(សៀមរាប)៖ ម្ចាស់ដី៧៥២២ក្បាលដី បានសម្ដែងនូវក្ដីរីករាយ និងថ្លែងអំណរគុណដល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំពាក់ព័ន្ធផ្សេងទៀត ដែលប្រគល់ប័ណ្ណក្បាលដីកម្មសិទ្ធិ ស្របច្បាប់ជូនពួកគាត់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៦នេះ​ ដែលមកពី១១ភូមិ ក្នុងសង្កាត់ជ្រាវ និងសង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។

​ប្រជាពលរដ្ឋបានថ្លែងយ៉ាងដូច្នេះថា «ពួកខ្ញុំសូមថ្លែងអំណរគុណ ចំពោះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប លោក ឃឹម ប៊ុនសុង អភិបាលខេត្តសៀមរាប លោក នូ ផល្លា ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប និងសុរិយាលដីខេត្ត ទាំងអស់ដែលបានជួយក្នុងការធ្វើប័ណ្ណកម្មសិទ្ធិដីធ្លី ស្របច្បាប់ជូនពលរដ្ឋក្នុងខេត្តសៀមរាប បានជោគជ័យ»។​

ពលរដ្ឋ ក៏បានឲ្យដឹងផងដែរថា «ពួក​ខ្ញុំមានអារម្មណ៍ សប្បាយរីករាយខ្លាំងណាស់ ​ដែលបានឧបនាយករដ្ឋមន្ដ្រី ទៀ បាញ់ យកប័ណ្ណកម្មសិទ្ធិក្បាលដី ស្របច្បាប់ជូនពួកខ្ញុំ ហើយឱកាសនេះពួកខ្ញុំរង់ចាំជាង៨ឆ្នាំមកហើយ ព្រោះមានសារៈសំខាន់ខ្លាំងណាស់»។ ពលរដ្ឋបន្ដថា «យើងខ្ញុំសូមថ្លែងអំណរគុណ ចំពោះការដឹកនាំរបស់សម្ដេចតេជោ ដែលបានបង្កើតវិញ្ញាបណ្ណបត្រសម្គាល់ក្បាលនេះ ជូនពលរដ្ឋដើម្បីជៀសវាង ការឈ្លោះទាស់ប្រកែកគ្នា និងដើម្បីឲ្យមានសន្ដិភាព ព្រមទាំងឲ្យប្រជាជនមានសិទ្ធិចាត់ចែង គ្រប់គ្រង ប្រើប្រាស់ លើដីធ្លីរបស់ខ្លួន»។​

សូមជំរាបថា នៅព្រឹកថ្ងៃ​ទី១៨ ខែកញ្ញានេះ នាយឧត្តមសេនីយ៍ ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងារថ្នាក់ជាតិ ចុះមូលដ្ឋានខេត្តសៀមរាប បានប្រគល់ប័ណ្ណក្បាលដីកម្មសិទ្ធស្របច្បាប់ជូនប្រជាពលរដ្ឋ ៧៥២២ក្បាលដី មកពី ១១ភូមិ ក្នុង សង្កាត់ជ្រាវ និងសង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប។ ពិធីនេះដោយមានវត្តមានចូលរួមពី សមាជិកព្រឹទ្ធសភា អ្នកតំណាងរាស្ត្រ ប្រធាន-សមាជិកក្រុមប្រឹក្សាខេត្ត អភិបាល-អភិបាលរងខេត្ត អាជ្ញាធរដែនដី មន្ទីរ អង្គភាពជំនាញ និងអ្នកពាក់ព័ន្ធ រួមនិងប្រពលរដ្ឋប្រមាណជា១ពាន់នាក់ ។

នាយឧត្តមសេនីយ៍ ទៀ បាញ់ បានថ្លែងថា ចំពោះការយឺតយ៉ាវក្នុងដំណើរការ ប្រគល់ប័ណ្ណកម្មសិទ្ធិនាពេលកន្លងមកនេះ ព្រោះកិច្ចការរៀបចំដែនដី នគរូបនីយកម្ម សំណង និងសុរិយោដីនេះ គឺត្រូវធ្វើកិច្ចការប្រកបដោយជំនាញ និងភាពប្រយ័ត្នប្រយែងខ្ពស់បំផុត ពិសេសបំផុតនោះ នៅខេត្តសៀមរាប រួមទាំងក្រុងសៀមរាប គឺជាតំបន់បុរាណស្ថាន និងប្រាង្គប្រាសាទដែលជាកេរ្តិ៍ដំណែល ដ៏មហាសាលរបស់ដូនតាខ្មែរ ដែលយើងទាំងអស់គ្នាត្រូវការពារ និងអភិរក្សក្នុងកម្រិតខ្ពស់ តាមផ្លូវច្បាប់ផងដែរ។

បើតាមរបាយការណ៍ របស់មន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង និងសុរិយោដី ខេត្តសៀមរាប បានឲ្យដឹងថា ចំពោះក្បាលដីស្ថិតនៅក្នុងភូមិចំនួន ៤សង្កាត់ជ្រាវ មានចំនួនសរុប ៤៦៤២ក្បាលដីបានបិទផ្សាយចប់។ កន្លងទៅគណៈកម្មការរដ្ឋបាលបានប្រជុំ ជាមួយអាជ្ញាធរមូលដ្ឋាន និងមន្ទីរជំនាញ អង្គភាពពាក់ព័ន្ធត្រូវដោះស្រាយ ហើយពេលនេះ ប្រជាពលរដ្ឋត្រូវបាន ទទួលប័ណ្ណកម្មសិទ្ធិស្របច្បាប់ ចំនួន ៣.៨៧៩ក្បាលដី មកពី ៤ភូមិ ពីសង្កាត់ជ្រាវ និងសង្កាត់ស្វាយដង្គំ ថ្ងៃនេះត្រូវបានទទួល ៣.៦៤៣ក្បាលដី មកពី៧ភូមិផងដែរ៕