គេតែងតែមើលនូវទស្សនៈផ្សេងៗ ។ ប្រទេសមួយចំនួនបានធ្លាក់ចុះ ប៉ុន្តែកម្ពុជាស្ថិតនៅខ្ពស់ជាងគេ។ សម្តេចចាត់ទុកថា នេះជាលទ្ធផលផ្លែផ្កាដែលសម្តេច រួមជាមួយមន្រ្តីរាជរដ្ឋាភិបាល បានដើរទាក់ម៉ូយកន្លងទៅ ដែលសម្តេចធ្លាប់បានលើកឡើងថា «ចាបមួយក្នុងដៃប្រសើរជាងចាប១០០ ដែលហើរលើមេឃ»។ សម្តេចចាត់ទុកថា ការវាយតម្លៃជាវិជ្ជមាននេះនឹងធ្វើឱ្យវិនិយោគិនបរទេស កាន់តែមកកម្ពុជាច្រើនថែមទៀត៕