(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកទឹកចិត្តឱ្យមានការរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មឬជំនួបធុរកិច្ចនៅក្រៅប្រទេសឱ្យបានច្រើន ដើម្បីឱ្យវិស័យឯកជនកម្ពុជានិងវិស័យឯកជនក្រៅប្រទេស បានជួបទំនាក់ទំនង និងជជែកគ្នាពីបរិយាកាសវិនិយោគដោយផ្ទាល់ សំដៅឈានទៅទាក់ទាញវិនិយោគិនទាំងនោះ មកបណ្តាក់ទុនវិនិយោគនៅកម្ពុជា។
ការថ្លែងរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។
សម្តេចធិបតីមានប្រសាសន៍ថា កន្លងមករាល់ពេលសម្តេចបានធ្វើដំណើរទៅក្រៅប្រទេសតែងតែរៀបចំវេទិកា ដើម្បីជួបសំណេះសំណាលនិងបើកកម្មវិធី។ យ៉ាងណាមិញក្រោយបញ្ចប់ការបើកវេទិកានេះ សម្តេចចង់ឱ្យរៀបចំវេទិកាផ្គូរផ្គងពាណិជ្ជកម្មឱ្យបានច្រើន ដើម្បីអ្នកធុរកិច្ចគាត់ជួបគ្នា ព្រោះភាគច្រើនឱកាសនោះហើយដែលវិស័យឯកជនកម្ពុជា និងវិស័យឯកជនក្រៅប្រទេសបានជួបពិភាក្សាគ្នា សិក្សាពីឱកាសធ្វើពាណិជ្ជកម្មជាមួយគ្នាទៅវិញទៅមក។
សម្តេចបានថ្លែងបន្តយ៉ាងដូច្នេះថា «នេះហើយជាការងារដែលវិស័យឯកជនសូមចូលរួមដើរតួជាមួយគ្នា ព្រោះខ្ញុំបានតែបើកវេទិកាទេ ខ្ញុំអត់អាចដើរទៅជួប១០០ ឬ២០០ក្រុមហ៊ុនបរទេសដែលគេមកទេ ឯកឧត្តម ស៊ុន ចាន់ថុន អ្នកឧកញ៉ាគិត ម៉េង ក៏គាត់អត់មានពេលជួបដែរ គឺមានតែវិស័យឯកជនដែលគាត់ទៅអម កន្លែងយើងមានច្រើនក្រុមហ៊ុនទៅ ចប់ពីហ្នឹងយើងដាក់តុទៅ វិស័យឯកជនខាងកសិកម្ម ខាងអីទៅអង្គុយកន្លែងហ្នឹងដែលវិស័យឯកជនខាងបារាំង អាមេរិក ឬអី គេមកជួបគ្នាកន្លែងហ្នឹង ហ្នឹងហើយគឺជាកិច្ចការដែលត្រូវភ្ជាប់ទំនាក់ទំនង។ បានន័យថា ភ្ជាប់និស្ស័យវស័យឯកជន និងឯកជន។»
សម្តេចបានឱ្យដឹងផងដែរថា ជាក់ស្តែងក្នុងជំនួបសម្តេចជាមួយរដ្ឋមន្រ្តីកាបរទេសថៃ កាលពីព្រឹកមិញនេះ ភាគីថៃក៏ជំរុញឱ្យមានការរៀបចំនូវវេទិកានេះឱ្យបានច្រើនផងដែរ ដើម្បីជំរុញឱ្យវិស័យឯកជននៃប្រទេសទាំងពីរជួបគ្នាឱ្យបានច្រើន។
ទន្ទឹមគ្នានេះ សម្តេចបាន ថ្លែងអរគុណដល់វិស័យឯកជនកម្ពុជា ដែលតែងតែរួមគ្នា ក្នុងការអនុវត្តកិច្ចការដ៏សំខាន់នេះ។ ជាមួយគ្នាសម្តេចធិបតី ថែមទាំងអំពាវនាវឱ្យវិស័យឯកជនពង្រឹងខ្លួនឯង ដើម្បីជំរុញឱ្យអាជីវកម្មពង្រីកកាន់តែធំ មានលំនឹង ទើបធ្វើឱ្យវិស័យឯកជន និងសេដ្ឋកិច្ចរឹងមាំ អាចទាក់ទាញវិនិយោគិនពីក្រៅប្រទេសមកបាន។
សម្តេចបានលើកទឹកចិត្តឱ្យមានការចងក្រងគ្នាជាសមាគម ដើម្បីជួយគ្នាទៅវិញទៅមក ដែលជាកិច្ចការសំខាន់ ព្រោះកុំភ្លេចថា យើងមិនមែនប្រកួតប្រជែងជាមួយគ្នាឯងនោះទេ ប៉ុន្តែកម្ពុជា ត្រូវប្រកួតប្រជែងជាមួយពិភពលោក ហេតុនេះហើយត្រូវរួមកម្លាំងគ្នា ដើម្បីឱ្យផលិតផលខ្មែរ វិស័យឯកជនកម្ពុជា មានភាពរឹងមាំ និងរួមគ្នាប្រកួតជាមួយប្រទេសដែលនាំចេញផលិតផលដូចគ្នា រួមគ្នាបង្កើតបរិយាសធុរកិច្ចមួយ ដើម្បីរួមគ្នាទាញវិនិយោគមកកម្ពុជា៕