(ភ្នំពេញ)៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអះអាងថា រយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។

សម្ដេចថ្លែងបែបនេះធ្វើឡើងក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ក្នុងឱកាសអបអរសាទរទិវាជាតិសហគ្រាសធុនមីក្រូ តូច និងមធ្យមលើកទី១ ដែលរៀបចំដោយសមាគមមូលនិធិសម្ដេចតេជោ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតីបានលើកឡើងថា នៅអាណត្តិមុនៗ រាជរដ្ឋាភិបាលបានធ្វើកិច្ចការច្រើនណាស់ក្នុងដាក់ចេញការអនុគ្រោះ ការលើកទឹកចិត្តដល់វិស័យឯកជន។ ចំណែករយៈពេល១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មីធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់ ទោះបីថាសេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាលដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា។

សម្ដេចធិបតីបានលើកឡើងពីអ្វីដែលរាជរដ្ឋាភិបាលនីតិកាលទី៧បានធ្វើក្នុងពេល១០ខែនេះ (ដោយសង្ខេប)​ ទី១.ការធានាធំមួយរបស់រាជរដ្ឋាភិបាល គឺការធានានូវសន្តិភាព ស្ថិរភាពសង្គម ដែលត្រូវការពារឱ្យបានដាច់ខាត ទោះក្នុងតម្លៃណាក៏ដោយ, ដើម្បីធានាសិទ្ធិ និងសេរីភាពរបស់វិស័យឯកជន រាជរដ្ឋាភិបាលបានតួនាទីក្នុងការបង្កើតការងារ ជួយជំរុញជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។

សម្ដេចធិបតីបានបន្តថា ទី២. រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច ទប់ស្កាត់អតិផរណា រាជរដ្ឋាភិបាលកម្ពុជាបានប្រឹងទប់ស្កាត់តម្លៃប្រេង តម្លៃអគ្គិសនី ខណៈប្រទេសខ្លះឡើងថ្លៃ១ជា៣ ឬ១ជា៤ ដោយសារតែវិបត្តិសង្គ្រាមរុស្ស៉ី-អ៊ុយក្រែន, រដ្ឋាភិបាលក៏បានប្រឹងប្រែងផលិតថាមពលកកើតឡើងវិញ ដូចជាថាមពលសូឡាជាដើម ដើម្បីទប់លំនឹងថាមពលនិងតម្លៃប្រើប្រាស់។ សម្ដេចក៏ទទួលស្គាល់ដែរថា រយៈពេល១០ខែនៃឆ្នាំ២០២៤ គឺជារយៈពេលដែលលំបាក​ ប្រឈមនឹងវិបត្តិសេដ្ឋកិច្ចពិភពលោក។ ទោះបីសេដ្ឋកិច្ចជាតិងើបឡើងវិញ តែបើប្រៀបធៀបនឹងពេលមុនកូវីដ គឺមិនទាន់ស្មើនឹងពេលនោះទេ។ ប្រសិនបើកម្ពុជាគ្មានគោលនយោបាយត្រឹមត្រូវទេ នឹងបាត់បង់លំនឹងម៉ាក្រូសេដ្ឋកិច្ច។

សម្ដេចបានបន្តទៀតថា ទី៣. ការធានាដល់សេដ្ឋកិច្ចទីផ្សារ ការដាក់ចេញនូវគោលនយោបាយសេដ្ឋកិច្ចផ្សេងៗ ការគាំទ្រប្រព័ន្ធសេដ្ឋកិច្ចទីផ្សារបានធានាដល់ក្របខណ្ឌគតិយុត្ត។ រាជរដ្ឋាភិបាលនៅតែបន្តលើការវិនិយោគលើធនធានមនុស្ស វិនិយោគលើហេដ្ឋារចនាសម្ពន្ធ អភិវឌ្ឍកំពង់ផែ ព្រលានយន្តហោះ ប្រព័ន្ធប្រឡាយ ព្រែកជីកហ្វ៊ូណនតេជោ រៀបចំនិងកែសម្រួលប្រព័ន្ធឡូជីស្ទីក ប្រព័ន្ធដឹកជញ្ជូន ចរចារៀបចំការដឹកជញ្ជូនផ្លូវដែក ការធ្វើផ្លូវនៅតាមបណ្ដារាជធានី-ខេត្ត ការខិតខំស្ដារវិស័យទេសចរណ៍ ពោលគឺក្នុងរយៈណេល១០ខែនេះមិនបានផ្អាកឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការតភ្ជាប់ជើងហោះហើរត្រង់ជាមួយឥណ្ឌា ដើម្បីទាក់ទាញភ្ញៀវទេសចរមកលេងកម្ពុជា។ ថ្ងៃនេះដែរ សម្ដេចធិបតីក៏បានពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេសថៃ ដើម្បីភ្ជាប់ទំនាក់ទំនងលើវិស័យទេសចរណ៍ឱ្យកាន់តែល្អប្រសើរ៕