(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានគូសបញ្ជាក់ថា គ្លីនិកឯកជន បានជួយសម្រួលដល់មន្ទីរពេទ្យរដ្ឋ បើចាំតែមន្ទីរពេទ្យរដ្ឋ ម្ល៉េះមិនមានកន្លែងគ្រប់គ្រាន់ សម្រាប់សម្រាកព្យាបាលឡើយ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីភាព ក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរ ទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ២៧ មិថុនា ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ។

ពិធីនេះ ត្រូវបានរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ ដែលមានការចូលរួមពីបណ្តាសហគ្រាសធុនមីក្រូ តូច និងមធ្យម ទូទាំង២៥ រាជធានី-ខេត្ត រួមទាំងភ្ញៀវជាតិ អន្តរជាតិ សរុបប្រមាណ៥ពាន់នាក់ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «វិស័យសុខាភិបាល បើសិនជាយើង ពឹងតែពេទ្យរដ្ឋទៅអត់រួចទេ សូម្បីតែពេទ្យកាល់ម៉ែត្រ ធ្វើ៨ជាន់ បើសិនជាយកអ្នកជំងឺទាំងអស់ ចូលទៅក្នុងនោះ ប្រហែលជាអត់មាន សូម្បីតែនៅកន្លែងស្នាក់នៅ ពេលសម្រាកខ្លះ អត់មានបន្ទប់គ្រប់ផង»

ទន្ទឹមគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា កម្ពុជាមានគ្លីនិកឯកជន មានប៉ុស្ដិ៍ពិគ្រោះយោបល់ ហើយនៅតាមខេត្តដូចគ្នា ដែលនេះហើយ ដែលអាចឆ្លើយតបទៅនឹងតម្រូវការ របស់ប្រជាពលរដ្ឋ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានអះអាងថា វិស័យឯកជន ដើរតួនាទីបំពេញឲ្យរដ្ឋ។ សម្ដេចធិបតី បានថ្លែងថា ការអភិវឌ្ឍប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ មិនអាចពឹងផ្អែក តែរដ្ឋបាននោះទេ ពោលត្រូវការចូលរួម ពីវិស័យឯកជន៕