(ពោធិ៍សាត់)៖ គម្រោងពហុកីឡដ្ឋានស្តង់ដារអន្តរជាតិ ដែលមានតម្លៃខ្ទង់លានដុល្លារ ពោលគឺ «ពហុកីឡដ្ឋានសម្តេចតេជោក្រគរ» គ្រោងបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី០១ ខែកក្ដដា ឆ្នាំ២០២៤ឆាប់ៗខាងមុខនេះ នៅបរិវេណទីលានវាលសម្តេចយស លើផ្ទៃដីប្រមាណ២៥ហិកតា ស្ថិតក្នុងភូមិវាលវង់ ឃុំស្នាអន្សា ស្រុកក្រគរ ខេត្តពោធិ៍សាត់។

ពិធីបើកការដ្ឋានសាងសង់ពហុកីឡដ្ឋាននេះដែរ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព លោក កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តពោធិ៍សាត់។

គម្រោងនេះ ឈានដំណើរការទៅបាន គឺដើម្បីឆ្លើយតបទៅនឹងភាពរីកចម្រើន នៃវិស័យកីឡានៅកម្ពុជា និងបន្សល់ទុកជាកេរ្តិ៍មរតកសម្រាប់ខេត្ត ពិសេសទាក់ទាញការវិនិយោគមកពីគ្រប់មជ្ឈដ្ឋាន តាមរយៈផ្តល់ទីកន្លែងហាត់ប្រាណស្តង់ដារអន្តរជាតិ ដល់វិនិយោគិន ក៏ដូចជាកម្មករ និយោជិត ពីព្រោះទីតាំងនេះនៅក្បែងនឹងតំបន់សេដ្ឋកិច្ចពិសេសក្រគរ ដែលរួមមានរោងចក្រ​ និងសហគ្រាសធំៗជាច្រើនផងដែរ។

ពហុកីឡដ្ឋាននេះ រួមមានទីលានបាល់ទាត់ខ្នាតអន្តរជាតិ ទីលានមហោស្រព ទីលានបាល់ទះ ទីលានបាល់បោះ ទីលានរត់ប្រណាំង ទីលានវាយសី កន្លែងអង្គុយទស្សនា កន្លែងហាត់ប្រាណ ប្រព័ន្ធផ្លូវខ្វាត់ខ្វែង វាលស្មៅ កន្លែងក្មេងលេង កន្លែងអង្គុយលេង ស្រះទឹក និងកន្លែងចតរថយន្ត...។ល៕