(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងថា រាជរដ្ឋាភិបាលកម្ពុជា ត្រូវតែបន្ដធានាដល់ស្ថិរភាព ដើម្បីបន្ដអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ និងកុំឲ្យវិស័យឯកជនមានការព្រួយបារម្ភ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត អះអាងបែបនេះ ក្នុងឱកាសអញ្ជើញជាអធិបតីជួបសំណេះសំណាល និងពិសាភោជនាហារសាមគ្គីមហាគ្រួសារ សហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ នារសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា នៅកម្ពុជាមានសហគ្រាសធុនមីក្រូ តូច និងមធ្យមមានជាង ៧៥០,០០០មូលដ្ឋាន។ សម្តេចធិបតី បានបន្តថា រយៈពេល ១០ខែនេះ រាជរដ្ឋាភិបាលនីតិកាលថ្មី គឺធានាបាននូវម៉ាក្រូសេដ្ឋកិច្ច ខណៈដែលពិភពលោកស្ថិតក្នុងភាពមិនច្បាស់លាស់។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់យ៉ាងដូច្នេះថា «អ្វីដែលយើងត្រូវធ្វើ គឺវិស័យឯកជនខ្លាចបំផុតស្ថិរភាពបាត់បង ទាំងវិនិយោគិនមកវិនិយោគក្នុងស្រុកខ្មែរទាំងវិនិយោគិនក្នុងស្រុក។ បើត្រូវការអភិវឌ្ឍដាក់លុយបន្ថែម វិនិយោគលើការពង្រីកសាខា ហាងគុយទាវមួយ ថ្ងៃក្រោយត្រូវគិតថា ស្ថិរភាពមាន ឬបាត់។ បើដាក់ទៅបាត់ស្ថិរភាព អត់ដាក់ទេ។ អីចឹង ការធានាធំមួយរបស់រាជរដ្ឋាភិបាល សម្រាប់វិស័យឯកជន គឺការធានសុខសន្តិភាព សន្តិសុខ និងស្ថិរភាពសង្គម ដែលត្រូវការពារឲ្យបានដាច់ខាត នៅក្នុងតម្លៃណាក៏ដោយ ដែលយើងតែងតែនិយាយ។ នេះជាការចាំបាច់»

សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏ទទួលស្គាល់ថា សេដ្ឋកិច្ចកម្ពុជាមិនទាន់ដំណើរការល្អដូចមុនដំណាក់កាលកូវីដ ប៉ុន្ដែរាជរដ្ឋាភិបាល ដាក់ចេញវិធានការបន្ដបន្ទាប់ដើម្បីដោះស្រាយបញ្ហានានា ហើយសម្ដេចធិបតី នៅតែបន្ដលើកទឹកចិត្ត និងផ្ដល់ការគាំទ្រដល់វិស័យឯកជន តែផ្ដាំវិស័យឯកជន កុំរក្សាផ្នត់គំនិតថារដ្ឋផ្ដល់ការអនុគ្រោះរហូតនោះ។

ជាមួយគ្នានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា វិទ្យាស្ថានមួយរបស់អូស្ដ្រាលី បានព្យាករណ៍ថា កម្ពុជាមានភាពវិជ្ជមានច្រើនជាងបណ្ដាប្រទេសនានាក្នុងតំបន់៕